ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន ប្រចាំឆ្នាំ២០២៦ ដើម្បីសម្តែងការដឹងគុណចំពោះបឹងទន្លេសាប បិទបញ្ចប់ដោយជោគជ័យ ដោយប្រែក្លាយតំបន់កំពង់ភ្លុក ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ

09-06-2026 20:47

(សៀមរាប)៖ ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៦ និងពិធីបុណ្យឆ្លងសាលាឆទានស្ពានមាត់ទន្លេ ដើម្បីសម្តែងការដឹងគុណចំពោះបឹងទន្លេសាប លើកទី៤ ដែលរៀបចំនៅសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ទី៧ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងការប្រឹងប្រែងសម្អាតអនាម័យបរិស្ថាន ជាពិសេសសំរាមប្លាស្ទិករហូតប្រែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។

ព្រឹត្តិការណ៍នេះមានការសហការដោយអាជ្ញាធរស្រុកប្រាសាទបាគង ជាមួយអង្គការមូលនិធិទំពាំងស្នងឬស្សី សមាគមទេសចរណ៍កម្ពុជា (CATA) និងអាជ្ញាធរឃុំកំពង់ភ្លុក ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍នៅតំបន់បឹងទន្លេសាប។ ខណៈកំពង់ភ្លុក ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំថា ជាសហគមន៍គំរូឈានមុខមួយដែលសកម្មក្នុងការងារសម្អាតបរិស្ថាន។

សូមជម្រាបថា ព្រឹត្តិការណ៍អបអរសាទរព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន ប្រចាំឆ្នាំ២០២៦ និង«បុណ្យឆ្លងសាលាឆទាន ស្ពានមាត់ទន្លេ និងដឹងគុណបឹងទន្លេសាប លើកទី៤ នៅសហគមន៍ទេសចរណ៍កំពង់ភ្លុករៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ទី៧ ខែមិថុនា ឆ្នាំ២០២៦ ដោយបានរៀបចំឱ្យកម្មវិធីបែបសាសនា កម្មវិធីកម្សាន្តសប្បាយ កម្មវិធីកីឡាដើម្បីសុខភាព អប់រំពីផលប៉ះពាល់នៃសំណល់ប្លាស្ទិក និងការរំលឹកឡើងវិញនូវទំនៀមទម្លាប់ ប្រពៃណី និងការដឹងគុណព្រះគង្គារ ដែលបានផ្តល់នៅសេចក្តីសុខ និងអត្ថប្រយោជន៍ផ្សេងៗទៀត ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញបឹងទន្លេសាប ពិសេសប្រជាពលរដ្ឋរស់នៅឃុំកំពង់ភ្លុក។

ព្រឹត្តិការណ៍មានការចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយពីសំណាក់កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប កម្លាំងនគរបាលខេត្ត និងអាជ្ញាធរមូលដ្ឋានជាដើម៕