ក្រសួងការងារ ចេញសេចក្តីជូនដំណឹងសន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ «បរិវត្តកម្មទីផ្សារការងារ និងអន្តរកាលសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទអាស៊ាន៖ ជំនាញ បច្ចេកវិទ្យា និងភាពធន់ ក្នុងដំណាក់កាលភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចសកល»
09-06-2026 10:47
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ «បរិវត្តកម្មទីផ្សារការងារ និងអន្តរកាលសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទអាស៊ាន៖ ជំនាញ បច្ចេកវិទ្យា និងភាពធន់ ក្នុងដំណាក់កាលភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល»។ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួងការងារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
ក្រសួងបានបញ្ជាក់ថា ប្រទេសកម្ពុជា ក៏ដូចជាអាស៊ានកំពុងឈានចូលក្នុងដំណាក់កាលនៃបរិវត្តកម្មទីផ្សារការងារយ៉ាងឆាប់រហ័ស ដែលជំរុញដោយបរិវត្តកម្មបច្ចេកវិទ្យា បម្រែបម្រួលប្រជាសាស្ត្រ ការប្រែប្រួលអាកាសធាតុ ការរៀបចំរចនាសម្ព័ន្ធ ខ្សែច្រវាក់ផ្គត់ផ្គង់ឡើងវិញ និងការវិវត្តថ្មីនៃទម្រង់ការងារ។
ទន្ទឹមនឹងនេះ កម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការចាកចេញ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលតម្រូវឱ្យមានគោលនយោបាយទីផ្សារការងារ ការអភិវឌ្ឍជំនាញ និងការគាំពារ សង្គមដែលមានភាពបត់បែន បរិយាបន្ន និងផ្អែកលើភស្តុតាង។ ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៦ ដែលនឹងប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ និស្សិត និងភាគីពាក់ព័ន្ធ ជាតិនិងអន្តរជាតិ ដើម្បីរួមចំណែកពិភាក្សា និងស្វែងរក ដំណោះស្រាយជាក់ស្តែង។
លើសពីនេះ ក្រសួងសូមអញ្ជើញអ្នករៀបចំគោលនយោបាយ ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ និស្សិត និងភាគីពាក់ព័ន្ធ ជាតិនិងអន្តរជាតិ ចូលរួមដាក់អត្ថបទស្រាវជ្រាវពាក់ព័ន្ធនឹងសន្និសីទថ្នាក់ជាតិនេះ ដែលជាធាតុចូលបន្ថែមសម្រាប់ ការពិភាក្សា និងការរៀបចំគោលនយោបាយ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ច និងទីផ្សារការងារដែលមានភាពធន់ ក្នុងដំណាក់កាលភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖






