ដេប៉ូខ្សាច់នៅក្រុងក្រចេះ រំខានការរស់នៅរបស់ប្រជាពលរដ្ឋរាប់ឆ្នាំ, សូមអភិបាលខេត្តជួយដោះស្រាយផង!
09-06-2026 15:16
(ក្រចេះ)៖ តាមសេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា ប្រជាពលរដ្ឋមិនតិចជាង ២០គ្រួសារទេ ដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំង និងយូរឆ្នាំមកហើយ ដោយសារការរំខានពីអាជីវកម្មដេប៉ូខ្សាច់មួយកន្លែងនៅក្រុងក្រចេះ ខេត្តក្រចេះ។
សេចក្តីរាយការណ៍ បានបញ្ជាក់ថា ដេប៉ូខ្សាច់នេះស្ថិតនៅសង្កាត់ក្រគរ ក្រុងក្រចេះ ពោលនៅលើចិញ្ចើមផ្លូវជាតិលេខ៧៣ ពីទីរួមខេត្ត ឆ្ពោះទៅតំបន់អន្លង់ផ្សោត និងរមណីយដ្ឋានកាំពី ដែលម្ចាស់ដេប៉ូមានឈ្មោះ មាជ ម៉ុច។
បើតាមព័ត៌មាន, ផលប៉ះពាល់ នៃអាជីវកម្មដេប៉ូខ្សាច់មួយនេះ បានរំខានសម្លេងដោយរថយន្តដឹកជញ្ជូនទាំងថ្ងៃ និងជាពិសេសនៅពេលយប់តែម្តង។ អ្វីដែលកាន់តែលំបាកទៀតមនោះ នៅពេលធ្លាក់ខ្យល់ម្តងៗគ្រាប់ខ្សាច់បានប៉ើង និងហុយចូលផ្ទះរបស់ពួកគាត់ ធ្វើឲ្យការរស់នៅជួបការលំបាករាល់ថ្ងៃ។
នៅតាមបណ្តាញសង្គម ក៏ឃើញមានប្រជាពលរដ្ឋបានបង្ហោះផងដែរ ពីទិដ្ឋភាពដែលខ្យល់បក់បោកគ្រាប់ខ្សាច់យ៉ាងហុយទ្រលោម មើលផ្លូវមិនចង់ឃើញ។ ពលរដ្ឋម្នាក់ បានបង្ហោះវីដេអូជាមួយខ្លឹមសារថា «ព្យុះខ្សាច់ល្ងាចនេះខ្លាំងជាងវីដេអូម្សិលមិញទៀត។ បើនិយាយលេងសើចកុំឲ្យសេដ មើលតាមវីដេអូនេះ។ គេថាប្រើជីវិតដូចនៅឌូបៃ តែបើនិយាយមែនទែនហត់នឿយក្នុងការរស់នៅបែបនេះណាស់ ប៉ះពាល់សុខភាពកូនៗតូច ២-៣នាក់នៅក្នុងផ្ទះ ដេកយប់ឡើងលំអងធូរលីខ្សាច់...ឈឺទាំងចាស់ទាំងក្មេង»។
តាមសំណូមពររបស់ប្រជាពលរដ្ឋ, សូមអភិបាលខេត្តក្រចេះ លោក វ៉ា ថន ជួយដោះស្រាយជាមួយម្ចាស់ដេប៉ូខ្សាច់នេះផង ដើម្បីឲ្យពលរដ្ឋរស់នៅតំបន់នោះរស់នៅដោយមានក្តីសុខ។ អ្វីដែលពលរដ្ឋចង់បាន គឺឲ្យម្ចាស់ដេប៉ូធ្វើរបងស័ង្កសីព័ទ្ធពីក្រៅកម្ពស់យ៉ាងហោចណាស់ ក៏២ម៉ែត្រឡើងដែរ ដើម្បីបាំងកុំឲ្យហុយគ្រាប់ខ្សាច់លើពួកគាត់។
មួយទៀតសម្រាប់រថយន្តធន់ធំដែលចូលមកដឹកពេលយប់ គួរកំណត់ម៉ោងពេលឲ្យបានត្រឹមត្រូវ ពីព្រោះបានរំខានដំណេករបស់ពួកគាត់ពិបាករស់នៅណាស់៕






