គណៈកម្មាធិការ អាស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បើកកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នឹងបន្តជជែកលើបច្ចេកទេសការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព

09-06-2026 14:49

(សៀមរាប)៖ គ​ណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិ​សាស្រ្ត​អង្គរ និងសំបូរព្រៃគុក (ICC-Angkor ​/Sambor Prei Kuk) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៤២ រយៈពេល២ថ្ងៃ ដោយចាប់ពីថ្ងៃទី០៩-១០ ខែមិថុនា ឆ្នាំ២០២៦ ដោយផ្តោតលើការជជែកលម្អិតជុំវិញការងារជួសជុល អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃតំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក។

កិច្ចប្រជុំនេះដឹកនាំដោយ​លោក​ស្រីបណ្ឌិតសភាចារ្យ​ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និងជា​ប្រធានក្រុម​ប្រឹក្សាភិបាល​នៃអាជ្ញាធរជាតិអប្សរា​ លោក NAGASE Kensuke ​អនុប្រធានបេសកកម្ម​ស្ថានទូត​ជប៉ុនប្រចាំកម្ពុជា​​ និង​លោក Pierre VINCENT ទទួលបន្ទុកបេសកកម្ម និង​វប្បធម៌​នៃ​ស្ថានទូត​បារាំងប្រចាំកម្ពុជា​​។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២នេះដែរ ទាំងអ្នកជំនាញ​កម្ពុជា និងអន្តរជាតិ​នឹង​ពិភាក្សា​ និងពិនិត្យមើល​របាយការណ៍​អភិរក្ស​ ដំណើរការ​​ជួសជុល​ប្រាសាទបុរាណ ក្នុង​តំបន់រមណីយដ្ឋាន​អង្គរ និង​សំបូរព្រៃគុក ព្រមទាំងផ្ដល់អនុសាសន៍​​បច្ចេកទេស​មួយ​ចំនួនថែមទៀតផង។​

បន្ថែមលើ​នេះ​ ស្មារតី​នៃកិច្ច​ប្រជុំ​ ក៏បាន​បង្ហាញពីគោលបំណង​សំខាន់ ​ដោយ​ផ្តោតទៅលើ​ការអភិរក្សថ្មប្រាសាទបុរាណ និងគម្រោងអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋាន ការធ្វើ​ឱ្យមាននិរន្តរភាព​បរិស្ថាន ព្រៃឈើ ព្រមទាំង​គាំទ្រ​ដល់​ការបណ្ដុះបណ្ដាល​ធនធានមនុស្ស លើជំនាញ​អភិរក្ស និង​ផ្នែកបច្ចេកទេស​ជាច្រើន៕