ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បន្តសហការជាមួយសហគ្រិនខ្មែរ បើកកម្មវិធី «សហគ្រិនមហាវិទ្យាល័យ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឆ្នាំ២០២៦»
08-06-2026 21:25
(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានបន្តសហការជាមួយសហគ្រិនខ្មែររៀបចំពិធីបើកកម្មវិធី «សហគ្រិនមហាវិទ្យាល័យ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំ ២០២៦» ក្រោមអធិបតីភាពរបស់លោក ងួន ស្ដេចភក្ដី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងលោកស្រី គា កែវលក្ខិណា អ្នកគ្រប់គ្រងគម្រោង នៃសហគ្រិនខ្មែរ ព្រមជាមួយវត្តមានរបស់លោកឧកញ៉ា លោក លោកស្រីសាកលវិទ្យាធិការរង គណៈគ្រប់គ្រង លោក លោកស្រីជាគ្រូបង្វឹក និងនិស្សិត ចូលរួមយ៉ាងច្រើនកុះករ ប្រមាណជាង ២០០នាក់ នៅសាលវិមានសន្តិភាព ជាន់ទី៣ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
កម្មវិធីសហគ្រិនមហាវិទ្យាល័យ ជាកម្មវិធីយុទ្ធសាស្ត្ររបស់ សហគ្រិនខ្មែរដែលមានគោលបំណងលើកកម្ពស់នវានុវត្តភាព និងសហគ្រិនភាពតាមបណ្តានិស្សិតថ្នាក់សាកលវិទ្យាល័យ ដោយប្រែក្លាយគំនិតច្នៃប្រឌិតរបស់ខ្លួន ឱ្យក្លាយទៅជា ផលិតផល ឬសេវាកម្មដែលអាចដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ ប្រជាជន វិស័យសាធារណៈ និង វិស័យឯកជន។ កម្មវិធីនេះ គឺជាថ្នាលប្រកួតប្រជែងនវានុវត្តន៍របស់ប្អូននិស្សិតមកពីគ្រប់គ្រឹះស្ថានអប់រំដៃគូទូទាំងប្រទេស ដែលត្រូវបានចែកចេញជា ការប្រកួតនៅតាមគ្រឹះស្ថានអប់រំនីមួយៗ ការប្រកួតថ្នាក់តំបន់ និងការប្រកួតថ្នាក់ជាតិ។
នាឱកាសថ្លែងសុន្ទរកថាគន្លឹះ លោកស្រី គា កែវលក្ខិណា បានឲ្យដឹងថា ក្នុងនាមលោកស្រីជាតំណាងនៃសហគ្រិនខ្មែរ (Khmer Enterprise) ពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមពិធីបើកកម្មវិធី «សហគ្រិនមហាវិទ្យាល័យ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំ២០២៦»។ ទស្សនវិស័យរបស់សហគ្រិនខ្មែរ គឺក្លាយខ្លួនទៅជាថ្នាលជាតិមួយសម្រាប់ការជំរុញសកម្មភាពសហគ្រិនភាពនៅក្នុងវិស័យអាទិភាពចំនួនបួន រួមមានបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) សេវាកម្ម កសិកម្ម និងកម្មន្តសាល។
ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ សហគ្រិនខ្មែរ បានដាក់ចេញនូវបេសកកម្មគាំទ្រសម្រាប់កសាងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពដ៏រឹងមាំមួយ ដែលរួមចំណែកដល់ការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងនវានុវត្តន៍ ផលិតភាព និងការបង្កើតការងារសមរម្យ ក្នុងនោះរាប់បញ្ចូលទាំង (១) ការលើកកម្ពស់វប្បធម៌សហគ្រិនភាពនៅក្នុងចំណោមយុវជន ដើម្បីអភិវឌ្ឍសហគ្រិនជំនាន់ថ្មី, (២) ការលើកកម្ពស់សមត្ថភាពសហគ្រិន ចាប់តាំងពីដំណាក់កាលបណ្តុះគំនិត រហូតដល់ដំណាក់កាលពង្រីកធុរកិច្ចក្នុងនិងក្រៅស្រុក, (៣) ការកសាងបណ្តាញទំនាក់ទំនងធុរកិច្ច រវាងវិស័យសាធារណៈ វិស័យឯកជន វិនិយោគិន ដៃគូអភិវឌ្ឍន៍ សាកលវិទ្យាល័យ និងសមាគមន៍ធុរកិច្ច, (៤) ការផ្តល់ការគាំទ្រមូលនិធិ ដើម្បីបំពេញនូវកង្វះខាតផ្នែកហិរញ្ញប្បទានដែល ធុរកិច្ចថ្មី និង សហគ្រាសធុនតូច និងមធ្យម ជួបប្រទះ ដើម្បីពង្រឹងភាពប្រកួតប្រជែង និងនវានុវត្តន៍ ក្នុង អាជីវកម្មរបស់ខ្លួន។
ថ្លែងក្នុងអង្គពិធីលោក ងួន ស្តេចភក្តី បានឲ្យដឹងថា ក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែងជាសកល ការអប់រំ និងការបណ្ដុះបណ្ដាលស្មារតីសហគ្រិនភាពក្នុងចំណោមយុវជន និងនិស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សា មិនមែនជាជម្រើសទៀតឡើយ ប៉ុន្តែវាគឺជាតម្រូវការចាំបាច់។ កម្មវិធី «សហគ្រិនមហាវិទ្យាល័យ» ដែលកំពុងបើកដំណើរការនៅថ្ងៃនេះ គឺជាយន្តការដ៏មានឥទ្ធិពលមួយក្នុងការបំផុសគំនិតច្នៃប្រឌិត បណ្តុះទម្លាប់គិតគូរជាលក្ខណៈយុទ្ធសាស្ត្រអាជីវកម្ម និងការបង្កើតឱកាសថ្មីៗសម្រាប់ខ្លួនឯង និងសង្គមជាតិ។ កម្មវិធីនេះបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបំពេញបេសកកម្មជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែរឹងមាំ។

















