មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំប្រតិភូក្រសួង និងធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន៨ ចូលរួមវេទិកាបច្ចេកវិទ្យា នៅប្រទេសសិង្ហបុរី
09-06-2026 10:59
(សិង្ហបុរី)៖ នៅថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោក គី ឌីបូម៉ា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំប្រតិភូនិងធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន៨ នៃកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មី (Innovate Cambodia Accelerator Program) រដូវកាលទី២ របស់មជ្ឈមណ្ឌល Plug and Play ចូលរួមក្នុងវេទិកាបច្ចេកវិទ្យា ECHELON SINGAPORE 2026 នៅប្រទេសសិង្ហបុរី។
វេទិកា ECHELON គឺជាការពិភាក្សារវាងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល វិនិយោគិន និងធុរកិច្ចថ្មីឌីជីថល មកពីតំបន់អាស៊ីប៉ាស៊ីហ្វិកនិងជុំវិញពិភពលោក ដើម្បីស្វែងយល់ពីនិន្នាការបច្ចេកវិទ្យាថ្មីៗ និងលើកកម្ពស់គំនិតផ្តួចផ្តើមសម្រាប់សេដ្ឋកិច្ចឌីជីថល ក៏ដូចជាការបង្ហាញគំនិតអាជីវកម្មទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងអ្នកវិនិយោគ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងឱកាសទទួលបានទុនវិនិយោគ។
បន្ថែមពីនេះ ប្រតិភូ ក.ប.ទ. និងធុរកិច្ចថ្មីឌីជីថលកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Airwallex ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដ៏លេចធ្លោមួយដែលផ្តល់សេវាសម្រាប់ប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព និងជាក្រុមហ៊ុនកម្រិត Unicorn មួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ទន្ទឹមនឹងនេះ លោកអនុរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន និងអ្នកវិនិយោគទុន ដើម្បីស្វែងយល់បន្ថែមអំពីការកសាងបណ្តុំទុនវិនិយោគ (Investment Pool) និងលក្ខខណ្ឌនានាក្នុងការទទួលបានទុនវិនិយោគសម្រាប់ធុរកិច្ចថ្មីឌីជីថលកម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជានិងសិង្ហបុរីផងដែរ៕













