វិភាគអន្តរជាតិ៖ មហិច្ឆតានាវាមុជទឹកនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង នឹងបង្កើនការរត់ប្រណាំងទ័ពជើងទឹកនៅឥណ្ឌូប៉ាស៊ីហ្វិក?

09-06-2026 20:09

(តូក្យូ)៖ កូរ៉េខាងត្បូងបានទទូចម្ដងហើយម្ដងទៀតថាគម្រោងដែលខ្លួនបានប្រកាសកាលពីពេលថ្មីៗនេះ ដើម្បីសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរឱ្យបានមុនពាក់កណ្ដាលទសវត្សរ៍ឆ្នាំ២០៣០ គឺមានគោលដៅទប់ទល់ជាមួយកូរ៉េខាងជើងតែប៉ុណ្ណោះ។ ប៉ុន្តែខណៈព្យុងយ៉ាងអាចជាហេតុផលមួយពិតមែន ការសម្រេចចិត្តរបស់ទីក្រុងសេអ៊ូលអាចជះឥទ្ធិពលហួសពីតំបន់ឧបទ្វីបកូរ៉េ ហើយប្រទេសតែមួយគត់ ដែលនឹងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត នោះគឺចិន។

សម្រាប់ចិន កូរ៉េខាងត្បូងនិយាយតែមាត់គឺមិនទាន់គ្រប់គ្រាន់ទេ ដ្បិតប៉េកាំងប្រហែលជាបានកំណត់នៅក្នុងចិត្តរួចទៅហើយថាសម្ព័ន្ធមិត្តមួយមានសន្ធិសញ្ញារបស់សហរដ្ឋអាមេរិកដូចជាកូរ៉េខាងត្បូង ចង់ ឬមិនចង់ មុខជានឹងត្រូវជួយសហរដ្ឋអាមេរិកក្នុងកាលៈទេសៈចាំបាច់ ជាពិសេសគឺក្នុងករណីជម្លោះ ឬសង្រ្គាមនៅតៃវ៉ាន់ផ្ទុះឡើងនៅថ្ងៃណាមួយ។ លោក James Holmes ជាអ្នកយុទ្ធសាស្ត្រខាងដែនសមុទ្រម្នាក់មកពី សាកលវិទ្យាល័យ U.S. Naval War College ជឿថាក្រុមអ្នករៀបចំផែនការរបស់ចិននឹងបកស្រាយថាអនាគតកងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង នឹងក្លាយជាផ្នែកមួយ នៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ការវាយតម្លៃនេះអាចបញ្ជាក់បានថាតើហេតុអ្វីបានជាគម្រោងនាវាមុជទឹកនុយក្លេអ៊ែររបស់កូរ៉េខាងត្បូងមានឈ្មោះ Jang Bogo-N មានសារៈសំខាន់ហួសពីដែនទឹកនៃតំបន់ឧបទ្វីបកូរ៉េ។

តាមលោក James Holmes ការសម្រេចចិត្តរបស់កូរ៉េខាងត្បូងដើម្បីសង់នាវាមុជទឹកនុយក្លេអ៊ែរនឹងជះឥទ្ធិពល ឬបង្កផលប៉ះពាល់ដល់តំបន់អាស៊ីទាំងមូល ហើយផលប៉ះពាល់មួយទំនងជាអាចនឹងកើតឡើង នៅក្នុងប្រទេសជប៉ុន។ អ្នកជំនាញរូបនេះយល់ថាការសម្រេចចិត្តរបស់កូរ៉េខាងត្បូងអាចនឹងជំរុញកាន់តែផុលផុសនូវការជជែកដេញដោលក្នុងទីក្រុងតូក្យូថាតើកងកម្លាំងស្វ័យការពារជប៉ុនគួរតែបោះជំហាន ឆ្ពោះទៅរកការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែរឬក៏យ៉ាងណា? «វាមើលទៅដូចជាជម្រើសដ៏ឈ្លាសវៃរបស់កងទ័ពជើងទឹកជប៉ុន ក្នុងការសង់នាវាមុជទឹកនុយក្លេអ៊ែរដើម្បីកុំឱ្យចាញ់ប្រៀប កងទ័ពជើងទឹកកូរ៉េខាងត្បូង»។ នេះជាការគូសបញ្ជាក់របស់លោក Holmes។ យល់ឃើញស្រដៀងគ្នានេះដែរ លោក Eric Heginbotham ជាអ្នកស្រាវជ្រាវម្នាក់មកពីមជ្ឈមណ្ឌល MIT’s Center for International Studies បាននិយាយថាមហិច្ឆតានាវាមុជទឹកនុយក្លេអ៊ែររបស់កូរ៉េខាងត្បូងអាចនឹងជំរុញឱ្យជប៉ុនកាន់តែមានចិត្តចង់បាននាវាមុជទឹកនុយក្លេអ៊ែរដែរ។

លោកបន្ថែមថាជាទ្រឹស្ដី ប្រទេសនានា ពង្រឹងវិស័យយោធាដោយផ្អែកលើតម្រូវការសន្តិសុខជាតិផ្ទាល់ខ្លួន និងសម្លឹងមើលគ្នាទៅវិញទៅមក មិនថាប្រទេស២នោះជា ដៃគូ ឬក៏សម្ព័ន្ធមិត្តក៏ដោយ។ បានន័យថាផលប៉ះពាល់ពីគម្រោង Jang Bogo-N program នោះគឺការរីកសាយភាយបន្តិចម្ដងៗនៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅចំពោះមុខការកើនឡើងសមត្ថភាព នៃប្រភេទអាវុធនៅក្រោមទឹករបស់ចិន រុស្ស៉ី និងកូរ៉េខាងជើង។ ការវិវត្តន៍បែបនេះអាចនឹងបង្កទៅជាការកើនឡើងការរត់ប្រណាំងអាវុធក្នុងតំបន់។

បច្ចុប្បន្ន ឥណ្ឌាមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររួចទៅហើយ រីឯអូស្ត្រាលីកំពុងបោះជំហានទៅរកការកាន់កាប់នាវាមុជទឹកនុយក្លេអ៊ែរនៅក្រោមកិច្ចព្រមព្រៀង AUKUS ជាមួយអង់គ្លេស និងសហរដ្ឋអាមេរិក។ កូរ៉េខាងត្បូងបានគូសបញ្ជាក់ថាការអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួននឹងត្រូវប្រើប្រាស់សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចក្នុងកម្រិតទាប low-enriched uranium (LEU) មិនមែន អ៊ុយរ៉ាញ៉ូមចម្រាញ់រួចកម្រិតខ្ពស់ដូចដែលសហរដ្ឋអាមេរិក និងអង់គ្លេសបានប្រើនោះទេ។ នៅក្នុងតំបន់អាស៊ីប៉ូព៌ា ជប៉ុនជាប្រទេសតែមួយគត់ដែលមានសក្តានុពល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ នាវាមុជទឹកនុយក្លេអ៊ែរ បើទោះជាតូក្យូកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ និងនយោបាយក៏ដោយ។ តាមលោក Heginbotham ចិនច្បាស់ណាស់ នឹងជំទាស់តាមផ្លូវការទូត តែប៉េកាំងមានហេតុផលជាមូលដ្ឋាន តិចតួចណាស់ដើម្បីរារាំងមិនឱ្យកូរ៉េខាងត្បូង ឬជប៉ុនសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្នុងករណីដែលគម្រោងនោះស្របតាមគោលការណ៍ ឬស្ដង់ដាររបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA។

ការសម្រេចចិត្តរបស់កូរ៉េខាងត្បូងក្នុងការពង្រឹងសមត្ថភាពកំញើញទប់ស្កាត់តាមរយៈនាវាមុជទឹកនុយក្លេអ៊ែរ ក៏បានបង្ហាញដែរពីការកើនឡើងការព្រួយបារម្ភលើការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខ ក្នុងតំបន់ ព្រមទាំងមហិច្ឆតារបស់កូរ៉េខាងត្បូង ដើម្បីពង្រីកឧស្សាហកម្មយោធារបស់ខ្លួនដែលឥលូវការលក់អាវុធបានក្លាយជាមុខជំនួញដ៏សំខាន់មួយរបស់កូរ៉េខាងត្បូង។ ការអភិវឌ្ឍបច្ចេកវិទ្យា នាវាមុជទឹកនុយក្លេអ៊ែរនឹងកាន់តែពង្រឹងទំនុកចិត្តរបស់បណ្ដាប្រទេសដទៃលើកូរ៉េខាងត្បូងក្នុងនាមជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់មួយនៅលើពិភពលោក។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញយល់ថា គម្រោង Jang Bogo-N តែមួយមុខ ទំនងជានឹងមិនអាចកែប្រែតុល្យភាពកងទ័ពជើងទឹកក្នុងតំបន់បាននោះទេ ហើយចិននឹងបន្តកាន់កាប់តំណែងជាប្រទេសមានកងទ័ពជើងទឹកធំជាងគេបំផុត នៅលើពិភពលោក។

ម្យ៉ាងវិញទៀត ការប្រកួតប្រជែងយោធាមិនអាចកំណត់លទ្ធផលដោយបច្ចេកវិទ្យា ឬសមត្ថភាពតែមួយមុខដូចជានាវាមុជទឹកនុយក្លេអ៊ែរនោះទេ។ ផ្ទុយទៅវិញ វាអាស្រ័យលើការរួមផ្សំសមត្ថភាពយោធាជាច្រើនផ្សេងៗ គ្នាដែលអាចធ្វើប្រតិបត្តិការរួមគ្នា។ បើមើលលើបរិបទរបស់កូរ៉េខាងត្បូង អនាគតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ពិតជាមានគោលដៅទប់ទល់ជាមួយកូរ៉េខាងជើង។ តែបើមើលលើបរិបទទូលាយជាងនេះ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរតំណាងឱ្យការបោះជំហានមួយនៅក្នុងការកកើតឡើងនូវតុល្យភាពយោធានៅក្រោមបាតសមុទ្រនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលអាចនឹងត្រូវបានកំណត់ដោយសមត្ថភាពរួមគ្នា រវាងសហរដ្ឋអាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង ឬអាចមានទាំងជប៉ុនចូលរួមផងដែរ៕