ស្ថាប័នជំនាញកម្ពុជា និងវិស័យឯកជន រួមគ្នាពង្រឹងវិធានការបង្ការទប់ស្កាត់ការលួចបង្វែរយកសារធាតុគីមីផ្សំទៅផលិតគ្រឿងញៀនខុសច្បាប់
09-06-2026 16:47
(ភ្នំពេញ)៖ ស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយវិស័យឯកជន កំពុងពង្រឹងកិច្ចសហការគ្នា ដើម្បីបង្ការ និងទប់ស្កាត់ការលួចបង្វែរសារធាតុគីមីផ្សំ ទៅផលិតគ្រឿងញៀនខុសច្បាប់ ចំណុចនេះគឺជាវិធានការដើម្បីការពារសុចរិតភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ សុវត្ថិភាពសាធារណៈ និងសន្តិសុខជាតិ។
លោក កែ គី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារសំខាន់នៃការគ្រប់គ្រងសារធាតុគីមីផ្សំប្រកបដោយប្រសិទ្ធភាព សម្រាប់ការប្រើប្រាស់ស្របច្បាប់ក្នុងឧស្សាហកម្ម។
លោក កែ កី បានលើកឡើងយ៉ាងដូច្នេះថា៖ «សារធាតុគីមីផ្សំ គឺមិនមែនជាសារធាតុគ្រឿងញៀនក្នុងទម្រង់ផលិតផលសម្រេចនោះទេ ប៉ុន្តែវាអាចត្រូវបានបង្វែរជាសារធាតុជំនួយប្រតិកម្ម និងជាធាតុផ្សំដើម្បីផលិតគ្រឿងញៀន។ ប្រសិនបើយើងប្រើប្រាស់ ឬគ្រប់គ្រងវាមិនបានត្រឹមត្រូវទេ សារធាតុគីមីផ្សំអាចក្លាយជាចលករមួយបម្រើផលិតកម្មមិនស្របច្បាប់»។
កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានរំលេចក្នុងសិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាពកិច្ចសហការគ្រប់គ្រង និងត្រួតពិនិត្យសារធាតុគីមីផ្សំ ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។
មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មរូបនេះ បានស្នើឱ្យរោងចក្រ និងសហគ្រាស រក្សាកំណត់ត្រាឱ្យបានត្រឹមត្រូវពាក់ព័ន្ធនឹងការប្រើប្រាស់ ការរក្សាទុក និងការចែកចាយសារធាតុគីមីផ្សំ ព្រមទាំងពង្រឹងយន្តការរាយការណ៍ និងធានាថារោងចក្រ-សហគ្រាស មានបុគ្គលិកជំនាញទទួលខុសត្រូវលើការគ្រប់គ្រងសារធាតុទាំងនេះ។
បើតាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បណ្តាញឧក្រិដ្ឋជននៅតែព្យាយាមប្រើប្រាស់សារធាតុគីមីស្របច្បាប់ សម្រាប់គោលបំណងខុសច្បាប់។ យើងដឹងយ៉ាងច្បាស់ថា សារធាតុគីមីផ្សំគឺជាធាតុចូល និងជាវត្ថុធាតុដើមមិនអាចខ្វះបានក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្ម សិប្បកម្ម ឱសថសាស្ត្រ កសិកម្ម រ៉ែ និងថាមពល។ល។
នាយឧត្តមសេនីយ៍បានលើកឡើងថា៖ «ក្រុមឧក្រិដ្ឋជននៅតែបន្តព្យាយាមរកគ្រប់មធ្យោបាយ ដើម្បីលួចបង្វែរសារធាតុគីមីផ្សំពីការប្រើប្រាស់ស្របច្បាប់ យកទៅផលិតគ្រឿងញៀនខុសច្បាប់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត»។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប៉ុន្តែសារធាតុគីមីផ្សំ វាក៏ជា «អាវុធមុខពីរ» ដែលងាយនឹងត្រូវបានពួកក្រុមឧក្រឹដ្ឋជនល្មើសច្បាប់លួចលាក់បង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេស ប្រសិនបើយន្តការគ្រប់គ្រងត្រួតពិនិត្យ និង
ការអនុវត្តច្បាប់របស់យើងមានចន្លោះប្រហោងតែបន្តិចបន្តួចនោះ។ ផ្អែកលើការយល់ឃើញដ៏ច្បាស់លាស់នេះ រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសេនាធិកាបានសហការជាមួយក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ បានរៀបចំ និងដាក់ចេញនូវ «និយាមនីតិវិធីប្រតិបត្តិ(SP) ស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ»។
គួរឱ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានរួមគ្នា បើកវគ្គសិក្ខាសាលាស្តីពី «ការពង្រឹងប្រសិទ្ធភាពកិច្ចសហការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំ ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់»។
ពិធីបើកបានធ្វើឡើងក្រោមវត្តមានលោក កែ គី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចូលរួមពីសំណាក់មន្ត្រីជំនាញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិកក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ និងមានសិក្ខាកាមតំណាងមកពីបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងវិស័យឧស្សាហកម្ម ដែលមានប្រតិបត្តិការពាក់ព័ន្ធនឹងសារធាតុគីមីផ្សំ ចំនួន១៧៦រូប។
សិក្ខាសាលាបានពិនិត្យនីតិវិធីពាក់ព័ន្ធនឹងការនាំចូល ការចែកចាយ ការដឹកជញ្ជូន ការរក្សាទុក និងការគ្រប់គ្រងសារធាតុគីមីផ្សំ ព្រមទាំងពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីគាំទ្រដល់ការធ្វើពាណិជ្ជកម្មស្របច្បាប់នូវសារធាតុគីមីផ្សំ និងទប់ស្កាត់ការប្រើប្រាស់ខុសច្បាប់៕




































