រដ្ឋមន្រ្តី ជា វ៉ាន់ដេត អនុញ្ញាតឱ្យនាយកមជ្ឈមណ្ឌល ATC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
09-06-2026 15:31
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានជួបសម្តែងការគួរសមជាមួយលោក Jan Lambrechts នាយកមជ្ឈមណ្ឌល AUPP Technology Center (ATC) ដើម្បីពិនិត្យអំពីវឌ្ឍនភាពនិងលទ្ធផលការងារ ក្រោមកម្មវិធី ACTSmart ដែលត្រូវបានចូលរួមរៀបចំដោយក្រុមហ៊ុន Smart Axiata និងមជ្ឈមណ្ឌល ATC នៅប្រទេសកម្ពុជា។
នៅក្នុងកិច្ចប្រជុំនេះ លោក Jan Lambrechts និងតំណាងក្រុមហ៊ុន Smart Axiata បាននាំយកស្ថាបនិកធុរកិច្ចថ្មីឌីជីថលជាជនជាតិខ្មែរ ដែលមានសក្ដានុពលខ្ពស់ និងបានចូលរួមនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលធុរកិច្ចថ្មីឌីជីថល ACTSmart ចំនួន ១០ រួមមាន Inkable, ScreenWise, WeSync, TosTrip, ByteLab, Takkatot, OneDash, Smean, QlinicOS និង Geek Digital ដើម្បីសម្ដែងការគួរសម និងធ្វើបទបង្ហាញអំពីអាជីវកម្មរបស់ពួកគេ។
លោករដ្ឋមន្រ្តី បានចែករំលែកអំពីការវិវឌ្ឍន៍នៃបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់ ក.ប.ទ. ក្នុងការពង្រឹងអក្ខរកម្មឌីជីថល និងលើកកម្ពស់ធនធានមនុស្សឌីជីថល ដើម្បីជំរុញឱ្យមានធុរកិច្ចថ្មីឌីជីថលរបស់ប្រទេសកម្ពុជាមានការរីកចម្រើន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូ មកពីក្រៅប្រទេស រួមមាន ក្រុមហ៊ុន Plug & Play មកពីសហរដ្ឋអាម៉េរិក ក្រុមហ៊ុន ARC Startup Accelerator មកពីអឺរ៉ុប Block71 មកពីសិង្ហបុរីជាដើម សំដៅបង្កើតឱ្យបាន Unicorn (មានតម្លៃលើសពី ១ប៊ីលានដុល្លារអាម៉េរិក) នៅថ្ងៃអនាគត។
ជាក់ស្តែង សមត្ថភាពរបស់យុវជននិងយុវនារីជាច្រើននៃប្រទេសកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងផ្នែកឌីជីថល បានឈ្នះពានរង្វាន់កម្រិតជាតិ តំបន់ និងអន្តរជាតិជាបន្តបន្ទាប់។
ជាកិច្ចបញ្ចប់ ស្ថាបនិកធុរកិច្ចថ្មីឌីជីថលទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់លោករដ្ឋន្រ្តី និង ក.ប.ទ. ដែលតែងតែចូលរួមគាំទ្រ និងយកចិត្តទុកដាក់លើវិស័យឌីជីថល និងធុរកិច្ចថ្មីឌីជីថល និងជាការឆ្លើយតប លោករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍លើកទឹកចិត្តដល់ស្ថាបនិកធុរកិច្ចថ្មីឌីជីថលទាំងអស់ និងបានជំរុញឱ្យបន្តខិតខំបន្ថែមដើម្បីខ្លួនឯង និងប្រទេសជាតិ៕











