អ្នកនាំពាក្យ៖ វ៉ាក់សាំងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយបង្កើតភាពធន់ជូនយុវវ័យ និងពលរដ្ឋដើម្បីទប់ទល់នឹងឥទ្ធិពលអវិជ្ជមាននៃព័ត៌មានក្លែងក្លាយ

08-06-2026 19:53

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ នៅវិទ្យាល័យទួលអំពិល លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់យុវសិស្សនៃវិទ្យាល័យទួលអំពិល និងយុវវ័យទាំងអស់ថា កុំធ្វើត្រឹមតែជាអ្នកចូលមើលលើបណ្តាញសង្គម ឬអាចធ្លាក់ក្នុងស្ថានភាពជាជនរងគ្រោះដោយការចែករំលែកព័ត៌មានក្លែងក្លាយ តែយុវវ័យត្រូវរួមគ្នាធ្វើជា «ឃោសនិកឌីជីថលដ៏សកម្ម» ដើម្បីសុវត្ថិភាពព័ត៌មានក្នុងសង្គម។

អ្នកនាំពាក្យក្រសួងព័ត៌មានបានពន្យល់ថា៖ «ព័ត៌មានក្លែងក្លាយនេះ មិនខុសពី «មេរោគដ៏កាចសាហាវ» នោះឡើយ។ វាកំពុងតែលួចបន្លំ បង្កការបំផ្លាញ និងយាយីយ៉ាងស្ងៀមស្ងាត់ដល់សន្តិសុខព័ត៌មាន ក៏ដូចជាសណ្តាប់ធ្នាប់សង្គមជាតិយើងទាំងមូល»។

លោកបានបញ្ជាក់ថា ដើម្បីទប់ទល់នឹងមេរោគព័ត៌មានក្លែងក្លាយដ៏គ្រោះថ្នាក់នេះ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ត្រូវបានដឹកនាំធ្វើឡើងក្នុងគោលបំណងពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយជូនដល់ស្រទាប់យុវវ័យយើង។ ការបណ្តុះចំណេះដឹងនេះ បីដូចជាការផ្តល់វ៉ាក់សាំងការពារកាយ ដើម្បីបង្កើតភាពធន់មាំមួនក្នុងការប្រយុទ្ធប្រឆាំង និងកម្ចាត់រាល់មេរោគនៃព័ត៌មានក្លែងក្លាយ ដែលកំពុងបំភាន់បំពុលសង្គមឌីជីថល។

អនុរដ្ឋលេខាធិការបានបន្ថែមថា ក្នុងនាមជាយុវជនកម្ពុជាជំនាន់ថ្មីដែលមានវ៉ាក់សាំងការពារខ្លួនហើយ យើងមិនត្រូវបណ្តោយខ្លួនឱ្យក្លាយជាជនរងគ្រោះដោយសារការផ្សាយបែបបំពុលទាំងនោះទេ គឺយើងត្រូវប្រើបណ្តាញសង្គមដោយស្មារតីទទួលខុសត្រូវ។

លោកបានជំរុញឱ្យយុវវ័យចូលរួមធ្វើសកម្មភាពក្នុងការផ្សព្វផ្សាយបន្តអំពីអក្ខរកម្មព័ត៌មាន ដល់គ្រប់សមាជិកក្នុងសហគមន៍ ដើម្បីបង្កើតបានជាខែលការពារដ៏រឹងមាំ ទប់ស្កាត់ការរីករាលដាលនៃមេរោគព័ត៌មានក្លែងក្លាយនេះកុំឱ្យបំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់ និងភាពសុខសាន្តក្នុងសង្គម។

ក្នុងន័យនេះ លោក ទេព អស្នារិទ្ធ បានលើកទឹកចិត្តឱ្យមានការចូលរួមពីយុវសិស្សថា៖ «អក្ខរកម្មព័ត៌មានជាវ៉ាក់សាំងការពារខ្លួន! ចូលរួមធ្វើជាឃោសនិកឌីជីថលដ៏សកម្ម ដើម្បីការពារខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល» ជាមួយការអនុវត្ត ងាយៗបំផុត! គឺយុវវ័យត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «៣កុំ ១ការពារ»៖

*ឃើញព័ត៌មានប្លែក... ត្រូវផ្អាកហើយគិតសិន! កុំទាន់ជឿភ្លាមតាមអារម្មណ៍ ឬការរំជើបរំជួល។

*ប្រភពមិនច្បាស់... កុំទាន់ចែករំលែក (Share)! បើមិនទាន់ផ្ទៀងផ្ទាត់ កុំរួមចំណែកចែកចាយមេរោគ។

*ពេលប្រើបណ្តាញសង្គម... កុំប្រហែស! ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចចំពោះរាល់ព័ត៌មានដែលហូរចូល កុំចុចលើតំណ(link) ដែលចម្លែក ឬមានភាពទាក់ទាញហួសហេតុ។

*រួមគ្នាការពារមនុស្សជុំវិញខ្លួន៖ យកវ៉ាក់សាំងចំណេះដឹងនេះទៅចែករំលែកបន្ត ដោយជួយណែនាំ ដាស់តឿន មិត្តភក្តិ និងចែករំលែកដល់គ្រួសារ និងមនុស្សជុំវិញខ្លួន ឱ្យបានយល់ដឹងទាន់ល្បិចកលនៃព័ត៌មានក្លែងក្លាយ។ រួមគ្នានិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ! ប្រើប្រាស់ឧបករណ៍វៃឆ្លាតក្នុងដៃ ដោយការទទួលខុសត្រូវខ្ពស់៕