ក្រោយដាក់ដំណើរការ 5G បានជិត៦ខែ! ប្រតិបត្តិករទាំង ៣ក្រុមហ៊ុន បានដាក់ដំណើរការស្ថានីយអង់តែន 5G ជាង ២ពាន់ទីតាំង នៅតាមតំបន់គោលដៅក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តមួយចំនួនធំ
09-06-2026 16:00
(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា បញ្ជាក់ថា បន្ទាប់ពីការដាក់ឱ្យដំណើរការ ជាផ្លូវការនូវសេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ប្រតិបត្តិករទាំង ៣ រួមមាន ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី, ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក និងក្រុមហ៊ុន វៀតធេល (ខេមបូឌា) បានសម្រេចលទ្ធផល គួរឱ្យកត់សម្គាល់។
ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart) បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ៧៤៨ នៅតាមតំបន់ គោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តជាច្រើន រួមមាន ខេត្តក្រចេះ, ខេត្តកណ្ដាល, ខេត្តកែប, ខេត្តកំពត, ខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តព្រះសីហនុ, ខេត្តមណ្ឌលគិរី, ខេត្តស្វាយរៀង ខេត្តសៀមរាប, ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (Cellcard) បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ៧៤២ នៅតាមតំបន់គោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តមួយចំនួន រួមមាន ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ, ខេត្តសៀមរាប និងខេត្តតាកែវ។
ក្រុមហ៊ុន វៀតធេល (ខេមបូឌា) (Metfone) បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ៦០១ នៅតាមតំបន់គោលដៅសំខាន់ៗ ក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តជាច្រើន រួមមាន ខេត្តក្រចេះ, ខេត្តកណ្ដាល, ខេត្តកំពត, ខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តតាកែវ, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តពោធិ៍សាត់, ខេត្តព្រះសីហនុ, ខេត្តមណ្ឌលគិរី, ខេត្តរតនគិរី, ខេត្តស្វាយរៀង, ខេត្តស្ទឹងត្រែង, ខេត្តសៀមរាប, ខេត្តឧត្តរមានជ័យ, ខេត្តកែប, ខេត្តត្បូងឃ្មុំ, ខេត្តព្រះវិហារ និងខេត្តប៉ៃលិន។
និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ទៀតថា បច្ចុប្បន្នប្រតិបត្តិករទាំង ៣ កំពុងពន្លឿនការផ្តល់សេវា 5G យ៉ាងសកម្ម ដោយផ្តោតសំខាន់លើសេវាអ៊ីនធឺណិតល្បឿនលឿន សម្រាប់ទាំងអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័ត និងគេហដ្ឋាន (5G Home Broadband) ព្រមទាំងផ្តល់បទពិសោធកម្សាន្តកម្រិតខ្ពស់ និងដំណោះស្រាយបច្ចេកវិទ្យាសម្រាប់សហគ្រាស និងការតភ្ជាប់កម្រិតបញ្ជូនខ្ពស់ (High Bandwidth) សម្រាប់អាជីវកម្មឌីជីថល និងពង្រីកសេវាគ្របដណ្តប់ 4G បន្ថែមទៀត ដែលការណ៍នេះនឹងជំរុញឱ្យកម្ពុជា មានភាពប្រកួតប្រជែងខ្ពស់ ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។
និយ័តករទូរគមនាគមន៍កម្ពុជា នឹងបន្តជំរុញប្រតិបត្តិករទាំងអស់ ក្នុងកិច្ចសហការសាងសង់ស្ថានីយអង់តែន 5G ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីធានាឱ្យបាននូវវិសាលភាពគ្របដណ្តប់កាន់តែទូលំទូលាយនៅទូទាំងប្រទេស ហើយនិយ័តករទូរគមនាគមន៍កម្ពុជា ក៏នឹងបន្តតាមដាននិងជំរុញការពង្រឹងគុណភាពសេវា 4G ឱ្យកាន់តែល្អប្រសើរ ដើម្បីរួមចំណែកធានាឱ្យបាននូវការតភ្ជាប់ដែលមានស្ថិរភាពនិងប្រសិទ្ធភាពខ្ពស់៕






















