ឧកញ៉ា Sophea Bottcher ចុះឈ្វេងយល់ និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅសាលាគុនល្បុក្កតោដំបងដែក ក្នុងខេត្តកំពង់ឆ្នាំង

08-06-2026 18:06

(កំពង់ឆ្នាំង)៖ លោក សែម ផល្លា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមសហគមន៍ទេសចរណ៍រាជនីលង្វែក បានចូលរួមសហការជាមួយក្រុមការងាររបស់លោកស្រី ឧកញ៉ា Sophea Bottcher ក្នុងដំណើរចុះទៅឈ្វេងយល់ និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅសាលាគុនល្បុក្កតោដំបងដែក ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។

តាមរយៈការចុះទៅដល់ទីតាំងផ្ទាល់ នៅថ្ងៃទី៨ ខែមិងុនា ឆ្នាំ២០២៦ ក្រុមកាងារបានឃើញពីការខិតខំប្រឹងប្រែង និងការលះបង់របស់គ្រូបង្វឹក និងសិស្សានុសិស្សជាច្រើន ដែលកំពុងរួមគ្នាថែរក្សា និងបន្តស្នាដៃក្បាច់គុនបុរាណខ្មែរ ដែលជាកេរដំណែលដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទោះបីជាមានឧបសគ្គ និងការខ្វះខាតជាច្រើនក៏ដោយ ក៏ពួកគាត់នៅតែបន្តបេសកកម្មបង្រៀន និងហ្វឹកហាត់ដោយឆន្ទៈមុតមាំ ដើម្បីឱ្យក្បាច់គុនល្បុក្កតោនៅតែរស់រានមានជីវិត និងបន្តទៅដល់កូនចៅជំនាន់ក្រោយ។

បច្ចុប្បន្ន សាលាគុនកំពុងត្រូវការជំនួយ និងការគាំទ្រជាច្រើន ទាំងសម្ភារៈបណ្តុះបណ្តាល កន្លែងស្នាក់នៅ អាហារូបត្ថម្ភ និងថវិកាសម្រាប់ទ្រទ្រង់សកម្មភាពប្រចាំថ្ងៃរបស់សិស្ស ដែលមកពីតំបន់ផ្សេងៗ ដើម្បីបានឱកាសសិក្សា និងហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរដោយមិនបោះបង់ក្តីស្រមៃរបស់ខ្លួន។

«ការគាំទ្ររបស់យើងម្នាក់ៗ ទោះតិចឬច្រើន ក៏អាចក្លាយជាកម្លាំងចិត្ត និងជាចំណែកដ៏សំខាន់ក្នុងការជួយឱ្យសាលាគុនមួយនេះអាចបន្តដំណើរទៅមុខបាន។ នេះមិនត្រឹមតែជាការជួយដល់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមថែរក្សា អភិរក្ស និងលើកតម្កើងអត្តសញ្ញាណជាតិខ្មែរ ដែលបុព្វបុរសយើងបានបន្សល់ទុកមកឱ្យយើង»។ នេះបើតាមលោក សែម ផល្លា។

លោកបានបន្តថា «យើងខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់គ្នា មេត្តាចូលរួមគាំទ្រ និងចែករំលែកព័ត៌មាននេះឱ្យបានទូលំទូលាយ ដើម្បីឱ្យមានអ្នកបានដឹង និងអាចចូលរួមជួយសាលាគុនតាមលទ្ធភាព។ ការរួមគ្នារក្សាវប្បធម៌ និងកេរដំណែលដូនតា មិនមែនជាកាតព្វកិច្ចរបស់អ្នកណាម្នាក់នោះទេ ប៉ុន្តែជាបេសកកម្មរួមរបស់កូនខ្មែរទាំងអស់គ្នា»

លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Sophea Bottcher ក្រុមការងារ និងបងៗអ្នកផលិតមាតិកាទាំងអស់ ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងទឹកចិត្តដ៏ប្រពៃ ក្នុងការចូលរួមជួយផ្សព្វផ្សាយ និងគាំទ្រដល់សាលាគុនល្បុក្កតោដំបងដែក។

លោកក៏ស្នើសូមរួមគ្នាថែរក្សាកេរដំណែលដូនតា ដើម្បីឱ្យអត្តសញ្ញាណខ្មែររស់នៅជារៀងរហូត៕