គ.ជ.ប រៀបចំវគ្គបណ្តុះបណ្តាលស្ដីពីការស្រង់ស្ថិតិពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

08-06-2026 21:14

(ភ្នំពេញ)៖ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃជូនដល់ប្រធាន សមាជិក មន្រ្តីបច្ចេកទេសនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) និងមន្រ្តី គ.ជ.ប ស្តីពី «ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងការប្រើប្រាស់កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត» សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៦នេះ នឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។ ដូច្នេះ ដើម្បីធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរ ក្នុងដំណាក់កាលរៀបចំត្រៀម គ.ជ.ប ត្រូវរៀបចំស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងកំណត់ចំនួន ព្រមទាំងទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតឱ្យបានកាន់តែសុក្រឹត ដើម្បីធ្វើផែនការចុះឈ្មោះបោះឆ្នោត តម្រូវការធនធានមនុស្ស និងតម្រូវការសម្ភារៈ បរិក្ខារ និងឯកសារផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់ និងភាពសន្សំសំចៃ។

ដោយផ្អែកតាមមេរៀនពិសោធន៍កន្លងមក និងស្ថានភាពនៃការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់កម្ពុជា អគ្គលេខាធិការ បានជម្រាបជូនថា គ.ជ.ប បានដាក់ចេញនូវសេចក្តីណែនាំថ្មី ដោយបានកែសម្រួលនីតិវិធី រូបមន្ត និងរបៀបនៃការគណនាតួលេខស្ថិតិប្រជាពល រដ្ឋប៉ាន់ស្មាននៅតាមភូមិ ឃុំ សង្កាត់ ឱ្យកាន់តែច្បាស់លាស់ ព្រមទាំងបានកំណត់អំពីគោលការណ៍នៃការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាននៅតំបន់ដែលរងផលប៉ះពាល់ដោយសារការឈ្លានពានពីយោធាថៃ និងនៅតំបន់មណ្ឌលភៀសសឹក រួមទាំងវិធានការចាំបាច់ផ្សេងទៀត។

មុនប្រកាសបិទវគ្គបណ្ដុះបណ្ដាលនេះ លោក ទេព នីថា បានរំលឹកដល់អគ្គនាយកដ្ឋានជំនាញ និងនាយកដ្ឋានជំនាញថា បន្ទាប់ពី លធ.ខប ទាំងអស់ បានគណនាតួលេខ និងបញ្ជូនទិន្នន័យតាមកម្មវិធីកុំព្យូទ័រ មក គ.ជ.ប រួចហើយ ត្រូវធ្វើកិច្ចសហការជាមួយវិទ្យាស្ថានជាតិស្ថិតិ ឬ/និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ និងបន្ស៊ីស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានឱ្យសង្គតិភាពគ្នាមុននឹងលើកសំណើសុំ គ.ជ.ប ពិនិត្យសម្រេចសំដៅធានាឱ្យស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់អនុវត្តផែនការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ខាងមុខកាន់តែមានសុក្រឹតភាព។

សូមជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេសនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕