ប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត សមត្ថកិច្ចឃាត់ខ្លួនជនរទេស ៣៧នាក់ និងដកហូតសម្ភារមួយចំនួនធំ
09-06-2026 19:43
(ស្វាយរៀង)៖ កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បានសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តស្វាយរៀង ក្រោមការសម្របសម្រួបពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្រសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនរទេសចំនួន ៣៧នាក់ និងដកហូតបានសម្ភារមួយចំនួនធំ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដឹកនាំដោយលោក ម៉ែន ចាន់រ៉ា អភិបាលក្រុង និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះធ្វើត្រួតពិនិត្យរដ្ឋបាល រហូតឈានដល់បង្ក្រាបករណីលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១៤នាក់ ស្រី ០២នាក់។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ កុំព្យូទ័រ All in one ៤១គ្រឿង, ទូរស័ព្ទដៃ ៤៥គ្រឿង(ផ្ទាល់ខ្លួន ១១គ្រឿង), ម៉ូនីទ័រ ០១គ្រឿង, CPU ០១គ្រឿង និងសម្ភារមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
នៅថ្ងៃខែឆ្នាំដដែល កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះធ្វើរដ្ឋបាលឈានដល់បង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅចំណុចផ្ទះវីឡាជួលឈ្មោះ គឹម លីនាង ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ឃាតខ្លួនជនបរទេសចំនួន ១២នាក់ ប្រុស (ចិន ០៧នាក់, ម៉ាឡេស៊ី ០៤នាក់ និងឡាវ ០១នាក់)។
ដកហូតបានវត្ថុតាងរួមមាន៖ កុំព្យូទ័រ All in one ០៩គ្រឿង, Monitor ២៣គ្រឿង, CPU ០៥គ្រឿង, ទូរស័ព្ទដៃ ២៩០គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯទីតាំងប្រព្រឹត្តបទល្មើស ត្រូវបានក្រុមការងារសម្រេចបិទជាបណ្តោះអាសន្នផ្ទះវីឡាលេខ២, ៣, ៥ និង១២។
ជាមួយគ្នានេះដែរ នោថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅចំណុចផ្ទះជួលឈ្មោះ ឃួន ឡាត់ ដីឡូតិ៍ហនុមាន ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ឃាត់ខ្លួនជនជាតិវៀតណាម ១១នាក់ស្រី ០២នាក់ និងដកហូតសម្ភារវត្ថុតាងរួមមាន៖ កុំព្យូទ័រ យូដៃ ០៧គ្រឿង, ទូរស័ព្ទ ១៤គ្រឿង, ម៉ូនីទ័រ ០២គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕







