ផ្ទះគ្រួសារវីរកងទ័ពជួរមុខ នៅសង្កាត់គោកចក ក្រុងសៀមរាប ត្រូវអគ្គិភ័យឆាបឆេះ, ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងអាជ្ញាធរ នាំអំណោយជូនដើម្បីជួយសម្រួលការលំបាក
09-06-2026 14:39
(សៀមរាប)៖ ព្រះវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងលោកស្រី ឈិន សាវី ចៅសង្កាត់គោកចក ក្រុងសៀមរាប រួមនឹងសហការី នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ បាននិមន្ត និងអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាជូនដល់គ្រួសារកងទ័ព ដែលកំពុងភារកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះ នៅភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប។
ព្រះវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាថា គ្រោះធម្មជាតិ ឬឧបទ្ទវហេតុផ្សេងៗ គឺជារឿងដែលយើងមិនអាចមើលឃើញ ឬដឹងមុនឡើយ ហើយវាបានបន្សល់ទុកនូវការខូចខាតទាំងទ្រព្យសម្បត្តិ និងផ្លូវចិត្តផងដែរ។ ព្រះអង្គ ក៏បានលើកទឹកចិត្តក្រុមគ្រួសារ សូមកុំអស់សង្ឃឹម អត់ធ្មត់ និងមានស្មារតីរឹងមាំ ទោះបីជាផ្ទះសម្បែងត្រូវបាត់បង់ ប៉ុន្តែឱ្យតែយើងមានសុខភាពល្អ មានជីវិតរស់នៅ យើងនឹងអាចចាប់ផ្តើមសាងសង់វាឡើងវិញបាន ហើយព្រះសង្ឃ និងអាជ្ញាធរ ព្រមទាំងអ្នកភូមិផងរបងជាមួយ មិនបោះបង់ញាតិញោមចោលឡើយ។
ព្រះអង្គបន្ថែមថា គ្រឿងឧបភោគបរិភោគ, សម្ភារៈប្រើប្រាស់ និងថវិកាដែលយកមកប្រគល់ជូននាពេលនេះ គឺកើតចេញពីសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ និងសប្បុរសជន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ញាតិញោម, ថ្វីត្បិតតែអំណោយទាំងនេះ វាមិនអាចប៉ះប៉ូវនូវអ្វីដែលបានបាត់បង់ទៅវិញទាំងអស់មែន ប៉ុន្តែវាជាទឹកចិត្ត សាមគ្គីភាព និងជាការចែករំលែកសុខទុក្ខគ្នា ក្នុងនាមជាឈាមជ័រខ្មែរ និងក្នុងនាមព្រះពុទ្ធសាសនា។
លោកស្រី ឈិន សាវី បានសម្តែងនូវសេចក្តីរំជួលចិត្ត និងសោកស្តាយជាខ្លាំង ចំពោះគ្រោះអគ្គិភ័យ ដែលបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលនេះគឺជាទុក្ខលំបាកដ៏ធំធេងមួយ ដែលមិនមានអ្នកណាប្រាថ្នាចង់ជួបនោះឡើយ។
លោកស្រីចៅសង្កាត់ ក៏សូមផ្តាំផ្ញើរ និងណែនាំដល់គ្រួសារដែលរងគ្រោះ សូមថែរក្សាសុខភាពឱ្យបានល្អ រក្សាស្មារតីឱ្យបានរឹងមាំ។ អាជ្ញាធរដែនដី នឹងនៅតែបន្តតាមដានជួយសម្របសម្រួល និងរកវិធីសហការជាមួយសប្បុរសជន ដើម្បីជួយបងប្អូនក្នុងការរៀបចំជីវភាព និងកសាងជម្រកឡើងវិញ។ សូមកុំអស់សង្ឃឹម យើងនឹងរួមសុខ រួមទុក្ខ និងឆ្លងកាត់គ្រាលំបាកនេះជាមួយគ្នា។
សូមជម្រាបថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១២:១០នាទីថ្ងៃត្រង់ មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ដែលមានទំហំ ៨ម៉ែត្រគុណនឹង ១១ម៉ែត្រ កម្ពស់ពីរជាន់ ថ្មក្រោម ឈើលើដំបូលប្រក់ក្បឿង ដែលម្ចាស់ផ្ទះឈ្មោះ ហូយ សាវន (ជាប្រពន្ធ) និងប្តីឈ្មោះ ឆៃ ហួន ជាកងទ័ព (កំពុងឈរជើង នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ)។
សូមបញ្ជាក់ថា ក្នុងករណីនេះគឺបណ្ដាលមកពីទុសសេរខ្សែភ្លើង ធ្វើខូចខាតសម្ភារៈទាំងស្រុង ដែលមានឯកសារអត្តសញ្ញាណផ្សេងៗ ឆេះអស់ទាំងស្រុង និងលុយមួយពាន់ដុល្លារ មាសប្រាំជីមិនឃើញ សំលៀកបំពាក់ និងម៉ាស៊ីនដេរមួយគ្រឿង ព្រមទាំងឆ្នាំងស្ពាន់បូរាណមួយផងដែរ៕

















