អាជ្ញាធក្រុងដូនកែវ ចាប់ផ្ដើមចាត់វិធានការក្ដៅ ចុះរំដោះផ្លូវជុំវិញផ្សារធំតាកែវ ក្រោយអាជីវករមួយចំនួនរឹងរូសមិនព្រមស្ដាប់ការណែនាំ

09-06-2026 14:16

(តាកែវ)៖ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង និងការរំដោះដងផ្លូវជុំវិញផ្សារតាកែវដែលជាកង្វល់របស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងទី៩ ​ខែមិថុនា ឆ្នាំ២០២៦ លោក សុខ គង្គារ័ត្ន អភិបាលរងក្រុងដូនកែវ បានដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តវិធានការណ៍ចំពោះមុខ ក្នុងការរំដោះដងផ្លូវសាធារណៈនៅជុំវិញបរិវេណផ្សារធំតាកែវ។

លោក សុខ គង្គារ័ត្ន អភិបាលរងក្រុង បានថ្លែងឲ្យថា ដោយមានការណែនាំពីលោកអភិបាលក្រុង លោកបានដឹកនាំប្រតិបត្តិការចុះរៀបចំសណ្ដាប់ធ្នាប់ និងរំដោះដងផ្លូវនិងដាក់វិធានការ ចំពោះក្រុមអាជីវករមួយចំនួន ដែលនៅតែបន្តរំលោភបំពានយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈធ្វើជាកន្លែងតាំងលក់ដូរ បើទោះបីជាកន្លងមក អាជ្ញាធរក្រុងបានចុះអប់រំណែនាំ និងទុករយៈពេលកំណត់ (ឱសានវាទ) ឱ្យធ្វើការកែតម្រូវ និងរុះរើដោយស្ម័គ្រចិត្តរួចរាល់ហើយក្ដី។

លោកអភិបាលរងក្រុង បានសង្កត់ធ្ងន់ថា «ការងារនេះ ខ្ញុំធ្វើជាប់ជាប្រចាំ និងចាត់ទុកវាថាជាយុទ្ធសាស្រ្តរំដោះដងផ្លូវព្រោះបើយើងមិនធ្វើទេដងផ្លូវនិងត្រូវបានទន្រ្ទានហើយពិបាកដោះស្រាយនៅពេលខាងមុខ»

អភិបាលរងក្រុងដូនកែវ បានបន្តទៀតថា «យើងបានធ្វើការណែនាំ សម្របសម្រួលជាមួយបងប្អូនអាជីវករដែលដក់តាមដងផ្លូវ និងរៀបចំសម្ភារដែលលយមកលើផ្លូវ ដើម្បីធានាថាដងផ្លូវជុំវិញផ្សារតាកែវទាំងមូលមានភាពធំទូលាយ គ្មានការកកស្ទះ និងមានរបៀបរៀបរយស្រស់ស្អាត សមជាផ្សារគំរូ ហើយអាជ្ញាធក្រុងក៏អំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្រុមអាជីវករទាំងអស់ សូមមេត្តាបន្តចូលរួមគោរពបទប្បញ្ញត្តិ ស្ដីពីការប្រើប្រាស់ ចិញ្ចើមផ្លូវ និងសហការឱ្យបានខ្ជាប់ខ្ជួនជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ សោភ័ណភាព និងភាពស្រស់ស្អាតរបស់ក្រុងដូនកែវឱ្យកាន់តែល្អប្រសើរ និងមានការអភិវឌ្ឍប្រកបដោយ និរន្តរភាពចាប់ពីពេលនេះតទៅ»