* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា ចូលរួមអបអរសាទរភាពជាដៃគូ ILO-កូរ៉េ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបន្តអភិវឌ្ឍវិស័យការងារ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា នាឱកាសសន្និសីទអន្ដរជាតិខាងការងារ លើកទី១១៤

09-06-2026 19:17

(ទីក្រុងហ្សឺណែវ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្លូវការដែលរៀបចំដោយនាយកដ្ឋានភាពជាដៃគូនៃអង្គការ ILO ដើម្បីអបអរសាទរកម្មវិធីភាពជាដៃគូរវាងអង្គការ ILO-សាធារណរដ្ឋកូរ៉េ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងអំឡុងពេលដែលឯកឧត្តមដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទអន្ដរជាតិខាងការងារលើកទី ១១៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

នាឱកាសនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលបន្តរីកចម្រើនដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ភាពជាដៃគូនេះនាំមកនូវការអភិវឌ្ឍ និងផលជះវិជ្ជមានដល់វិស័យការងារនៅកម្ពុជា តាមរយៈការគាំទ្របច្ចេកទេសដល់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលបានរួមចំណែកដល់ការពង្រឹងក្របខណ្ឌគាំពារសង្គមរបស់កម្ពុជា និងការពង្រីកវិសាលភាពនៃរបបសន្តិសុខសង្គមសម្រាប់បងប្អូនកម្មករនិយោជិត។ កិច្ចប្រឹងប្រែងទាំងនេះកំពុងជួយឱ្យកម្ពុជាខិតកាន់តែជិតទៅរកចក្ខុវិស័យនៃប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ភាពធន់ និងគោលការណ៍ «មិនទុកអ្នកណាម្នាក់ចោល» (Leaves No One Behind)។

ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីវឌ្ឍនភាពនៃភាពជាដៃគូលើផ្នែកសុវត្ថិភាព និងសុខភាពការងារ តាមរយៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សមត្ថភាព និងការពង្រឹងកិច្ចសន្ទនាសង្គម ក៏ដូចជាការដោះស្រាយវិវាទការងារ និងការអធិការកិច្ចការងារ តាមរយៈគំនិតផ្តួចផ្តើមកាតាលីករសកល(GA) ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ដែលបានក្លាយជាសសរស្តម្ភដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក ហេង សួរ បានសង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកភាពជាដៃគូដ៏មានតម្លៃនេះ ដោយឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញការជឿជាក់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការរៀនសូត្រពីគ្នា គឺជាកត្តាដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងកាលានុវត្តភាពដែលកំពុងវិវត្តនៅក្នុងពិភពការងារ។

តំណាងអង្គការ ILO និងសាធារណរដ្ឋកូរ៉េបានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងកម្មវិធីភាពជាដៃគូ ILO-កូរ៉េ និងបានស្វាគមន៍ចំពោះសមិទ្ធផលដែលសម្រេចបាននៅកម្ពុជា ជាពិសេសលើផ្នែកសន្តិសុខសង្គម, សុវត្ថិភាព និងសុខភាពការងារ, កិច្ចសន្ទនាសង្គម និងការពង្រឹងស្ថាប័នការងារ៕