វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង
09-06-2026 07:54
(ភ្នំពេញ)៖ ការលើកកម្ពស់ការប្រើប្រាស់រថយន្តដំណើរការដោយថាមពលអគ្គិសនី (EV) និងបច្ចេកវិទ្យាមេត្រីបរិស្ថាននៅកម្ពុជា មិនមែនគ្រាន់តែជានិន្នាការបណ្តោះអាសន្ននោះទេ ប៉ុន្តែវាជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយនៅក្នុងដំណើររបស់កម្ពុជា ឆ្ពោះទៅរកអនាគតមួយដែលពោរពេញដោយភាពស្អាត ភាពបៃតង និងចីរភាព។
ក្នុងន័យនេះ ព្រឹត្តិការណ៍ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថាន និងដៃគូឯកជនមិនមែនត្រឹមតែជាពិធីការនៅលើក្រដាសនោះឡើយ ប៉ុន្តែវាជាសក្ខីភាពនៃការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការដោះស្រាយវិបត្តិសកល ពោលគឺការប្រែប្រួលអាកាសធាតុ តាមរយៈការពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅកាន់អព្យាក្រឹតភាពកាបូន។
ការប្រែប្រួលអាកាសធាតុលែងជាការគំរាមកំហែងដែលនៅឆ្ងាយពីយើងទៀតហើយ។ វាកំពុងជះឥទ្ធិពលផ្ទាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរួចទៅហើយ តាមរយៈការកើនឡើងកម្តៅខុសប្រក្រតី គ្រោះរាំងស្ងួត ទឹកជំនន់ និងការរំខានដល់ប្រព័ន្ធអេកូឡូស៊ី។ យោងតាមការសិក្សាវិទ្យាសាស្ត្រ ការភាយឧស្ម័នផ្ទះកញ្ចក់ចម្បងៗគឺកើតចេញពីវិស័យគន្លឹះចំនួនប្រាំមួយ រួមមាន៖ វិស័យថាមពល (ការផលិតអគ្គិសនី និងកំដៅ) ឧស្សាហកម្ម ការដឹកជញ្ជូន កសិកម្ម ការប្រើប្រាស់ដីនិងព្រៃឈើ និងការគ្រប់គ្រងសំណល់។
ចំពោះមុខបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ (២០២៣-២០២៨) ដោយបញ្ចូលការការពារបរិស្ថាន និងសកម្មភាពអាកាសធាតុទៅក្នុងស្នូលនៃការអភិវឌ្ឍជាតិ សំដៅឆ្លើយតបទៅនឹងការប្រែប្រួលនៃបរិការណ៍សកល និងឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ដើម្បីគាំទ្រដល់ចក្ខុវិស័យនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (២០២៣-២០២៨)» ដែលតម្រង់ទិសលើមុំយុទ្ធសាស្ត្រចំនួនបី គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ដើម្បីឈានទៅសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ជាមួយនឹងការរក្សាគម្របព្រៃឈើឱ្យបានអតិបរមា។
យុទ្ធសាស្ត្រទាំងនេះបានដើរហួសពីផែនការនៅលើក្រដាស និងបានក្លាយជាចលនាសង្គមជាក់ស្តែង៖
*ក្រោមសសរស្តម្ភ «ភាពស្អាត»៖ ប្រជាជនកម្ពុជារាប់លាននាក់ត្រូវបានកៀរគរឱ្យចូលរួមក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!» «កម្ពុជាស្អាត ខ្មែរធ្វើបាន!» និង «ផ្លូវជាតិគ្មានសំណល់ប្លាស្ទិក!» ដែលនេះជាការផ្លាស់ប្តូរឥរិយាបថ និងការទទួលខុសត្រូវខ្ពស់របស់ពលរដ្ឋចំពោះបរិស្ថាន។
*ក្រោមសសរស្តម្ភ «ភាពបៃតង»៖ យុទ្ធនាការ «ពន្លកបៃតង» បាននិងកំពុងចែកកូនឈើរាប់លានដើមក្នុងមួយឆ្នាំៗពីថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង ៥ កន្លែង ជូនដល់ប្រជាពលរដ្ឋ និងស្ថាប័ននានា ដើម្បីពង្រីកគម្របព្រៃឈើ ព្រមទាំងគាំទ្រដល់មុខរបរសហគមន៍ឱ្យក្លាយជាម្ចាស់លើការការពារធនធានធម្មជាតិ។
នៅថ្ងៃនេះ កម្ពុជាកំពុងបោះជំហានទៅមុខមួយកម្រិតទៀត ដោយពង្រីកការខិតខំប្រឹងប្រែងទៅលើវិស័យថាមពល និងការដឹកជញ្ជូន ដែលជាប្រភពនៃការបញ្ចេញកាបូនដ៏ធំ។ ការប្តេជ្ញាចិត្តលើកកម្ពស់យានយន្តអគ្គិសនី (EV) មិនត្រឹមតែជាការដើរទាន់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាជាដំណោះស្រាយបរិស្ថានដ៏មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់ កែលម្អគុណភាពខ្យល់ និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ កិច្ចសហប្រតិបត្តិការនិងការចុះអនុស្សរណៈនាថ្ងៃនេះ នឹងក្លាយជាកាតាលីករជំរុញការយល់ដឹង និងការវិនិយោគលើការធ្វើដំណើរប្រកបដោយចីរភាព និងការច្នៃប្រឌិតបៃតង។
កម្ពុជាបានបង្ហាញសញ្ញាណវិជ្ជមានទៅកាន់ពិភពលោក តាមរយៈការដាក់ចេញនូវផែនការជាតិរួមចំណែកការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC 3.0) ជូនអង្គការសហប្រជាជាតិ ដោយកំណត់គោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% នៅឆ្នាំ២០៣៥ ស្របតាមផែនការយុទ្ធសាស្ត្ររយៈពេលវែង (LTS4CN)។ សកម្មភាពនេះធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ាន ដែលបានដាក់ចេញនូវផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការបញ្ចេញឧស្ម័នសូន្យ (Net-Zero) នៅឆ្នាំ២០៥០។
ទោះជាយ៉ាងណា គោលដៅដ៏ធំធេងនេះមិនអាចសម្រេចបានដោយរដ្ឋាភិបាលតែម្នាក់ឯងនោះឡើយ។ វាទាមទារដាច់ខាតនូវការចូលរួមយ៉ាងសកម្មពីវិស័យឯកជន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល គ្រឹះស្ថានសិក្សា និងប្រជាពលរដ្ឋគ្រប់រូប។ នេះជាពេលវេលាដែលបណ្តាអាជីវកម្ម និងវិស័យឧស្សាហកម្មត្រូវងាកមកវិនិយោគលើបច្ចេកវិទ្យាស្អាត និងចង្វាក់ផលិតកម្មប្រកបដោយចីរភាព ហើយពលរដ្ឋម្នាក់ៗត្រូវគាំទ្រដល់ការប្រើប្រាស់ថាមពលកាបូនទាប។
រាល់យានយន្តអគ្គិសនីមួយគ្រឿងនៅលើដងផ្លូវ ដើមឈើមួយដើមដែលបានដាំ កាកសំណល់មួយគីឡូក្រាមដែលបានកាត់បន្ថយ និងរាល់ការវិនិយោគលើថាមពលស្អាត សុទ្ធសឹងជាកម្លាំងចលករដែលជួយឱ្យកម្ពុជាខិតជិតទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ រួមគ្នា យើងនឹងអាចកសាងប្រទេសកម្ពុជា ដែលពោរពេញដោយភាពស្អាត ភាពបៃតង ចីរភាព និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីភាពរុងរឿងរបស់មនុស្សជាតិទាំងក្នុងជំនាន់នេះ និងជំនាន់ក្រោយៗទៀត៕




