មូលនិធិគន្ធបុប្ផាកម្ពុជា រួមគ្នាជាមួយ Grab ដើម្បីកៀរគរថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

10-06-2026 10:18

(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា បានសហការ​ជាផ្លូវការជាមួយក្រុមហ៊ុនដឹកជញ្ជូន Grab ក្នុងការរៀបចំកម្មវិធីកៀរគរថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ដែលដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦, អតិថិជន Grab អាចផ្លាស់ប្តូរកាក់ GrabCoins ដែលមានក្នុងគណនីរបស់ខ្លួនមកធ្វើការបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦​។​

អតិថិជន Grab អាចចូលរួមបរិច្ចាគបានដោយគ្រាន់តែចូលទៅកាន់កម្មវិធី Grab​ រួចជ្រើសរើស GrabCoins Catalogue និងទំហំនៃការបរិច្ចាគទៅតាមចំនួន GrabCoins ដែលមាននៅក្នុងគណនី Grab របស់លោកអ្នក ដូចខាងក្រោម៖

* ១៧០ ​កាក់ (GrabCoins) ក្រុមហ៊ុន Grab នឹងប្តូរជាសាច់ប្រាក់បរិច្ចាគ ១ ០០០ រៀល
* ៣៤០ ​កាក់ (GrabCoins) ក្រុមហ៊ុន Grab នឹងប្តូរជាសាច់ប្រាក់បរិច្ចាគ ២ ០០០ រៀល
* ១ ០២០ កាក់ (GrabCoins) ក្រុមហ៊ុន Grab នឹងប្តូរជាសាច់ប្រាក់បរិច្ចាគ ៦ ០០០ រៀល
* ១ ៣៦០ កាក់ (GrabCoins) ក្រុមហ៊ុន Grab នឹងប្តូរជាសាច់ប្រាក់បរិច្ចាគ ៨ ០០០ រៀល
* ១ ៧០០ កាក់ (GrabCoins) ក្រុមហ៊ុន Grab នឹងប្តូរជាសាច់ប្រាក់បរិច្ចាគ ១០ ០០០ រៀល។

បន្ទាប់ពីលោកអ្នកបានចុចបរិច្ចាគកាក់ GrabCoins រួចរាល់ (លោកអ្នកអាចធ្វើការចុចបរិច្ចាគ ច្រើនដងឬ ច្រើនជម្រើសទៅតាមទឹកចិត្តសប្បុរសធម៌) ក្រុមហ៊ុន Grab នឹងរ៉ាប់រងប្តូរកាក់ទាំងនោះទៅជាសាច់ប្រាក់សុទ្ធ ដើម្បីប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា ដោយផ្ទាល់នាពេលបញ្ចប់យុទ្ធនាការ។ ការបរិច្ចាគរបស់សប្បុរជនជនទាំងអស់​ពិតជាមានតម្លៃក្នុងការរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការប្រចាំថ្ងៃ​របស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និង ខេត្តសៀមរាប ដែលកំពុងមានបេសកកម្មសង្គ្រោះជីវិត ទារក និងកុមារតូចៗ ព្រមទាំងសេវាសម្ភព ដោយមិនគិតថ្លៃ ។

សូមជម្រាបជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមទម្រង់ជា «បរធនបាលកិច្ច» ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាស្ថាបនិក និងត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីកៀរគរអំណោយ, ឧបត្ថម្ភធន និងវិភាគទានពីគ្រប់ប្រភពស្របច្បាប់នានា សំដៅធានាចីរភាពនៃប្រភពចំណូល សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផា។

ចាប់តាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣មក, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បាន​ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ឈរជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ដោយឡែក Grab គឺជាក្រុមហ៊ុនផ្តល់សេវាកម្មកម្មវិធីពហុវិស័យ (Superapp) ឈានមុខគេនៅ​ក្នុងតំបន់​អាស៊ីអាគ្នេយ៍ ដែលប្រតិបត្តិការលើវិស័យដឹកជញ្ជូនទំនិញ សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្ម​ហិរញ្ញវត្ថុ​ឌីជីថល។ ដោយផ្តល់សេវាកម្មក្នុងក្រុងចំនួន៨០០ នៃប្រទេសចំនួន៨ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន៖ កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម, Grab បានជួយដល់មនុស្សរាប់លាននាក់ជារៀងរាល់ថ្ងៃ ក្នុងការបញ្ជា​ទិញអាហារ ឬគ្រឿងទេស ផ្ញើអីវ៉ាន់ កក់សេវាដឹកជញ្ជូន ឬតាក់ស៊ី ទូទាត់ការទិញទំនិញតាមអនឡាញ ឬប្រើប្រាស់​សេវាកម្ម​​ផ្សេងៗដូចជា កម្ចី និងធានារ៉ាប់រងដែលទាំងអស់នេះមាននៅក្នុងកម្មវិធីតែមួយ។

Grab ត្រូវបានបង្កើត​ឡើង​ ក្នុងឆ្នាំ២០១២ ជាមួយបេសកកម្មជំរុញតំបន់អាស៊ីអាគ្នេយ៍ឱ្យរីកចម្រើនទៅមុខ តាមរយៈការបង្កើតលទ្ធភាព​សេដ្ឋកិច្ច​សម្រាប់​​គ្រប់គ្នា។ Grab ប្រកាន់ខ្ជាប់នូវគោលការណ៍ "Triple Bottom Line" ដែលមាន​គោល​ដៅ​សម្រេចឱ្យបាន នូវលទ្ធផលហិរញ្ញវត្ថុ​សម្រាប់​ភាគហ៊ុនិក ព្រមជាមួយការ​បង្កើតឥទ្ធិពលវិជ្ជមាន​ដល់សង្គម​រួមមាន​ ​ការបង្កើនលទ្ធភាព សេដ្ឋកិច្ចសម្រាប់មនុស្សរាប់លាននាក់​នៅក្នុង​តំបន់ ខណៈពេលដែល Grab កំពុងកាត់បន្ថយ​ផលប៉ះពាល់​ដល់បរិស្ថាន ផងដែរ។

សូមអតិថិជន Grab ទាំងអស់ព្រមទាំងសាធារណជនជ្រាប​ជាដំណឹង និងសូមចូលរួមបរិច្ចាគឱ្យបានច្រើនកុះករ។ បរិច្ចាគ GrabCoins ក្នុងគណនីរបស់អ្នកនៅថ្ងៃនេះ ដើម្បីក្តីសង្ឃឹមជានិរន្តរភាព និងជា​ជីវិតថ្មី​របស់ទារក និងកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីដ៏មាន​តម្លៃសម្រាប់​អនាគតជាតិ​មាតុភូមិ​កម្ពុជា៕