ខេត្តព្រះវិហារ ពង្រឹងវិធានការ ៦ចំណុច ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម
08-06-2026 21:21
(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ការពារ និងទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ឡើងវិញ (Prevention of Re-establishment - PoR) ព្រមទាំងពិភាក្សាអំពីវិធានការទប់ស្កាត់ជំងឺគ្រុនឈាម ដែលកំពុងមានការកើនឡើងនៅតំបន់មួយចំនួនក្នុងខេត្ត ស្របពេលរដូវវស្សាបានចាប់ផ្តើម។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមវត្តមានចូលរួមពីលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។
នៅក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថា ខេត្តព្រះវិហារបានសម្រេចជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ប៉ុន្តែគ្រប់ភាគីពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់លើការការពារ និងទប់ស្កាត់ការកកើតជំងឺនេះឡើងវិញ។ លោកបញ្ជាក់ថា បច្ចុប្បន្នមន្ទីរសុខាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ដោយសាររដូវវស្សាគឺជាអំឡុងពេលដែលជំងឺនេះងាយនឹងរាតត្បាតនៅតាមសហគមន៍ផ្សេងៗ។
លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បន្តចូលរួមសម្អាតបរិស្ថានជុំវិញលំនៅឋាន លុបបំបាត់ប្រភពដក់ទឹក និងកន្លែងបង្កាត់ពូជមូសខ្លា ព្រមទាំងសហការជាមួយមន្ត្រីសុខាភិបាលក្នុងការអនុវត្តវិធានការបង្ការឱ្យមានប្រសិទ្ធភាព។
ដោយឡែកលោកស្រី ប៉ាង រ៉ាវី បានថ្លែងលើកឡើងថា ការទប់ស្កាត់ជំងឺគ្រុនឈាមទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ មិនថាវិស័យសុខាភិបាល អាជ្ញាធរមូលដ្ឋាន សាលារៀន អង្គការដៃគូ និងប្រជាពលរដ្ឋនោះទេ។
ក្នុងនាមអភិបាលខេត្តព្រះវិហារ លោកស្រី ប៉ាង រ៉ាវី បានថ្លែងជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តផ្សព្វផ្សាយអប់រំសុខភាព និងកៀរគរប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការបង្ការជំងឺគ្រុនឈាមឱ្យបានផុលផុស ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង និងការរាតត្បាតនៅក្នុងសហគមន៍។
កិច្ចប្រជុំបានពិភាក្សា បានឯកភាពដាក់ចេញនូវវិធានការសំខាន់ៗចំនួន ៦ចំណុច រួមមាន៖
*១៖ ពង្រឹងការគ្រប់គ្រងប្រភពកំណើតមូស ដោយដាក់ថ្នាំអាបែត និងសម្អាតបរិស្ថានជុំវិញផ្ទះ ជាពិសេសការគ្រប់គ្រងសំបកកង់រថយន្ត និងវត្ថុផ្សេងៗដែលអាចដក់ទឹកបាន។
*២៖ ពង្រឹងការអប់រំ និងផ្សព្វផ្សាយសុខភាពស្តីពីជំងឺគ្រុនឈាមដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
*៣៖ ពង្រឹងការតាមដាន និងឆ្លើយតបឱ្យបានទាន់ពេលវេលា នៅពេលមានករណីជំងឺគ្រុនឈាមកើតឡើង ដោយអនុវត្តការបាញ់ថ្នាំសម្លាប់មូស ការអប់រំសុខភាព និងការដាក់ថ្នាំអាបែត។
*៤៖ ពង្រឹងការថែទាំព្យាបាល និងការគ្រប់គ្រងអ្នកជំងឺគ្រុនឈាម តាមរយៈការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និងសេវាសុខាភិបាលឯកជន។
*៥៖ ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន សាលារៀន អង្គការដៃគូ និងមន្ទីរអង្គភាពពាក់ព័ន្ធ។
*៦៖ បន្តតាមដាន និងវាយតម្លៃការអនុវត្តវិធានការនានាជាប្រចាំ ដើម្បីធានាប្រសិទ្ធភាពក្នុងការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម។
តាមរយៈកិច្ចប្រជុំនេះ អង្គប្រជុំបានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សាសមិទ្ធផលនៃការលុបបំបាត់ជំងឺគ្រុនចាញ់ និងពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងឆ្លើយតបជំងឺគ្រុនឈាមឱ្យមានប្រសិទ្ធភាព ដើម្បីការពារសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ៕























