អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងឧហ្សាហកម្ម រួមគ្នាពង្រឹងកិច្ចសហការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំ ដើម្បីទប់ស្កាត់ការលួចបង្វែរយក ទៅផលិតគ្រឿងញៀនខុសច្បាប់

09-06-2026 10:21

(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានរួមគ្នា បើកវគ្គសិក្ខាសាលាស្តីពី​ «ការពង្រឹងប្រសិទ្ធភាពកិច្ចសហការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំ ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់»។

ពិធីបើកបានធ្វើឡើងក្រោមវត្តមានលោក កែ គី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចូលរួមពីសំណាក់មន្ត្រីជំនាញតំណាងក្រសួង​​ ស្ថាប័នពាក់ព័ន្ធជាសមាជិកក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ និងមានសិក្ខាកាមតំណាងមកពីបណ្តាក្រុមហ៊ុន ​រោងចក្រ​​ សហគ្រាស ក្នុងវិស័យឧស្សាហកម្ម ដែលមានប្រតិបត្តិការពាក់ព័ន្ធនឹងសារធាតុគីមីផ្សំ ចំនួន១៧៦រូប។

ខណៈពិធីបិទនឹងធ្វើឡើងនៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានទេសរដ្ឋមន្ត្រី ព្រំ សុខា អនុប្រធានប្រចាំការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារអន្តរក្រសួង ត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ និងលោក​ហម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអនុប្រធានក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ។

នាយឧត្តមសេនីយ៍​ មាស វិរិទ្ធ​ បានថ្លែងថា​ នវជាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងនាមក្រសួងជំនាញដែលមានតួនាទី ភារកិច្ចចម្បងក្នុងការគ្រប់គ្រងត្រួតពិនិត្យគ្រប់សកម្មភាពស្របច្បាប់ពាក់ព័ន្ធនឹងការស្នើសុំនាំចូល ការចែកចាយ ការប្រើប្រាស់ និងការធ្វើសន្និធិសារធាតុគីមីផ្សំរបស់ក្រុមហ៊ុន រោងចក្រសហគ្រាស នៅក្នុងវិស័យឧស្សាហកម្ម ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ ក៏ដូចជាការចូល
រួមដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធ នឹងការចូលរួមអនុវត្តយន្តការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំរបស់រាជរដ្ឋាភិបាលឱ្យកាន់តែសកម្ម ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈការថែរក្សាសុខុមាលភាពសង្គម និងប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឱ្យដឹងថា បច្ចុប្បន្ននេះ ស្ថានភាពនិងនិន្នាការនៃការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀនសំយោគទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក កំពុងវិវត្តទៅមុខឥតឈប់ឈរ មានលក្ខណៈកាន់តែស្មុគស្មាញទៅៗគួរឱ្យព្រួយបារម្ភបំផុត។ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនបាននឹងកំពុងផ្លាស់ប្តូរទម្រង់ប្រតិបត្តិការ ដោយងាកមកប្រើប្រាស់បច្ចេកវិទ្យាទំនើបជឿនលឿន និងមានការកែច្នៃរូបមន្តគីមីផ្សំថ្មីៗ ដើម្បីផលិតគ្រឿងញៀនសំយោគ ដែលមានឥទ្ធិពលបំផ្លិចបំផ្លាញខ្លាំងជាងមុនចំពោះសុខភាពមនុស្ស។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា និន្នាការដ៏គ្រោះថ្នាក់នេះបានធ្វើឱ្យ «សារធាតុគីមីផ្សំ» ក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាគោលដៅចម្បងនៃការប៉ុនប៉ងលួចបង្វែរពីសំណាក់ក្រុមឧក្រិដ្ឋជន ក្នុងទម្រង់គ្រប់រូបភាព មិនថាការលួចលាក់ដឹកជញ្ជូនឆ្លងកាត់ព្រំដែនខុសច្បាប់ ឬការលួចលាក់បង្វែរពីសកម្មភាពប្រើប្រាស់ស្របច្បាប់ ឬការលួចលាក់ផលិតសារធាតុដើម (Pre-Precursor)យកទៅផលិតគ្រឿងញៀននោះឡើយ។

សិក្ខាសាលនេះមានគោលបំណងជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ និងក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីផ្លាស់ប្តូរព័ត៌មាន ដកពិសោធន៍ចំណុចខ្លាំង ចំណុចខ្សោយ ចំណុចខ្វះខាត និងចំណុចប្រឈមនានាទាក់ទងនឹងការគ្រប់គ្រងត្រួតពិនិត្យការស្នើសុំនាំចូល ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការធ្វើសន្និធិសារធាតុគីមីផ្សំ សំដៅបង្ការទប់ស្កាត់កុំឱ្យមានការលួចបង្វែរសារធាតុគីមីផ្សំពីការប្រើប្រាស់ក្នុងជំនួញស្របច្បាប់ យកទៅលួចលាក់កែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅកម្ពុជា៕