បណ្ឌិត ខែក វីរៈ៖ រុស្ស៊ី ព្រះអាទិត្យដែលលិចហើយរះវិញ

09-06-2026 12:00

(ភ្នំពេញ)៖ លោកបណ្ឌិត ខែក វីរៈ អ្នកជំនាញភូមិសាស្រ្តនយោបាយ តាមរយៈបណ្ដាញព័ត៌មាន Fresh News បានលើកឡើងថា នៅក្នុងច្បាប់ធម្មជាតិ ព្រះអាទិត្យតែងតែរះ និងលិចវិញវាគឺជាវដ្តនៃធម្មជាតិ។ ស្រដៀងគ្នានេះដែរ នៅក្នុងប្រវត្តិសាស្ត្រភូមិសាស្ត្រនយោបាយ មហាអំណាចខ្លះអាចធ្លាក់ចុះ ប៉ុន្តែមិនមែនមានន័យថានឹងបាត់បង់តួនាទីជារៀងរហូតឡើយ។

អ្នកជំនាញរូបនេះ បានបង្ហាញនូវថា ករណីរបស់រុស្ស៊ី គឺជាឧទាហរណ៍ដ៏ច្បាស់លាស់មួយនៃបាតុភូតនេះ។ ពោលគឺ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១ មនុស្សជាច្រើនបានជឿថា រុស្ស៊ីនឹងមិនអាចវិលត្រឡប់មកកាន់ឋានៈជាមហាអំណាចបានទៀតឡើយ គឺប្រៀបបាននឹងចង្កៀងអស់ប្រេងអញ្ចឹង។

គេចាំបានថាក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសរុស្ស៊ី បានជួបប្រទះវិបត្តិសេដ្ឋកិច្ច ភាពអស្ថិរភាពនយោបាយ ការធ្លាក់ចុះនៃសមត្ថភាពយោធា និងការបាត់បង់ឥទ្ធិពលនៅលើឆាកអន្តរជាតិ។ ទឹកដី អំណាច និងឥទ្ធិពលជាច្រើនដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់សហភាពសូវៀត ត្រូវបានបាត់បង់ ខណៈសហរដ្ឋអាមេរិកបានក្លាយជាមហាអំណាចតែមួយគត់ នៅក្នុងប្រព័ន្ធអន្តរជាតិ។ ស្ថានភាពនេះបានធ្វើឱ្យអ្នកវិភាគមួយចំនួនចាត់ទុកថា «សម័យមហាអំណាចរុស្ស៊ី» បានបញ្ចប់ទៅហើយ។

ក៏ប៉ុន្តែអ្វីៗខុសការគិតទាំងស្រុង ចាប់ពីដើមសតវត្សទី២១ ជាពិសេសក្រោយការឡើងកាន់អំណាចរបស់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងឆ្នាំ២០០០ រុស្ស៊ីបានចាប់ផ្តើមដំណើរការស្តារឡើងវិញនូវអំណាចជាតិរបស់ខ្លួន។ តាមរយៈការពង្រឹងអំណាចរដ្ឋ ការគ្រប់គ្រងធនធានថាមពល ការធ្វើទំនើបកម្មយោធា និងការអនុវត្តនយោបាយការបរទេសកាន់តែសកម្ម រុស្ស៊ីបានវិលត្រឡប់មកកាន់ឆាកអន្តរជាតិវិញក្នុងនាមជាតួអង្គយុទ្ធសាស្ត្រដ៏សំខាន់មួយ។ ការវិលត្រឡប់នេះបានបញ្ចប់ការសន្មត់ជាច្រើនដែលថា រុស្ស៊ីនឹងក្លាយជាមហាអំណាចថ្នាក់តំបន់តែប៉ុណ្ណោះ។

ត្រង់នេះបើយើងមើលពីជ្រុងភូមិសាស្ត្រនយោបាយ ការវិលត្រឡប់របស់រុស្ស៊ី គឺជាកត្តាសំខាន់មួយដែលបានជំរុញការផ្លាស់ប្តូរពីពិភពលោកឯកប៉ូល ទៅកាន់ពិភពលោកដែលមានលក្ខណៈពហុប៉ូល។ ព្រឹត្តិការណ៍សំខាន់ៗដែលជាភស្តុតាងហាក់មិនអាចប្រែកបានមានដូចជា សង្គ្រាមហ្សកហ្ស៊ីឆ្នាំ២០០៨ ការកាត់បញ្ចូលតំបន់គ្រីមៀឆ្នាំ២០១៤ មកជាផ្ទៃដីរុស្ស៊ី ការអន្តរាគមន៍ដោយយោធានៅស៊ីរី ក្នុងឆ្នាំ២០១៤ និងសង្គ្រាមអ៊ុយក្រែនឆ្នាំ២០២២ សុតសឹងតែបានបង្ហាញថា រុស្ស៊ីនៅតែមានសមត្ថភាពប្រើប្រាស់អំណាចយោធា និងភូមិសាស្ត្រនយោបាយ ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់លោកខាងលិច។

ដូច្នេះការសិក្សាអំពីការវិលត្រឡប់របស់រុស្ស៊ី គឺជាគន្លឹះសំខាន់មួយសម្រាប់ការយល់ដឹងអំពីសណ្តាប់ធ្នាប់ពិភពលោកថ្មី និងការប្រកួតប្រជែងមហាអំណាចក្នុងសតវត្សទី២១។

២.១ រុស្ស៊ីក្រោយការដួលរលំនៃសហភាពសូវៀត (១៩៩១–២០០០)

ពិតហើយក្រោយការដួលរលំនៃសហភាពសូវៀតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩១ ជាព្រឹត្តិការដែលត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុតមួយក្នុងសតវត្សទី២០។ ដ្បិតព្រឹត្តិការណ៍នោះមិនត្រឹមតែបញ្ចប់សង្គ្រាមត្រជាក់ និងការប្រកួតប្រជែងរវាងប្លុកមហាអំណាចពីរប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកទាំងមូលតែម្តង។ សហភាពសូវៀត ដែលធ្លាប់ជាមហាអំណាចយោធា នុយក្លេអ៊ែរ និងមនោគមវិជ្ជា បានបែកបាក់ចែកចេញជារដ្ឋឯករាជ្យចំនួន១៥ ខណៈសហព័ន្ធរុស្ស៊ី (Russian Federation) បានក្លាយជារដ្ឋស្នងតំណែងធំបំផុតនៃអតីតចក្រភពសូវៀត។

ធ្លាប់ជារដ្ឋដែលមានទឹកមាត់ប្រៃលើឆាកអន្តរជាតិ រុស្ស៊ីបានទទួលត្រឹមមរតកកៅអីអចិន្ត្រៃយ៍នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកម្លាំងនុយក្លេអ៊ែរដែលភាគច្រើនបន្សល់ពីសូវៀតប៉ុណ្ណោះ ព្រោះថានាទសវត្សរ៍ឆ្នាំ១៩៩០ គឺជាសម័យអាប់អួរមួយដែលហាក់បានបង្ហាញពីភាពទន់ខ្សោយ និងវិបត្តិញាំញីយ៉ាងខ្លាំងក្នុងសង្គមរុស្ស៊ី។ ដោយហេតុផលថា សេដ្ឋកិច្ចរុស្ស៊ីបានធ្លាក់ចុះយ៉ាងខ្លាំង ប្រាក់រូប្ល៍បាត់បង់តម្លៃ អតិផរណាកើនឡើង ហើយទ្រព្យសម្បត្តិរដ្ឋជាច្រើនត្រូវបានធ្វើឯកជនភាវូបនីយកម្មយ៉ាងឆាប់រហ័ស។ ការផ្លាស់ប្តូរពីប្រព័ន្ធសេដ្ឋកិច្ចពីសេដ្ឋកិច្ចផែនការ ទៅជាសេដ្ឋកិច្ចទីផ្សារសេរី បានបង្កើតក្រុមមហាសេដ្ឋីថ្មី (Oligarchs) ខណៈប្រជាពលរដ្ឋជាច្រើនបានជួបប្រទះការធ្លាក់ចុះនៃកម្រិតជីវភាព។

ដោយឡែកនៅក្នុងវិស័យភូមិសាស្ត្រនយោបាយឯណោះវិញ រុស្ស៊ីក៏បានបាត់បង់ឥទ្ធិពលយ៉ាងច្រើនផងដែរ។ បណ្តាប្រទេសអឺរ៉ុបខាងកើតដែលធ្លាប់ស្ថិតក្រោមឥទ្ធិពលសូវៀត បានចាប់ផ្តើមបង្វែរទិសដៅងាករេទៅកាន់លោកខាងលិច និងស្ថាប័នអឺរ៉ុប-អាត្លង់ទិក។ ប្រទេសជាច្រើនបានចូលជាសមាជិកអង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) ខណៈរុស្ស៊ី មើលឃើញការវិវត្តនេះថាជាការបង្រួមលំហយុទ្ធសាស្ត្ររបស់ខ្លួន។ ស្ថានភាពពេលនោះគេមើលឃើញថា រុស្ស៊ីបានបាត់បង់តំបន់ដែលធ្លាប់ជាផ្នែកនៃ «លំហដែនឥទ្ធិពល» (Sphere of Influence) របស់ខ្លួនដែលគឺជាសញ្ញានៃការធ្លាក់ចុះក្នុងឋានៈជាមហាអំណាចរបស់រុស្ស៊ី។

លុះក្រោយមកក្នុងអំឡុងពេលដឹកនាំរបស់លោក បូរីស យែលស៊ីន (Boris Yeltsin) រុស្ស៊ីបានព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយលោកខាងលិច និងចូលរួមក្នុងប្រព័ន្ធអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែការរំពឹងទុកដែលថា លោកខាងលិចនឹងទទួលស្គាល់ រុស្ស៊ីជាដៃគូស្មើភាពនោះគឺហាក់មិនអាចបានក្លាយជាការពិតឡើយ ប្រៀបដូចជាអំបិលត្រូវទឹកអញ្ចឹងដែរ ព្រោះថាការពង្រីកអង្គការណាតូទៅកាន់អឺរ៉ុបខាងកើត និងវិបត្តិកូសូវ៉ូក្នុងឆ្នាំ១៩៩៩ ហាក់បានបង្កើនសម្ពាធផ្លូវអារម្មណ៍ដល់ថ្នាក់ដឹកនាំរុស្ស៊ី ក្រោមហេតុផលថាផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ីកំពុងត្រូវបានគេមើលរំលង។

ពិតណាស់ទស្សវត្សរ៍ឆ្នាំ៩០ នេះជាមេរៀនសម្រាប់រុស្ស៊ីដែលរងនូវភាពជូរចត់។ ក៏ប៉ុន្តែគេយល់ថា ក្នុងគ្រោះក៏រមែងតែងមានលាភខ្លះដែរ។ ស្ថានភាពនោះ វាក៏បានបង្កើតមូលដ្ឋានផ្លូវចិត្ត និងយុទ្ធសាស្ត្រសម្រាប់ការវិលត្រឡប់របស់រុស្ស៊ីនៅសតវត្សទី២១។ ជាក់ស្តែងអារម្មណ៍នៃការបាត់បង់ឋានៈជាមហាអំណាច ការព្រួយបារម្ភចំពោះការពង្រីកណាតូ និងបំណងស្តារឡើងវិញនូវឥទ្ធិពលរបស់រុស្ស៊ី បានក្លាយជាកត្តាសំខាន់ដែលជំរុញគោលនយោបាយរបស់ទីក្រុងមូស្គូ កាន់តែផុលផុសពិសេសនៅក្រោមការដឹកនាំរបស់លោក វ្ល៉ាឌីមៀ ពូទីនចាប់តាំងពីឆ្នាំ២០០០មក។

ដូច្នេះការដួលរលំនៃសហភាពសូវៀតមិនបានបញ្ចប់តួនាទីទាំងស្រុងរបស់រុស្ស៊ី ក្នុងនយោបាយពិភពលោកឡើយ។ ផ្ទុយទៅវិញ វាគ្រាន់តែជាដំណាក់កាលអន្តរកាលមួយប៉ុណ្ណោះ ដែលរុស្ស៊ីត្រូវការពេលដើម្បីសម្របខ្លួនទៅនឹងស្ថានភាពថ្មី មុននឹងចាប់ផ្តើមដំណើរការស្តារឡើងវិញនូវអំណាចជាតិ និងវិលត្រឡប់មកកាន់ឆាកអន្តរជាតិក្នុងនាមជា មហាអំណាចមួយទៀត។

២.២ ការស្តារអំណាចរបស់លោកពូទីន (២០០០–២០០៨)

ពន្លឺនៃឧត្តមភាពហាក់ចាប់ផ្តើមចែងចាំងឡើងវិញក្នុងប្រទេសរុស្ស៊ី ដែលគេចាត់ទុកថា ជារបត់ប្រវត្តិសាស្ត្រ ក្នុងនយោបាយរុស្ស៊ី បានអង្រួនឧត្តមភាពរុស្ស៊ី ឱ្យប្រែប្រួលយ៉ាងខ្លាំងក្រោយការឡើងកាន់អំណាចរបស់លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅឆ្នាំ២០០០។ ព្រឹត្តិការណ៍នោះគឺត្រូវបានគេចាត់ទុកថា ជាចំណុចរបត់ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្ររុស្ស៊ីក្រោយសង្គ្រាមត្រជាក់ផងដែរ។ ពោលគឺបន្ទាប់ពីទសវត្សរ៍ឆ្នាំ១៩៩០ ដែលពោរពេញទៅដោយវិបត្តិសេដ្ឋកិច្ច ភាពចលាចលនយោបាយនិងការធ្លាក់ចុះនៃឥទ្ធិពលអន្តរជាតិ លោក ពូទីន បានដាក់ចេញនូវគោលដៅសំខាន់មួយ គឺការស្តារឡើងវិញនូវភាពរឹងមាំរបស់រដ្ឋរុស្ស៊ី។ គេយល់ថា សម្រាប់លោកពូទីន ការរក្សាស្ថិរភាពនយោបាយ ការពង្រឹងអំណាចកណ្តាល និងការស្តារឋានៈជាមហាអំណាច គឺជាលក្ខខណ្ឌចាំបាច់សម្រាប់អនាគតរបស់រុស្ស៊ី ក្នុងសតវត្សទី២១។

ជាមួយគ្នានេះ អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិជាច្រើនហាក់យល់ស្របគ្នាថា ជំហានដំបូងរបស់លោក ពូទីន គឺពង្រឹងអំណាចរដ្ឋកណ្តាលឡើងវិញ (Recentralization of State Power) ដោយសារតែក្នុងទសវត្សរ៍ឆ្នាំ១៩៩០ អំណាចរបស់រដ្ឋកណ្តាលបានចុះខ្សោយ ខណៈមេដឹកនាំតំបន់ និងក្រុមមហាសេដ្ឋី (Oligarchs) មានឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ច និងនយោបាយជាតិ។ គេសម្គាល់ឃើញលោក ពូទីនបានអនុវត្តវិធានការជាច្រើនដើម្បីដាក់ស្ថាប័នរដ្ឋឱ្យមានប្រសិទ្ធភាពឡើងវិញ កាត់បន្ថយឥទ្ធិពលរបស់ក្រុម Oligarchs និងពង្រឹងការគ្រប់គ្រងរបស់វិមានក្រឹមឡាំងលើតំបន់ផ្សេងៗ។ ដំណើរការនេះបានធ្វើឱ្យរដ្ឋរុស្ស៊ីអាចស្តារសមត្ថភាពក្នុងការដឹកនាំសេដ្ឋកិច្ច និងអនុវត្តគោលនយោបាយជាតិបានកាន់តែមានប្រសិទ្ធភាព។

កត្តាអំណោយផលសំខាន់មួយទៀតនៃការស្តារអំណាចរុស្ស៊ី គឺការកើនឡើងនៃតម្លៃប្រេង និងឧស្ម័ននៅលើទីផ្សារពិភពលោក។ គេចាំបានថា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ២០០០ រុស្ស៊ីបានទទួលប្រាក់ចំណូលយ៉ាងច្រើនពីការនាំចេញថាមពល ជាពិសេសទៅកាន់អឺរ៉ុប។ ប្រាក់ចំណូលនេះបានជួយស្តារសេដ្ឋកិច្ចជាតិ បង្កើនទុនបម្រុងបរទេស និងពង្រឹងថវិការដ្ឋ។ ជាលទ្ធផល រុស្ស៊ីអាចសងបំណុលអន្តរជាតិ បង្កើនប្រាក់បៀវត្ស និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យយោធា។ សកម្មភាពនេះ ក្នុងន័យភូមិសាស្ត្រនយោបាយ ថាមពលបានក្លាយជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់ ដែលអនុញ្ញាតឱ្យរុស្ស៊ីពង្រីកឥទ្ធិពលរបស់ខ្លួនលើប្រទេសជិតខាង និងបណ្តាប្រទេសអឺរ៉ុប។

ទន្ទឹមនឹងការស្តារសេដ្ឋកិច្ច រុស្ស៊ីក៏បានចាប់ផ្តើមធ្វើទំនើបកម្មយោធាផងដែរ។ មេដឹកនាំរុស្ស៊ីបានយល់ឃើញថា កម្លាំងយោធាដែលធ្លាក់ចុះក្រោយការដួលរលំនៃសហភាពសូវៀត គឺជាឧបសគ្គសម្រាប់ការស្តារឋានៈមហាអំណាច។ ដូច្នេះរដ្ឋាភិបាលរុស្ស៊ី បានបង្កើនថវិកាការពារជាតិ ធ្វើកំណែទម្រង់កងទ័ព និងវិនិយោគលើប្រព័ន្ធអាវុធទំនើបៗ។ ការស្តារកម្លាំងយោធានេះ មិនត្រឹមតែមានគោលបំណងការពារសន្តិសុខជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារមួយទៅកាន់ពិភពលោកថា រុស្ស៊ីកំពុងវិលត្រឡប់មកកាន់ឋានៈមហាអំណាចវិញ។

អ្នកវិភាគនិងអ្នកតាមដានព្រឹត្តការណ៍អន្តរជាតិបានសម្គាល់ឃើញការផ្លាស់ប្តូរដ៏សំខាន់បំផុតមួយនៅក្នុងគោលនយោបាយការបរទេសរុស្ស៊ី ដែលបានបង្ហាញយ៉ាងច្បាស់នៅក្នុងសុន្ទរកថាទីក្រុងមុយនិច (Munich Security Conference Speech) ឆ្នាំ២០០៧។ នៅទីនោះលោក ពូទីន បានរិះគន់យ៉ាងចំហចំពោះសណ្តាប់ធ្នាប់ឯកប៉ូលដែលដឹកនាំដោយសហរដ្ឋអាមេរិក និងបានប្រឆាំងចំពោះការពង្រីកអង្គការណាតូទៅកាន់អឺរ៉ុបខាងកើត។ សុន្ទរកថានេះត្រូវបានអ្នកវិភាគជាច្រើនចាត់ទុកថា ជាការប្រកាសជាផ្លូវការនៃការវិលត្រឡប់របស់រុស្ស៊ីទៅកាន់នយោបាយអំណាច (Power Politics) និងការប្រកួតប្រជែងមហាអំណាចក្នុងសតវត្សទី២១។

ស្រដៀងគ្នានេះដែរ ពីទស្សនៈភូមិសាស្ត្រនយោបាយ ដំណាក់កាលឆ្នាំ២០០០–២០០៨ គឺជាសម័យដែលរុស្ស៊ី ហាក់បានផ្លាស់ប្តូរពីស្ថានភាពនៃការរស់រានមានជីវិត (Survival) ទៅកាន់ការស្តារឡើងវិញនូវអំណាចជាតិ (National Resurgence)។ ការរួមបញ្ចូលគ្នារវាងអំណាចរដ្ឋកណ្តាល កំណើនសេដ្ឋកិច្ចដែលផ្អែកលើថាមពល និងការស្តារកម្លាំងយោធា បានបង្កើតមូលដ្ឋានសម្រាប់ការប្រឈមរបស់រុស្ស៊ីជាមួយលោកខាងលិចនៅទសវត្សរ៍បន្ទាប់។ ពិតហើយប្រសិនបើទសវត្សរ៍ឆ្នាំ១៩៩០ គឺជាសម័យនៃការធ្លាក់ចុះរបស់រុស្ស៊ីមែននោះ ឆ្នាំ២០០០–២០០៨ គឺជាសម័យដែលរុស្ស៊ីបានចាប់ផ្តើមបង្ហាញថា ខ្លួនមិនព្រមទទួលយកតួនាទីជាមហាអំណាចថ្នាក់ទីពីរនៅក្នុងប្រព័ន្ធអន្តរជាតិបានឡើយ។

អាស្រ័យហេតុនេះ ការស្តារអំណាចរបស់លោក ពូទីន មិនមែនជាការស្តារសេដ្ឋកិច្ច ឬកម្លាំងយោធាតែប៉ុណ្ណោះទេ ប៉ុន្តែជាការស្តារឡើងវិញនូវអត្តសញ្ញាណ និងមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់រុស្ស៊ី។ ដំណាក់កាលនេះបានក្លាយជាគ្រឹះសម្រាប់សកម្មភាពរបស់រុស្ស៊ី នៅហ្សកហ្ស៊ី ក្នុងឆ្នាំ២០០៨ គ្រីមៀក្នុងឆ្នាំ២០១៤ និងអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដែលនឹងផ្លាស់ប្តូរសណ្តាប់ធ្នាប់សន្តិសុខអឺរ៉ុប និងពិភពលោកទាំងមូល។

២.៣ រុស្ស៊ី និងការប្រឈមជាមួយលោកខាងលិច (២០០៨–២០២២)

ជាអ្នកភូមិផងរបងជាមួយដែលគេចាត់ទុកប្រៀបបានជាអណ្តាតនិងធ្មេញនោះ ទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិចបានឈានចូលដំណាក់កាលថ្មីមួយ ដែលត្រូវបានកំណត់ដោយការប្រកួតប្រជែង ភាពមិនទុកចិត្តគ្នា និងជម្លោះភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងចាប់ពីឆ្នាំ២០០៨មក។ ពិតណាស់ក្នុងដំណាក់កាលឆ្នាំ២០០០–២០០៨ រុស្ស៊ីផ្តោតលើការស្តារអំណាចជាតិ ហើយក្នុងដំណាក់កាលបន្ទាប់មកនេះ ទីក្រុងមូស្គូបានចាប់ផ្តើមប្រើប្រាស់អំណាចនោះ ដើម្បីការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួន និងទប់ទល់នឹងអ្វីដែលខ្លួនចាត់ទុកថា ជាការពង្រីកឥទ្ធិពលរបស់លោកខាងលិចចូលមកក្នុងលំហសន្តិសុខរបស់រុស្ស៊ី។

បរិការណ៍នេះ ចំណុចរបត់ដំបូងបានកើតឡើងនៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងហ្សកហ្ស៊ី (Georgia) ក្នុងខែសីហា ឆ្នាំ២០០៨។ ជម្លោះនេះបានផ្ទុះឡើងជុំវិញតំបន់ South Ossetia និង Abkhazia ដែលមាននិន្នាការផ្តាច់ខ្លួនពីហ្សកហ្ស៊ី និងទទួលបានការគាំទ្រពីរុស្ស៊ី។ បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលត្រឹមតែប៉ុន្មានថ្ងៃ កងទ័ពរុស្ស៊ីបានយកឈ្នះ និងបង្ហាញឱ្យឃើញថា រុស្ស៊ីមានឆន្ទៈប្រើប្រាស់កម្លាំងយោធា ដើម្បីការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងអតីតលំហសូវៀត។ គេយល់ថា ពីទស្សនៈរបស់ទីក្រុងមូស្គូ តាមរយៈសង្គ្រាមនេះ គឺជាការផ្ញើសារមួយទៅកាន់លោកខាងលិចថា រុស្ស៊ីនឹងមិនអនុញ្ញាតឱ្យបណ្តាប្រទេសជិតខាងចូលរួមក្នុងសម្ព័ន្ធភាពយោធាដែលអាចគំរាមកំហែងដល់សន្តិសុខរបស់ខ្លួនឡើយ។

ទិដ្ឋភាពមួយទៀត គេក៏សម្គាល់ឃើញភាពតានតឹងបានកើនឡើងកាន់តែខ្លាំងនៅឆ្នាំ២០១៤ បន្ទាប់ពីវិបត្តិនយោបាយនៅអ៊ុយក្រែន។ ការផ្តួលរំលំប្រធានាធិបតី Viktor Yanukovych ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី និងការងាករេរបស់អ៊ុយក្រែន ទៅរកសហភាពអឺរ៉ុបនិងណាតូ ហាក់បានធ្វើឱ្យរុស្ស៊ីចាត់ទុកថា ផលប្រយោជន៍សន្តិសុខស្នូលរបស់ខ្លួនកំពុងរងការគំរាមកំហែង។ ជាការឆ្លើយតប រុស្ស៊ីបានកាត់បញ្ចូលតំបន់គ្រីមៀ (Crimea) ចូលក្នុងទឹកដីរបស់ខ្លួន និងគាំទ្រក្រុមបំបែកខ្លួននៅតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន។ ព្រឹត្តិការណ៍នេះបានបង្កឱ្យកើតមានវិបត្តិធំបំផុតមួយនៅអឺរ៉ុបក្រោយសង្គ្រាមត្រជាក់ និងនាំឱ្យលោកខាងលិចដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងច្រើនសម្បើមលើរុស្ស៊ី។

គួររំលឹកផងដែរថា ក្រៅពីអ៊ុយក្រែន រុស្ស៊ីក៏បានបង្ហាញសមត្ថភាពក្នុងការពង្រីកឥទ្ធិពលទៅកាន់តំបន់ផ្សេងៗផងដែរ។ ជាក់ស្តែងនៅឆ្នាំ២០១៥ រុស្ស៊ីបានអន្តរាគមន៍យោធានៅស៊ីរី ដើម្បីគាំទ្ររដ្ឋាភិបាលរបស់លោកប្រធានាធិបតី Bashar al-Assad ដែលក្រុមបច្ចឹមប្រទេសចាត់ទុកថាជាជនផ្តាច់ការ។ ការអន្តរាគមន៍នេះបានផ្លាស់ប្តូរទិសដៅនៃសង្គ្រាមស៊ីវិលស៊ីរី និងបង្ហាញថា រុស្ស៊ីនៅតែមានសមត្ថភាពប្រតិបត្តិការយោធានៅក្រៅតំបន់អឺរ៉ាស៊ី។ ចំពោះទីក្រុងមូស្គូ សកម្មភាពនេះវាជាឱកាសដើម្បីបង្ហាញពីការវិលត្រឡប់របស់រុស្ស៊ី ក្នុងនាមជាមហាអំណាចពិភពលោក និងជាតួអង្គដែលមិនអាចរំលងបាននៅក្នុងបញ្ហាសន្តិសុខអន្តរជាតិ។

ក្នុងន័យម្យ៉ាងទៀត បើយើងមើលពីទស្សនៈទ្រឹស្តីទំនាក់ទំនងអន្តរជាតិ ជម្លោះរវាងរុស្ស៊ី និងលោកខាងលិចតែងតែត្រូវបានពន្យល់តាមរយៈគោលគំនិត «ទ្វេរគ្រោះសន្តិសុខ» (Security Dilemma)។ សម្រាប់អង្គការណាតូ ការពង្រីកសមាជិកភាពទៅកាន់អឺរ៉ុបខាងកើត គឺជាការពង្រឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ក៏ប៉ុន្តែសម្រាប់រុស្ស៊ី ការពង្រីកនេះត្រូវបានបកស្រាយថា ជាការរំលោភលើលំហ សន្តិសុខរបស់ខ្លួន។ ដូច្នេះសកម្មភាពដែលភាគីម្ខាងចាត់ទុកថា ជាការការពារខ្លួន ត្រូវបានភាគីម្ខាងទៀតមើលឃើញថាជាការគំរាមកំហែង។ ភាពមិនទុកចិត្តគ្នានេះបានបង្កើតវដ្តនៃការប្រកួតប្រជែង និងការបង្កើនសមត្ថភាពយោធាជាបន្តបន្ទាប់។

ទ្រនិចនាឡិការនៅបន្តដើរ នោះមានន័យថា ការវិវត្តរបស់ពិភពលោកនិងបញ្ហាតំបន់ក៏បន្តមានជាហូតដែរ ជាក់ស្តែងភាពតានតឹងបានឈានដល់ចំណុចកំពូលនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅពេលរុស្ស៊ីបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំលើអ៊ុយក្រែន។ សង្គ្រាមឈ្លានពាននេះមិនត្រឹមតែជាជម្លោះរវាងប្រទេសពីរប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាការប្រឈមដោយប្រយោលរវាងរុស្ស៊ី និងលោកខាងលិចទាំងមូល។ វាបានបង្កឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើប ការបង្កើនចំណាយយោធារបស់បណ្តាប្រទេសណាតូ និងការវិលត្រឡប់នៃការប្រកួតប្រជែងមហាអំណាចនៅអឺរ៉ុប។ សកម្មភាពនេះត្រូវបានអ្នកវិភាគជាច្រើនបានចាត់ទុកសង្គ្រាមអ៊ុយក្រែនថា ជាការបញ្ចប់ជាក់ស្តែងនៃសណ្តាប់ធ្នាប់សន្តិសុខអឺរ៉ុបដែលបានកើតឡើងក្រោយការបញ្ចប់សង្គ្រាមត្រជាក់។

សរុបសេចក្តីមក ដំណាក់កាលឆ្នាំ២០០៨–២០២២ គឺជាសម័យដែលរុស្ស៊ីបានផ្លាស់ប្តូរពីការស្តារអំណាច ទៅជាការប្រើប្រាស់អំណាចដើម្បីការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួន។ តាមរយៈសង្គ្រាមហ្សកហ្ស៊ី វិបត្តិគ្រីមៀ ការអន្តរាគមន៍នៅស៊ីរី និងសង្គ្រាមអ៊ុយក្រែន បានបង្ហាញថា រុស្ស៊ីនៅតែជាតួអង្គភូមិសាស្ត្រនយោបាយដ៏សំខាន់មួយ ដែលមានសមត្ថភាពផ្លាស់ប្តូរតុល្យភាពអំណាចក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍ទាំងនេះក៏បានក្លាយជាកត្តាសំខាន់មួយដែលជំរុញការផ្លាស់ប្តូរពីពិភពលោកឯកបង្គោល ទៅកាន់ពិភពលោកដែលមានលក្ខណៈពហុបង្គោលកាន់តែច្បាស់ឡើង។

២.៤ ផលប៉ះពាល់ភូមិសាស្ត្រនយោបាយនៃការវិលត្រឡប់របស់រុស្ស៊ី

គេជឿថា ការវិលត្រឡប់របស់រុស្ស៊ីក្នុងសតវត្សទី២១ បានក្លាយជាបាតុភូតភូមិសាស្ត្រនយោបាយដ៏សំខាន់មួយ ដែលបានផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ ការគណនាយុទ្ធសាស្ត្ររបស់មហាអំណាច និងស្ថាបត្យកម្មសន្តិសុខក្នុងតំបន់អឺរ៉ុប និងអឺរ៉ាស៊ី។ បន្ទាប់ពីរយៈពេលជាងមួយទសវត្សរ៍នៃភាពទន់ខ្សោយក្រោយការដួលរលំនៃសហភាពសូវៀត រុស្ស៊ីបានបង្ហាញថា ខ្លួននៅតែមានសមត្ថភាពប្រើប្រាស់អំណាចសេដ្ឋកិច្ច ថាមពល យោធា និងការទូត ដើម្បីការពារផលប្រយោជន៍ជាតិ និងជះឥទ្ធិពលទៅលើការវិវត្តនៃនយោបាយពិភពលោក។ ជាលទ្ធផល គេយល់ថា ការវិលត្រឡប់របស់រុស្ស៊ីបានក្លាយជាកត្តាសំខាន់មួយដែលជំរុញការផ្លាស់ប្តូរពីពិភពលោកឯកប៉ូលទៅកាន់ពិភពលោកពហុប៉ូលដូចតទៅ។

- ផលប៉ះពាល់ទីមួយ គឺការបញ្ចប់ជាក់ស្តែងនៃ «សន្តិភាពក្រោយ សង្គ្រាមត្រជាក់» នៅអឺរ៉ុប។ ពិតណាស់អស់រយៈពេលជាច្រើនឆ្នាំក្រោយឆ្នាំ១៩៩១ អ្នកនយោបាយ និងអ្នកវិភាគជាច្រើនជឿថា អឺរ៉ុបបានឈានចូលសម័យដែលមានសន្តិភាពយូរអង្វែង និងជាយុគដែលជម្លោះយោធាទ្រង់ទ្រាយធំរវាងរដ្ឋនឹងមិនកើតមានទៀតឡើយ។ ប៉ុន្តែសង្គ្រាមហ្សកហ្ស៊ីឆ្នាំ២០០៨ ការកាត់បញ្ចូលគ្រីមៀឆ្នាំ២០១៤ និងជាពិសេសសង្គ្រាមអ៊ុយក្រែនឆ្នាំ២០២២ ហាក់ប្រៀបបានដាស់អឺរ៉ុបនិងពិភភបលោកទាំងមូលឱ្យងើបពីដំនេក និងជាសញ្ញាបានបង្ហាញថា ការប្រើប្រាស់កម្លាំងយោធាដើម្បីសម្រេចគោលដៅនយោបាយ នៅតែជាការពិតនៅក្នុងទំនាក់ទំនងអន្តរ ជាតិ។ ព្រឹត្តិការណ៍ទាំងនេះបានធ្វើឱ្យបណ្តាប្រទេសអឺរ៉ុបត្រូវពិចារណាឡើងវិញអំពីគោលនយោបាយសន្តិសុខ និងការពារជាតិរបស់ខ្លួន។

- ផលប៉ះពាល់ទីពីរ គឺការពង្រឹង និងការរីកធំឡើងវិញរបស់អង្គការណាតូ (NATO)។ គេគួរឱ្យចាប់អារម្មណ៍ថា សកម្មភាពរបស់រុស្ស៊ីដែលមានគោលបំណងទប់ស្កាត់ការពង្រីកណាតូ បែរជាបានជំរុញឱ្យអង្គការនេះកាន់តែរឹងមាំទៅវិញ។ តាមទ្រឹស្តីបទច្រាស់ ព្រោះថា ក្រោយសង្គ្រាមអ៊ុយក្រែន ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលធ្លាប់រក្សាអព្យាក្រឹតភាពអស់រយៈពេលជាច្រើនទសវត្សរ៍ បានសម្រេចចិត្តចូលជាសមាជិកណាតូ។ ការវិវត្តនេះបានធ្វើឱ្យព្រំដែនផ្ទាល់រវាងរុស្ស៊ី និងណាតូកាន់តែវែង និងបង្កើនការប្រកួតប្រជែងផ្នែកសន្តិសុខនៅអឺរ៉ុបខាងជើង។

- ផលប៉ះពាល់ទីបី គឺការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយថាមពលពិភពលោក។ ពិតហើយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែល អឺរ៉ុបបានពឹងផ្អែកយ៉ាងខ្លាំងលើប្រេង និងឧស្ម័នធម្មជាតិរបស់រុស្ស៊ី។ ប៉ុន្តែក្រោយឆ្នាំ២០២២ ប្រទេសអឺរ៉ុបជាច្រើនបានចាប់ផ្តើមភ្ញាក់ខ្លួន និងបានស្វែងរកប្រភពថាមពលជំនួស ព្រមទាំងបានកាត់បន្ថយការពឹងផ្អែកលើទីក្រុងមូស្គូ។ ក្នុងពេលជាមួយគ្នា រុស្ស៊ីបានបង្វែរការនាំចេញថាមពលរបស់ខ្លួនទៅកាន់ទីផ្សារអាស៊ី ជាពិសេសចិន និងឥណ្ឌា។ ការវិវត្តនេះបានបង្ហាញថា ថាមពលមិនមែនគ្រាន់តែជាទំនិញសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍ភូមិសាស្ត្រនយោបាយដ៏មានឥទ្ធិពលនាសតវត្សរ៍ទី២១នេះ។

- ផលប៉ះពាល់ទីបួន គឺការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្ររវាងរុស្ស៊ី និងចិន។ បើទោះបីជាប្រទេសទាំងពីរមិនបានបង្កើតសម្ព័ន្ធភាពយោធាផ្លូវការក៏ដោយ ប៉ុន្តែការប្រឈមរួមជាមួយសហរដ្ឋអាមេរិក និងលោកខាងលិច បានធ្វើឱ្យទីក្រុងមូស្គូ និងប៉េកាំងកាន់តែខិតជិតគ្នា។ កិច្ចសហប្រតិបត្តិការលើវិស័យថាមពល ពាណិជ្ជកម្ម បច្ចេកវិទ្យា និងសន្តិសុខ បានក្លាយជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ។ ត្រង់នេះបើយើងមើលពីទស្សនៈភូមិសាស្ត្រនយោបាយ ភាពជិតស្និទ្ធនេះបានបង្កើតតុល្យភាពអំណាចថ្មីមួយនៅ អឺរ៉ាស៊ី និងបង្កើនការព្រួយបារម្ភរបស់លោកខាងលិច។ បើប្រទេសទាំងពីរកាន់កៀកគ្នា ប្រៀបបីដូចជាខ្លែងជួបខ្យល់ដូច្នោះដែរ។

- ផលប៉ះពាល់ទីប្រាំ គឺការជំរុញការកកើតនៃប្រព័ន្ធពហុប៉ូល (Multipolarity)។ ការវិលត្រឡប់របស់រុស្ស៊ី បានបង្ហាញថា សហរដ្ឋអាមេរិកមិនអាចកំណត់ទិសដៅនយោបាយអន្តរជាតិដោយឯកតោភាគីដូចទសវត្សរ៍ឆ្នាំ១៩៩០ បានទៀតឡើយ។ ត្រង់នេះមានន័យថា បើទោះបីជាសេដ្ឋកិច្ចរុស្ស៊ីមានទំហំតូចជាងសហរដ្ឋអាមេរិក ឬចិនក៏ដោយ ប៉ុន្តែទីក្រុងមូស្គូនៅតែមានសមត្ថភាពជះឥទ្ធិពលដល់បញ្ហាសន្តិសុខពិភពលោក តាមរយៈកម្លាំងយោធា ធនធានថាមពល និងឋានៈជាមហាអំណាចនុយក្លេអ៊ែរ។ ក្នុងន័យនេះរុស្ស៊ីបានក្លាយជាសសរស្តម្ភធំមួយនៃការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកពីឯកបង្គោលទៅពហុប៉ូល។

សរុបសេចក្តីមក ការវិលត្រឡប់របស់រុស្ស៊ីបានផ្លាស់ប្តូរទាំងតុល្យភាពអំណាច ស្ថាបត្យកម្មសន្តិសុខ និងទិសដៅនៃនយោបាយពិភពលោក។ ប្រសិនបើការកើនឡើងរបស់ចិនបានជំរុញការផ្លាស់ប្តូរតុល្យភាពសេដ្ឋកិច្ចពិភពលោក នោះការវិលត្រឡប់របស់រុស្ស៊ីបានជំរុញការផ្លាស់ប្តូរតុល្យភាពសន្តិសុខ និងយុទ្ធសាស្ត្រពិភពលោក។ ប្រទេសទាំងពីរនេះបានក្លាយជាកត្តាស្នូល ដែលហាក់ជំរុញការបញ្ចប់សម័យឯកប៉ូលក្រោយសង្គ្រាមត្រជាក់ និងបើកផ្លូវទៅកាន់សណ្តាប់ធ្នាប់អន្តរជាតិថ្មីក្នុងសតវត្សទី២១។

ដូច្នេះហើយ ការវិលវិញរបស់រុស្ស៊ី ជាសញ្ញាប្រាប់ដល់ពិភពលោកថា យុគសម័យឯកប៉ូលហាក់បានផុតរលុតទៅក្នុងស្បៃអន្ធិការបាត់ទោហើយ។ អ្វីដែលគេឃើញមានក្នុងប្រព័ន្ធអន្តរជាតិសម័យទំនើប គឺតួនាទីរុស្ស៊ីដែលមិនអាចខ្លះបានឡើយ ដោយរុស្ស៊ីនៅតែមានសម្តថភាពអាចជង្រួន អឺរ៉ុប និងដេស្ឋកិច្ចសកលបានស្ទើរទាំងស្រុង។ ម្យ៉ាងវិញទៀតការវិលមកវិញសាជាថ្មីលើកនេះ អ្នកគាំទ្រលោកពូទីនជាច្រើនជឿថា រុស្ស៊ីកំពុងឆ្ពោះទៅរកការស្តាឡើងវិញនូវឋានៈជាមហាអំណាចនៃយុគមាសមួយដ៏អស្ចារ្យ។

ទន្ទឹមនឹងនេះ ការវិលត្រឡប់របស់រុស្ស៊ីក៏បានបង្កើនការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក និងលោកខាងលិច ទាំងក្នុងវិស័យយុទ្ធសាស្ត្រ សន្តិសុខ និងសេដ្ឋកិច្ចផងដែរ។ ស្ថានភាពនេះ យើងអាចហៅថា រុស្ស៊ីជាព្រះអាទិត្យដែលលិចហើយរះឡើងវិញ ហើយនឹងនាំសណ្តាប់ធ្នាប់ពិភពលោកទៅកាន់ស្ថានភាពមួយដែលគេហៅថា ពីភពលោកសម័យថ្មី។ ម្យ៉ាងវិញទៀត «ការវិលត្រឡប់របស់រុស្ស៊ីបានបង្ហាញថា ការធ្លាក់ចុះនៃមហាអំណាចមួយ មិនមែនមានន័យថា អំណាចនោះនឹងបាត់បង់តួនាទីជារៀងរហូតឡើយ។ តាមរយៈការស្តារសេដ្ឋកិច្ច កម្លាំងយោធា និងឥទ្ធិពលការទូត រុស្ស៊ីបានវិលត្រឡប់មកកាន់ឆាកអន្តរជាតិជាថ្មី ក្នុងនាមជាតួអង្គដ៏សំខាន់មួយនៃនយោបាយពិភពលោក»

ជាងនេះទៅទៀត ស្របជាមួយនឹងការកើនឡើងរបស់ចិន និងការវិលត្រឡប់របស់រុស្ស៊ី ត្រូវបានអ្នកវិភាគជាច្រើនក៏បានលើកឡើងអំពី «ការធ្លាក់ចុះជាសមាមាត្រ (Relative Decline) នៃឥទ្ធិពលសហរដ្ឋអាមេរិក បើប្រៀបធៀបទៅនឹងការកើនឡើងរបស់មជ្ឈមណ្ឌលអំណាចថ្មីៗ»។ ភស្តុតាងនានាពិសេសតាមរយៈសង្គ្រាមអ៊ីរ៉ាក់ វិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ និងការកើនឡើងនៃមជ្ឈមណ្ឌលអំណាចថ្មីៗ បានធ្វើឱ្យប្រព័ន្ធអន្តរជាតិចាប់ផ្តើមផ្លាស់ប្តូរពីការគ្រប់គ្រងដោយមហាអំណាចតែមួយ ទៅកាន់ការចែករំលែកឥទ្ធិពលរវាងមហាអំណាចជាច្រើន។ ក្នុងស្មារតីនេះការពង្រីកក្រុម (BRICS) និងការកើនឡើងនៃប្រទេស (Global South) បានក្លាយជាសញ្ញាបង្ហាញថា ប្រទេសនានាកំពុងអភិវឌ្ឍន៍ជាច្រើន កំពុងស្វែងរកសំឡេង និងតួនាទីកាន់តែធំក្នុងការគ្រប់គ្រងកិច្ចការពិភពលោក។

សំណួរសំខាន់មួយដែលកំពុងត្រូវបានសួរនៅក្នុងសតវត្សទី២១ គឺថា «តើប្រព័ន្ធពហុប៉ូលនឹងនាំមកនូវតុល្យភាព និងស្ថិរភាពថ្មី ឬក៏នឹងក្លាយជាប្រភពនៃការប្រកួតប្រជែង និងជម្លោះរវាងមជ្ឈមណ្ឌលអំណាចធំៗក្នុងលោក?»