មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំស្តីពីការតាក់តែង និងរៀបចំ MoU រវាងក្រុមមេធាវីក្រសួងព័ត៌មាន និងក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន

09-06-2026 14:48

(ភ្នំពេញ)៖ លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការតាក់តែង និងរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមមេធាវីក្រសួងព័ត៌មាន និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន ក្នុងគោលបំណងពង្រឹងកិច្ចសហការផ្នែកច្បាប់ និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្នែកនីតិកម្មរបស់ក្រសួង។

កិច្ចប្រជុំនេះបានផ្តោតលើការពិនិត្យ និងផ្លាស់ប្តូរយោបល់លើខ្លឹមសារសំខាន់ៗនៃអនុស្សរណៈ ដើម្បីធានាឱ្យមានភាពស៊ីសង្វាក់គ្នា ស្របតាមបទប្បញ្ញត្តិច្បាប់ និងតម្រូវការជាក់ស្តែងនៃការអនុវត្តការងារ។

កិច្ចប្រជុំនាឱកាសនេះ ក៏បានពិភាក្សាអំពីយន្តការសហប្រតិបត្តិការ ការផ្តល់ប្រឹក្សាផ្នែកច្បាប់ ការចែករំលែកបទពិសោធន៍ និងការគាំទ្រផ្នែកវិជ្ជាជីវៈ ដើម្បីរួមចំណែកដល់ការពង្រឹងសមត្ថភាពមន្ត្រីជំនាញ។ កិច្ចការងារនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មានក្នុងការជំរុញកិច្ចសហការផ្នែកច្បាប់ គ្នាជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន។

លោក សុខ ប្រសិទ្ធិ បានគូសបញ្ជាក់ថា ការរៀបចំអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើនកិច្ចសហការរវាងស្ថាប័នទាំងពីរ ដោយផ្តោតលើការលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ការពារផលប្រយោជន៍ស្របច្បាប់ និងការគាំទ្រដល់ការអនុវត្តបេសកកម្មរបស់ក្រសួងព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយវិជ្ជាជីវៈ។

ការត្រៀមរៀបចំអនុស្សរណៈនេះ ត្រូវបានរំពឹងថានឹងបង្កើតមូលដ្ឋានរឹងមាំសម្រាប់កិច្ចសហការរយៈពេលវែង រវាងក្រុមមេធាវីក្រសួងព័ត៌មាន និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន ក្នុងការរួមចំណែកពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា៕