រដ្ឋមន្ត្រីក្រសួងបរិស្ថាន ណែនាំប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បញ្ជូនសំណុំរឿងមន្ត្រីយកលុយពីរោងចក្រ ទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ
08-06-2026 18:02
(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំទៅប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ឱ្យបញ្ជូនសំណុំរឿងមន្ត្រីយកលុយពីរោងចក្រ ទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីរកការពិតលើរឿងនេះ។
កាលពីខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ មានការបែកធ្លាយសំឡេងរដ្ឋបាលរោងចក្រកែច្នៃដំណាប់ស្វាយមួយនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយអះអាងថា មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានទារលុយរបស់ខ្លួនចំនួន ១៥០០ដុល្លារ ជាថ្នូរនឹងការមិនធ្វើរបាយការណ៍វាយតម្លៃមិនល្អលើការងារ គ្រប់គ្រងកាក សំណល់រាវក្នុងរោងចក្រ។ ប៉ុន្តែក្រោយមានការចរចា បានព្រមព្រៀងគ្នាត្រឹម ៦០០ដុល្លារ។ តែមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានច្រានចោលនូវការចោទប្រកាន់នេះ។
ក្រោយបែកធ្លាយសំឡេងនោះ ក្រសួងបរិស្ថាន ក៏បានបើកការស៊ើបអង្កេតលើរឿងនេះ។ យោងតាមលិខិតរបស់លោក អ៊ាង សុផល្លែត ផ្ញើទៅប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា តាមការស៊ើបអង្កេតស្រាវជ្រាវ និងការប្រមូលព័ត៌មានព្រមទាំងការពិនិត្យឯកសារនិងភស្តុតាងពាក់ព័ន្ធដោយក្រុមការងារអធិការកិច្ច បានរកឃើញថាករណីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទាំង២រូប៖ ១) លោក ឈុន ឈៀងហេង ប្រធានការិយាល័យគាំពារបរិស្ថាននិង២) លោល ជួប ពន្លឺ មន្ត្រីជាប់កិច្ចសន្យាដែលត្រូវបានសារព័ត៌មានផ្សព្វផ្សាយថា បានទារប្រាក់ពីក្រុមហ៊ុន HONG CHENG FANG DIRED MANGO PROCESSING FACTORY CO.,LTD. នោះ គឺពុំមានភស្តុតាងជាក់ស្តែងគ្រប់គ្រាន់ និងគួរឱ្យជឿទុកចិត្តណាមួយសម្រាប់បញ្ជាក់ថា បានកើតមានឡើង ពិតប្រាកដដូចការចោទប្រកាន់នោះឡើយ។
ក្នុងលិខិតបន្តថា ការពិនិត្យលើប្រភពព័ត៌មានសក្ខីកម្មឯកសារពាក់ព័ន្ធ និងទិន្នន័យដែលប្រមូលបាន មិនបានបង្ហាញពីអង្គហេតុឬមូលដ្ឋានច្បាស់លាស់ ដែលអាចគាំទ្រដល់ការចោទប្រកាន់ក្នុងករណីនេះបានទេ។
ដើម្បីរកការពិត និងភាពយុត្តិធម៌ដល់មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទាំង២រូបខាងលើ លោលរដ្ឋមន្ត្រី បានស្នើលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បន្តអនុវត្តតាមនីតិវិធីច្បាប់ទី១) ពិនិត្យកសាងសំណុំរឿងទៅតុលាការករណីបរិហារកេរ្តិ៍ ឬស្រាវជ្រាវករណីចោទប្រកាន់មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទាំង២រូប។
ទី២) ពិនិត្យដាក់សំណុំរឿងពាក់ព័ន្ធនឹងការទទួលប្រាក់ ឬទារប្រាក់ពីក្រុមហ៊ុនខាងលើទៅអង្គភាពប្រឆាំងអំពើពុករលួយ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបញ្ជូនសំណុំរឿងទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីការស្រាវជ្រាវ និងស៊ើបអង្កេតបន្តរកការពិតលើសំណុំរឿងខាងលើ។ លោករដ្ឋមន្ត្រីបន្ថែមថា ការធ្វើបែបនេះ ដើម្បីរកយុត្តិធម៌ និងភាពស្អាតស្អំជូនមន្ត្រីក្នុងករណីមិនបានប្រព្រឹត្ត។ តែបើប្រព្រឹត្តដូចសំឡេងបែកធ្លាយនោះ ត្រូវទទួលទោសទៅតាមច្បាប់ជាធរមាន៕









