គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បន្តចុះពិនិត្យ និងណែនាំម្ចាស់ទីតាំងសហការ ដើម្បីបោសសម្អាតបទល្មើស Online Scams នៅក្នុងមូលដ្ឋាន
09-06-2026 20:50
(ភ្នំពេញ)៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្តចុះពិនិត្យទីតាំងរស់នៅប្រមូលផ្តុំរបស់ជនបរទេស តាមអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រខណ្ឌបានដង្កោ។
ក្នុងពេលចុះប្រតិបត្តិការនេះ ក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំងបុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំក្នុងភូមិសាស្រ្តខណ្ឌដង្កោ ត្រូវចូលរួមសហការ និងចូលរួមអនុវត្ត ដូចតទៅ៖
*ត្រូវអនុវត្តបទបញ្ជាលេខ០១
*ត្រូវអនុវត្តអនុក្រឹត្យលេខ០៣
*ត្រូវរាយការណ៍អំពីចំនួនជនបរទេសពិតប្រាកដស្នាក់នៅជាក់ស្ដែងជូនមន្រ្តីនគរបាលប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋានឱ្យបានច្បាស់លាស់
*ត្រូវត្រួតពិនិត្យនូវឯកសារ លិខិតឆ្លងដែន ទិដ្ឋាការនៃការស្នាក់នៅរបស់ជនបរទេសអោយបានត្រឹមត្រវ និងត្រូវបានធានាថាជនបរទេសទាំងនោះ មិនមានលិខិតឆ្លងដែន ទិដ្ឋាការហួសសុពលភាពនៃការស្នាក់នៅឡើយ
*មិនអនុញ្ញាតឱ្យយកទីតាំងជួលធ្វើជាកន្លែងជួញដូរមនុស្ស ជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនក៏ដូចជាបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសមិនត្រូវប្រព្រឹត្តជាដាច់ខាតនូវអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
*ករណីមានតម្រុយ ឬហេតុការណ៍គួរឱ្យសង្ស័យណាមួយ ត្រូវរាយការជូនមន្រ្តីនគរបាលប៉ុស្តិ៍ ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើអាជ្ញាធរមានសមត្ថកិច្ចនឹងចុះត្រួតពិនិត្យដើម្បីអនុវត្ត និងចាត់វិធានការផាកពិន័យទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ៕





































