៦៨ឆ្នាំកន្លងទៅ ទំនាក់ទំនងកម្ពុជា-ចិន រឹងមាំនិងស៊ីជម្រូវលើគ្រប់វិស័យ

09-06-2026 16:21

(ភ្នំពេញ)៖ រយៈពេល ៦៨ឆ្នាំកន្លងទៅ ឫសគល់ប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅបានចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់​កម្ពុជានិងចិន ក្នុងការកសាងទំនាក់ទំនងមិត្តភាពដែកថែប ដ៏រឹងមាំនិងស៊ីជម្រៅលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។

ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរនៅពេលនោះ គឺព្រះករុណា ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំចិន ជំនាន់មុន ហើយទំនាក់ទំនងនេះត្រូវបានបន្តពូនជ្រំដោយថ្នាក់ដឹកនាំបច្ចុប្បន្ន ដោយបានលើកកម្ពស់ទៅជាភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០ ហើយបន្ទាប់មកក្លាយជាមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។

* កម្ពុជាចាត់ទុកចិនជា «មិត្តដែលទុកចិត្តបំផុត»

បើយើងក្រឡេកមើលប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ វាមានតាំងពីសម័យអង្គរនៅសតវត្សទី១៣។ នៅក្នុងសម័យទំនើប ប្រទេសទាំងពីរបានជំរុញទំនាក់ទំនងរបស់ពួកគេ ដោយផ្អែកលើគោលការណ៍ទាំងប្រាំនៃការរស់នៅដោយសន្តិសហវិជ្ជមាន ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី ការមិនឈ្លានពាន ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងភាពស្មើគ្នា និងផលប្រយោជន៍ទៅវិញទៅមក។

ការជឿទុកចិត្តនយោបាយ ការគោរព ការគាំទ្រ ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ បានជំរុញទំនាក់ទំនងកម្ពុជា-ចិន ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ទំនាក់ទំនងទ្វេ​ភាគី មិនត្រឹមតែផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ផងដែរ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ កម្ពុជាមានតម្រូវការជាច្រើនពីប្រទេសចិនសម្រាប់ការអភិវឌ្ឍប្រទេសរបស់ខ្លួន ហើយចិនគឺជាអ្នកគាំទ្រដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា។

កម្ពុជានិងចិន បានព្រមព្រៀងគ្នានៅឆ្នាំ២០២៣ ដើម្បីបង្កើត «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ​» ដែលមានវិស័យអាទិភាពចំនួន៦ រួមមាន កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្មនិងគុណភាព កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជនទៅប្រជាជន។ ប្រទេសទាំងពីរក៏បានយល់ព្រមធ្វើការរួមគ្នាដើម្បីអភិវឌ្ឍន៍ «ច្រករបៀង ឧស្សាហកម្មនិងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»។ ក្របខ័ណ្ឌនេះបានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរបន្ថែមទៀតលើគ្រប់វិស័យរួមទាំងវប្បធម៌ សេដ្ឋកិច្ច និងនយោបាយ ឆ្ពោះទៅរកភាពជោគជ័យសម្រាប់ទាំងអស់គ្នា ក្នុងអនាគតរួមគ្នា។

ប្រទេសចិនមានការអភិវឌ្ឍខ្លាំងក្លាលើគ្រប់វិស័យ ដូច្នេះតាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជាបានទទួលការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស និងការអនុវត្តជាក់ស្តែងពីជំនួយ ឬការវិនិយោគរបស់ចិន។ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គម្រោងធំៗជាច្រើនដែលសាងសង់ដោយប្រទេសចិនដូចជា ផ្លូវ ស្ពាន ព្រលានយន្តហោះ រោងចក្រវារីអគ្គិសនី និងតំបន់សេដ្ឋកិច្ចត្រូវបានសាងសង់​នៅកម្ពុជា។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទំនប់វារីអគ្គិសនី ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ពហុកីឡដ្ឋានជាតិមរតកតេជោ កំពង់ផែ ផ្លូវ ស្ពានឆ្លងកាត់ទន្លេធំៗ មន្ទីរពេទ្យ និងបណ្តាញផ្គត់ផ្គង់ទឹកស្អាតជនបទ បានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ គម្រោងទាំងនេះបានបង្កើតការងាររាប់សែនកន្លែងសម្រាប់ប្រជាជនកម្ពុជា ចំណែកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កំពុងជួយជំរុញឧស្សាហកម្មទេសចរណ៍របស់កម្ពុជាដែលជាសសរស្តម្ភសេដ្ឋកិច្ចសំខាន់មួយរបស់ប្រទេស។

បន្ថែមលើនេះ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ដែលវិនិយោគរួមដោយក្រុមហ៊ុនកម្ពុជានិងចិន បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។ គម្រោងនេះភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គក្នុងខេត្តកណ្តាលទៅសមុទ្រខេត្តកែប ឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត។ គម្រោងជាប្រវត្តិសាស្ត្រនេះនឹងផ្តល់អត្ថប្រយោជន៍ដ៏ធំធេងដល់ប្រទេសកម្ពុជា ព្រោះវានឹងកាត់បន្ថយតម្លៃដឹកជញ្ជូន ពេលវេលាដឹកជញ្ជូន និងចម្ងាយ។ ពេលបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨ គម្រោងនេះនឹងក្លាយជាផ្លូវទឹកដំបូងគេនៅកម្ពុជាដែលភ្ជាប់ប្រព័ន្ធទន្លេមេគង្គទៅសមុទ្រ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៏ ជួយសម្រួលដល់ការនាំចេញផលិត​ផលរបស់កម្ពុជា។ ជាពិសេសផលិតផលកសិកម្មដែលមានគុណភាពទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងទីផ្សារចិនផងដែរ។

ប្រទេសចិន គឺជាអ្នកវិនិយោគធំបំផុតទៅលើរោងចក្រវារីអគ្គិសនី ដែលជាថាមពលបៃតងនៅកម្ពុជា។ ការវិនិយោគនេះបានរួមចំណែកយ៉ាងខ្លាំងក្នុងការរក្សាស្ថិរភាពការផ្គត់ផ្គង់ថាមពលនៅក្នុងប្រទេស ជាពិសេសក្នុងអំឡុងពេលវិបត្តិថាមពលសកលដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។ ជំនួយអភិវឌ្ឍន៍ផ្លូវការ និងការវិនិយោគរបស់ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា តាមរយៈការបង្កើតការងាររាប់សែនកន្លែងដល់ពលរដ្ឋខ្មែរ។

ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ បានបង្កើនភាពរឹងមាំដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងវិស័យវប្បធម៌ ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន និងសេដ្ឋកិច្ច។ ប្រទេសចិន គឺជាអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ហើយក៏ជាប្រភពសំខាន់នៃអ្នកទេសចរមកកាន់កម្ពុជា។ នៅឆ្នាំ ២០២៥ ទោះបីជាកម្ពុជា កត់ត្រាការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ ជិត១៧% មកត្រឹម ៥,៥៧លាននាក់ក៏ដោយ ប៉ុន្តែចំនួនភ្ញៀវទេសចរចិន មកកម្ពុជាបានកើនឡើង ៤១,៥% ដល់ចំនួន១,២លាននាក់។ ប្រទេសចិនជាប្រភពភ្ញៀវទេសចរបរទេសធំទីពីរមកកម្ពុជា បន្ទាប់ពីវៀតណាម។

នៅក្នុងឆ្នាំនេះ គោលនយោបាយលើកលែងទិដ្ឋាការរបស់កម្ពុជាសម្រាប់ពលរដ្ឋចិន ដែលនឹងត្រូវបានអនុវត្តរយៈពេលបួនខែចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នឹងដើរតួជាកម្លាំងចលករថ្មីសម្រាប់ការទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនមកកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ និងជំរុញទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខ្លួន។

គោលនយោបាយលើកលែងទិដ្ឋាការនេះនឹងអនុញ្ញាតអោយពលរដ្ឋចិនស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល១៤ថ្ងៃ ហើយពួកគេនឹងមិនតម្រូវឱ្យបង់ថ្លៃសេវាណាមួយឡើយ ដោយគ្រាន់តែបំពេញប័ណ្ណអេឡិចត្រូនិក ពេលចូលកម្ពុជាប៉ុណ្ណោះ។ ការចូលច្រើននឹងត្រូវបានអនុញ្ញាតក្នុងអំឡុងពេលសាកល្បងនេះ។

សរុបសេចក្តីមក ទំនាក់ទំនងទ្វេភាគីកម្ពុជានិងចិន បានជម្នះនឹងការសាកល្បងនៃការផ្លាស់ប្តូរក្នុងតំបន់ និងអន្តរជាតិ ហើយកាន់តែជិតស្និទ្ធឡើង។ ទំនាក់ទំនងភាតរភាពរវាងប្រទេសទាំងពីរគួរតែជាគំរូនៃទំ​នាក់​ទំនងរវាងប្រទេសនិងប្រទេស ដែលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។ សម្លឹងទៅអនាគត គ្មានការសង្ស័យទេថាទំនាក់ទំនងរវាងកម្ពុជានិងចិននឹងបន្តរីកចម្រើនកាន់តែរឹងមាំ ទូលំទូលាយ យុទ្ធសាស្រ្ត និងមិនអាចបំបែកបានក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ។ ជាមួយនឹងការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងខ្ពស់របស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ វាច្បាស់ណាស់ថា ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មីនឹងក្លាយជាការពិត៕