ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដើម្បីពង្រឹងយន្តការ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មវិនិយោគ

09-06-2026 13:44

(តូក្យូ)៖ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូកម្ពុជា បន្តជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក KOMORI Takuo អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI)។

អមដំណើរលោកឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបពិភាក្សាការងារជាន់ខ្ពស់នាឱកាសនេះ ក៏មានការចូលរួមពី លោក ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម។

ជំនួបពិភាក្សាការងារទ្វេភាគីដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ដោយស្ថានទូតជប៉ុន ក្រោមកិច្ចសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងតូក្យូ ក្នុងគោលបំណងពង្រឹងយន្តការ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ តាមរយៈយន្តការដែលមានស្រាប់ដូចជាការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (BCT) និងការអភិវឌ្ឍវិស័យឧស្សាហកម្មរវាងប្រទេសទាំងពីរ ឱ្យឈានឡើងខ្ពស់ថែមមួយកម្រិតទៀត។

ជំនួបរវាងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងក្រសួង METI ជប៉ុន នាឱកាសនេះ គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងពីចំណងដ៏រឹងមាំនៃទំនាក់ទំនងការទូតសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងកម្រិតរដ្ឋាភិបាលនិងរដ្ឋាភិបាល (G2G) ដើម្បីធានាបាននូវលំហូរវិនិយោគប្រកបដោយគុណភាព សំដៅជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពធន់ វឌ្ឍនភាព និងរីកចម្រើនរុងរឿងប្រកបដោយចីរភាពនាពេលអនាគត។

គួររម្លឹកផងដែរថា៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការស្តីពី កិច្ចសហប្រតិបត្តិការវិនិយោគ ដែលមានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ (១) ការលើកកម្ពស់សកម្មភាពជំរុញការវិនិយោគ (២) ការសម្របសម្រួលកិច្ចការវិនិយោគ និង (៣) ការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (Business Co-creation Team)៕