រដ្ឋមន្ត្រី ជា វ៉ាន់ដេត ធ្វើបទបង្ហាញជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ស្ដីពីការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល
10-06-2026 09:48
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីធ្វើបទបង្ហាញស្ដីពីវឌ្ឍនភាពការងាររបស់ ក.ប.ទ. ដែលជាសកម្មភាពការងារគាំទ្រការអនុវត្តយុទ្ធសាស្រ្ត គោលនយោបាយ កម្មវិធីនយោបាយ ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយមានការចូលរួមពីសមាជិក សមាជិកា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលជាសមាជិកប្រតិភូគណបក្សនយោបាយទាំង ៣៤ ដឹកនាំដោយលោកជំទាវ ហ៊ាន ដាលីន ប្រធានប្តូរវេន។
នៅក្នុងកិច្ចប្រជុំនេះលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានធ្វើបទបង្ហាញស្ដីពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាននាពេលកន្លងមក លើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល រួមមាន ការកសាងធនធានមនុស្ស ការគាំទ្រដល់ការបណ្តុះធុរកិច្ចថ្មីឌីជីថល ការកៀរគរចំណូលថវិកាជាតិ ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ និងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេសការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh និងបាននាំយកទៅប្រើប្រាស់នៅបរទេស ផងដែរ។
លោករដ្ឋមន្ត្រី និងប្រតិភូគណបក្សនយោបាយដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានពិភាក្សានិងផ្លាស់ប្តូរយោបល់លើការងារពាក់ព័ន្ធសំដៅចូលរួមចំណែកក្នុងការកសាងសង្គមជាតិឱ្យរីកចម្រើនបន្ថែមទៀតផងដែរ៕














