លោករដ្ឋមន្ត្រី ឈាង រ៉ា ចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ត្រីបុគ្គលិក នៅមណ្ឌលសុខភាព សំរោង ខេត្តពោធិ៍សាត់
10-06-2026 10:27
(ពោធិ៍សាត់)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាលអញ្ជើញចុះសួរសុខទុក្ខមន្ត្រី-បុគ្គលិក និងពិនិត្យមើលនូវវឌ្ឍនភាពការងារនៅមណ្ឌលសុខភាព សំរោង ខេត្តពោធិ៍សាត់ ដែលពិធីក៏មានការអញ្ជើញចូលរួមពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ផងដែរ។
នាឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បង្ហាញនូវចំណាប់អារម្មណ៍កោតសរសើរជាថ្មីដល់មណ្ឌលសុខភាពសំរោងមួយនេះ ដែលជាមណ្ឌលសុខភាពមួយដែលនៅដាច់ស្រយាល តែការបម្រើសេវាសុខាភិបាលជូន ប្រជាជនបានយ៉ាងល្អ ហើយទទួលបានជំនឿទុកចិត្ដខ្ពស់ពីអ្នកជំងឺ និងគ្រួសារអ្នកជំងឺ។
ក្រោយសួរសុខទុក្ខមន្ដ្រីក្រោមឱវាទថ្នាក់ដឹកនាំដ៏ប្រកបដោយបុរេសកម្ម ដែលធ្វើការដោយប្រើបេះដូង បានអប់រំណែនាំបន្ថែមដល់កូនចៅរបស់ខ្លួន ឱ្យបន ្ដខិតខំភាពល្អប្រសើរនេះ ឱ្យបានយូរអង្វែងតទៅ និងត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពជាបន្ដបន្ទាប់ ដើម្បីផ្ដល់ក្ដីរំពឹង និងការទុកចិត្ដខ្ពស់ពីប្រជាជនយើង តាមរយៈបម្រើសេវាសុខាភិបាល ប្រកបដោយសមត្ថភាព សុវត្ថិភាព ស័ក្កសិទ្ធភាព និងសមធម៌។
ខណៈដែលលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីអញ្ជើញចុះនេះ លោកសម្លឹងឃើញថា មណ្ឌលសុខភាព សំរោង ដែលជាមណ្ឌលសុខភាព ដែលបានទទួល ជ័យ លាភី លេខ ១ នៃការផ្ដល់ សេវា សាធារណៈ គំរូ ឆ្នាំ ២០២៣ លើ វិស័យ សុខាភិបាល គឺមានការអភិវឌ្ឍខ្លួនកាន់តែល្អប្រសើរ ទាំងការដឹកនាំ ការទទួលខុសត្រូវលើការងារ ពិសេសបានរក្សាភាពស្អាត អនាម័យ និងមានការច្នៃការប្រឌិតខ្ពស់ ក្នុងការរៀបចំបរិវេណក្នុងមណ្ឌលសុខភាពរបស់ខ្លួន។
ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍មួយចំនួនបន្ថែមទៀត ដល់ប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យនៅក្នុងមណ្ឌល ដើម្បីទទួលបានភាពជោគជ័យជាបន្ដបន្ទាប់ ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាជន ពិសេសជូនពរទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការប្រឡងប្រណាំងយកជ័យលាភី និងជាប់ជាមណ្ឌលសុខភាពគំរូ។
ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យបានសង្កត់ធ្ងន់ថា «យើងកាន់តែត្រូវបង្កើនការខិតខំ និងតម្កល់ភាពល្អប្រសើរនេះ ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ហើយត្រូវតែចែករំលែកដល់សហភាតរៈយើង អំពីការវិវត្តន៍ជាវិជ្ជមានរបស់ខ្លួនឱ្យកាន់តែទូលាយ សំដៅការរីកចម្រើនទៅមុខជាមួយគ្នា រួមគ្នាកសាងប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែមានភាពធន់»។
ជាការឆ្លើយតបលោក ស្រី ប៉ែន យុទ្ធា ប្រធានមណ្ឌលសុខភាពសំរោង និងក្រុមគ្រូពេទ្យ បានសម្ដែងនូវការគោរពថ្លែងអំណរគុណចំពោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបេះដឹងដ៏កក់ក្តៅជូនមន្ត្រី-បុគ្គលិក ដែលការខិតខំបន្តប្រឹងប្រែងគ្រប់មធ្យោបាយ ក្នុងការពង្រឹង និងពង្រីក គំនិតស្មារតីដល់មន្ត្រីបុគ្គលិកក្រោមឳវាទទាំងអស់ ឲ្យមានសមត្ថភាព ដើម្បីផ្តល់សេវាសុខាភិបាលមួយប្រកបដោយទំនុកចិត្តខ្ពស់ដល់ពលរដ្ឋ។
តំណាងឱ្យក្រុមគ្រូពេទ្យទាំងអស់ប្រធានមណ្ឌលរូបនេះ ក៏បានប្ដេជ្ញាចិត្ដចេញយ៉ាងមុតមាំង ឈរលើកគោលការចម្បងៗដើម្បីបម្រើសេវាសុខាភិបាលឱ្យកាន់តែមានភាពល្អប្រសើរ និងកក់ក្ដៅជាទីបំផុតជូនប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយនឹងបម្រើដោយបេះដូង។
សូមជម្រាបថា មណ្ឌលសុខភាពសំរោង ស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ មានចម្ងាយ ៤២គីឡូម៉ត្រពីទីរួមខេត្តពោធិ៍សាត់ ធ្លាប់ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស ក្នុងឆ្នាំ២០២៣។ មណ្ឌលសុខភាពមួយនេះ បានបម្រើជូនដល់ប្រជាជនប្រុសស្រី ក្មេងចាស់ បានយ៉ាងកក់ក្ដៅ ដែលធ្វើឱ្យអ្នកមកទទួលសេវា មានភាពងាយស្រួល ដោយមិនចាំបាច់ធ្វើដំណើរទៅខេត្ដក្រុង ដែលឆ្ងាយពីលំនៅឋានរបស់ខ្លួន ហើយបានបម្រើសេវាសុខាភិបាល ២៤លើ២៤ យ៉ាងមានប្រសិទ្ធភាព។
គួររម្លឹកផងដែរដំណើរទស្សនកិច្ចស្វែងយល់បន្ថែម និងការសួរសុខទុក្ខដល់បុគ្គលិកខាងនេះ របស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសដែលលោកសាស្ដ្រាចារ្យ ចុះបេសកកម្មការងារចំនួន ២ថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៦ លើទឹកដីខេត្ដពោធិ៍សាត់ និងខេត្ដបាត់ដំបង ។ជាក់ស្ដែងការចុះសួរសុខទុក្ខនាពេលនេះ បន្ទាប់ពីលោកសាស្ដ្រាចារ្យ អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺមិនឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ជាអំណោយរបស់ប្រជាជនសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦៕




























