ទេសរដ្ឋមន្ត្រី ព្រុំ សុខា រម្លឹកគ្រប់ភាគីពាក់ព័ន្ធត្រូវផ្លាស់ប្តូរព័ត៌មានជាប្រចាំពីការនាំចេញ-នាំចូល ការប្រើប្រាស់សារធាតុគីមីផ្សំរបស់វិស័យឯកជនដែលផ្តល់អាជ្ញាបណ្ណ ដើម្បីទប់ស្កាត់ការលួចបង្វែរពីជំនួញស្របច្បាប់យកទៅផលិតគ្រឿងញៀន

10-06-2026 09:54

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ព្រុំ សុខា អនុប្រធានប្រចាំការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ បានណែនាំបន្ថែមដល់ក្រសួង ស្ថាប័ន​ អង្គភាពជំនាញពាក់ព័ន្ធត្រូវលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានជាប្រចាំជាមួយស្ថាប័ន អង្គភាពអនុវត្តច្បាប់ អំពីការនាំចេញនាំចូល ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់សារធាតុគីមីផ្សំរបស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបានផ្តល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតជូន ដើម្បីសំដៅរួមគ្នាបង្ការទប់ស្កាត់ការលួចបង្វែរពីជំនួញស្របច្បាប់ យកទៅផលិតគ្រឿងញៀនសំយោគខុសច្បាប់។

ការណែនាំបែបនេះរបស់ទេសរដ្ឋមន្ត្រី ព្រុំ សុខា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសិក្ខាសាលាស្តីពី «ការពង្រឹងប្រសិទ្ធភាពកិច្ចសហការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំ ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់» នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញ ដោយមានចូលរួមពីសំណាក់មន្ត្រីជំនាញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិកក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ និងមានសិក្ខាកាមតំណាងមកពីបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងវិស័យឧស្សាហកម្ម ដែលមានប្រតិបត្តិការពាក់ព័ន្ធនឹងសារធាតុគីមីផ្សំ ចំនួន១៧៦រូប។

ទេសរដ្ឋមន្ត្រី ព្រុំ សុខា​ បានសូមកោតសរសើរ វាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័ន អង្គភាព និងអ្នកពាក់ព័ន្ធពិសេសក្នុងក្របខណ្ឌក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ដែលកំពុងអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវលើការងារគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំនៅតាមវិស័យនីមួយៗស្របតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ និងឆន្ទៈដ៏មុតស្រួចរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាកិច្ចការអាទិភាពមួយក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយគ្នានេះដែរ​ ទេសរដ្ឋមន្ត្រី​ ព្រុំ សុខា បានលើកឡើងថា ដើម្បីចូលរួមអនុវត្តអនុសាសន៍ណែនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ផែនការយុទ្ធនាការ សេចក្តីណែនាំ និងបទបញ្ហាពាក់ព័ន្ធនានាសំដៅលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសបានបង្កើតយន្តការក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងត្រួតពិនិត្យលើការស្នើសុំនាំចេញនាំចូល ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការរក្សាទុកសារធាតុញៀន និងសារធាតុគីមីផ្សំ ក្នុងគោលដៅរួមគ្នាបង្ការទប់
ស្កាត់ការលួចបង្វែរពីជំនួញស្របច្បាប់យកទៅផលិតគ្រឿងញៀនសំយោគខុសច្បាប់។

អនុប្រធានប្រចាំការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ បានបញ្ជាក់ថា ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងភាពច្បាស់លាស់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ក្រុមការងារអន្តរក្រសួង ក៏ដូចជាក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំនិយាមនីតិធីប្រតិបត្តិ សំដៅកំណត់អំពីដែនសមត្ថកិច្ច និងភារកិច្ចច្បាស់លាស់ជូនដល់ក្រសួង ស្ថាប័ន និងអង្គភាពជំនាញពាក់ព័ន្ធដើម្បីបង្កលក្ខណៈកាន់តែប្រសើរក្នុងការសហការគ្រប់គ្រងត្រួតពិនិត្យរាល់សកម្មភាពស្របច្បាប់ពាក់ព័ន្ធនឹងសារធាតុញៀន និងសារធាតុគីមីផ្សំ ដូចដែលបានរៀបចំក្នុងពិធីផ្សព្វផ្សាយ និងណែនាំនាពេលនេះ។

ទេសរដ្ឋមន្ត្រី ព្រុំ សុខា បានក្រើនរម្លឹកដល់គ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំបន្តដល់គ្រប់សមាសភាពពាក់ព័ន្ធដែលស្ថិតក្រោមឱវាទរបស់ខ្លួន ដើម្បីចូលរួមសហការ និងអនុវត្ត។ គ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវដឹកនាំ និងអនុវត្តសកម្មភាពការងារគ្រប់គ្រងត្រួតពិនិត្យការស្នើសុំនាំចេញ នាំចូល ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការរក្សាទុកសារធាតុញៀន និងសារធាតុគីមីផ្សំឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ស្របតាមតួនាទីភារកិច្ចដែលបានកំណត់ក្នុងនិយាមនីតិវិធីប្រតិបត្តិ។

បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី ព្រុំ សុខា បានគូសបញ្ជាក់ថា គ្រប់ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវត្រួតពិនិត្យជាប្រចាំលើការចែកចាយ ការដឹកជញ្ជូនការប្រើប្រាស់ និងការរក្សាទុកសារធាតុញៀន និងសារធាតុគីមីផ្សំ នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ គ្រប់ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវសហការសម្របសម្រួល និងចូលរួមអនុវត្តយន្តការត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំរបស់ក្រុមការងារអន្តរក្រសួងឱ្យមានប្រសិទ្ធភាព៕