ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់ប្រធានគណៈកម្មការធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម, លោក ផេន សុផល ជំនួសលោក ហាន កុសល ដែលត្រូវទៅទទួលភារកិច្ចនៅខេត្តកំពង់ធំ
09-06-2026 14:55
(កំពង់ចាម)៖ លោក ផេន សុផល អភិបាលរងខេត្តកំពង់ចាម ត្រូវបានប្រកាសទទួលស្គាល់ប្រធានគណៈកម្មការធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម។ ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងថ្នាក់ដឹកនាំរួមដំណើរជាច្រើនទៀត។
អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ត្រូវបានប្រកាសទទួលស្គាល់ដោយលោក ផេន សុផល ជំនួសលោក ហាន កុសល ដែលត្រូវទៅទទួលភារកិច្ចនៅខេត្តកំពង់ធំ។
អភិបាលខេត្ត បានទៅយកឱកាសនោះថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលោក ហាន កុសល ដែលអតីតជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ដែលបានលះបង់កម្លាំងកាយចិត្ត អស់រយៈពេល១១ ឆ្នាំកន្លងមកនេះ ដើម្បីកសាងមូលដ្ឋាន ស.ស.យ.ក ឲ្យរឹងមាំ និងរីកចម្រើនដូចសព្វថ្ងៃនេះ ដោយលោកបានដឹកនាំយុវជន ធ្វើការងារសង្គមនានាក្នុងមូលដ្ឋាន ថែមទាំងបានបណ្ដុះបណ្ដាលយុវជនឲ្យមានចំណេះដឹងខ្ពស់ មានជំនាញច្បាស់លាស់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ បង្កើតជាធនធានមនុស្សដ៏រឹងមាំ មានថាមពល សក្តានុពលក្រោមការចង្អុលបង្ហាញ ប្រកបដោយភាពប៉ិនប្រសប់ និងចក្ខុវិស័យ វែងឆ្ងាយរបស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
លោក អ៊ុន ចាន់ដា បានសម្ដែងការស្វាគមន៍ចំពោះលោក ផេន សុផល ដែលត្រូវបានគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា តែងតាំងមុខតំណែងជាប្រធានសហភាពសហព័ន្ធយុវជនខេត្តកំពង់ចាម ដើម្បីបន្តដឹកនាំ យុវជនខេត្តឱ្យស្របទៅតាមចក្ខុវិស័យ បេសកកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និងឈរលើមូលដ្ឋានទស្សនទាន (សសយក ២.០) ដើម្បីកំណត់ទិសដៅអត្ថភាពនិងយុទ្ធសាស្ត្រថ្មីៗ សម្រាប់ការអភិវឌ្ឍន៍ស្ថាប័ន និងការចូលរួម ជាមួយយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ សំដៅលើការបន្តថែរក្សាសមិទ្ធផល និងស្មារតីរបស់យុវជនជំនាន់មុន ដើម្បីបង្កើតសមិទ្ធផលថ្មីៗ សម្រាប់យុវជននិងសង្គមជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា សមិទ្ធផលនានារបស់គណៈកម្មាធិការ ស.ស.យ.ក ខេត្តកំពង់ចាម នៅពេលកន្លងមក ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយគណៈកម្មាធិការកណ្ដាល និងរចនាសម្ព័ន្ធទូទាំងប្រទេស ក្នុងការពង្រីកកិត្យានុភាព ស.ស.យ.ក និងការជំរុញសកម្មភាពយុវជនក្នុងបុព្វហេតុសង្គមជាតិ។
លោក ហ៊ុន ម៉ានី បានរំពឹងទុកថា អង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម និងបន្តសកម្មភាពកាន់តែច្រើនឡើងថែមទៀត ក្នុងការងារសប្បុរសធម៌ ការងារសង្គម និងការងារផ្សេងៗទៀត ដែលផ្ដល់ផលវិជ្ជមាន និងឱកាសដល់យុវជន ដើម្បីពង្រឹងពង្រីកនូវសក្តានុពលរបស់ខ្លួន ដើម្បីចូលរួមចំណែកលើកមុខមាត់ នូវការអភិវឌ្ឍន៍របស់ខេត្តកំពង់ចាម៕













