* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារ ជាមួយទូតឡាវថ្មីប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន

08-06-2026 17:59

(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្មី ប្រចាំកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ជាកិច្ចចាប់ផ្តើម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះ លោក Sonexay Vannaxay ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា និងបានគូសរំលេចអំពីប្រវត្តិនៃចំណងមិត្តភាពដ៏យូរលុងជាង១ពាន់ឆ្នាំរវាងកម្ពុជា-ឡាវ ដែលជាប្រទេសភូមិផងជាប់របងជាមួយគ្នា ហើយដែលតែងតែផ្តល់ការគាំទ្រគ្នា និងសហការគ្នាលើគ្រប់វិស័យទៅវិញទៅមកដូចបងប្អូន។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ទំនាក់ទំនងដ៏រឹងមាំនេះ បានមកពីការពូនជ្រំនិងថែរក្សាយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពីមួយជំនាន់ទៅមួយជំនាន់ ចាប់តាំងពីជំនាន់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងលោកបណ្ឌិត Thongloun Sisoulith អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រហូតមកដល់ជំនាន់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Sonexay Siphandone នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

លោក Sonexay Vannaxay បានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ដូចជាផ្លូវ និងអាកាសយានដ្ឋានជាដើម ក៏ដូចជាសក្តានុពលរបស់កម្ពុជាក្នុងវិស័យកសិកម្ម និងមានគោលដៅទេសចរណ៍ដ៏គួរឱ្យទាក់ទាញច្រើនកន្លែង តាមរយៈការធ្វើដំណើររបស់ឯកអគ្គរដ្ឋទូតផ្ទាល់ ទៅកាន់បណ្តាខេត្តនានារបស់កម្ពុជានាពេលថ្មីៗនេះ។

ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនិងមន្រ្តីឡាវ មកដកស្រង់បទពិសោធលើការអនុវត្តកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS និងលើផ្នែកឌីជីថលប្រកបដោយជោគជ័យ ហើយក៏ បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស។

លោកឯកអគ្គរដ្ឋទូត បានបន្តប្តេជ្ញាថា នឹងជំរុញឱ្យប្រជាជនឡាវ មកទស្សនាកម្ពុជាឱ្យបានច្រើន ពិសេសខេត្តសៀមរាប តាមច្រកផ្លូវគោកដោយរថយន្ត នៅក្នុងអាណត្តិការងារការទូតរបស់លោក។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាព និងសក្តានុពលជាច្រើន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសជាមួយបណ្តាប្រទេសដៃគូ ដូចជាប្រទេសចិន ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ឱ្យកាន់តែរីកចម្រើនថែមទៀត។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់លើការពង្រឹងការតភ្ជាប់ក្នុងអនុតំបន់មេគង្គ ជាពិសេសការតភ្ជាប់រវាង ចិន-ឡាវ-កម្ពុជា តាមរយៈហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ហើយកម្ពុជា និងឡាវ គួរបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីទាញយកប្រយោជន៍ពីទីតាំងភូមិសាស្ត្រ និងសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ស្របតាមនិន្នាការនៃការអភិវឌ្ឍក្នុងតំបន់។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ការប្រើប្រាស់កំពង់ផែសមុទ្រកម្ពុជា ជាច្រកនាំចេញរបស់ឡាវទៅកាន់ទីផ្សារអន្តរជាតិ ពិសេសការប្រើប្រាស់ ព្រែកជីកហ្វូណនតេជោតែម្តង។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាពិសេសការផ្គត់ផ្គង់អគ្គិសនីពីប្រទេសឡាវមកកម្ពុជា ព្រមទាំងបានលើកឡើង អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ ក្នុងការសម្របសម្រួលការដឹកជញ្ជូនផលិតផលកសិកម្មរបស់កម្ពុជា ឆ្លងកាត់ប្រទេសឡាវ ទៅកាន់ទីផ្សារប្រទេសចិន ដែលនឹងជួយបង្កើនឱកាសទីផ្សារ និងកាត់បន្ថយការចំណាយលើការដឹកជញ្ជូន។

មុននឹងបញ្ចប់ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងលទ្ធភាព នៃការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តកំពង់ធំរបស់កម្ពុជា ជាមួយនឹងខេត្តចំប៉ាសាក់របស់ឡាវ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជូនពរលោក Sonexay Vannaxay ឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំនិងមានផ្លែផ្កាបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរជាបងប្អូន៕