មន្ទីរបរិស្ថានខេត្តកណ្តាល សហការជាមួយវិស័យឯកជន លើគម្រោងដាំដើមឈើ ១លានដើម នៅស្រុកកណ្តាលស្ទឹង

10-06-2026 10:30

(កណ្តាល)៖ មន្ទីរបរិស្ថានខេត្តកណ្ដាល សហការជាមួយវិស័យឯកជនមួយ លើគម្រោងដើមឈើ ១លានដើម ដោយមានការចូលរួមពី ព្រះចៅអធិការវត្ត អាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផងដែរ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅបរិវេណវត្តវិហារកំបោរ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោក ពៅ សោម៉ាណាក់ បានថ្លែងថា មន្ទីរបរិស្ថានខេត្ត មានគោលដៅដើម្បីបង្កើតភាពស្អាត បៃតង ដូច្នេះថ្ងៃនេះនៅទីតាំងវត្តវិហារកំបោរ មន្ទីរបរិស្ថាន ក្រុមការងារវិស័យឯកជន និងរដ្ឋបាលស្រុក បានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហការលើគម្រោងដើមឈើ ១លានដើម ដើម្បីជំរុញលើកទឹកចិត្តដល់ ប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាវត្តអារាម ត្រូវចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីអាកាសធាតុល្អប្រសើរនៅកម្ពុជា។ នេះគឺជាសកម្មភាពផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមក្នុងការដាំដើមឈើ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ត្រូវចូលរួមដាំដើមឈើឲ្យបានមួយដើមសម្រាប់ខ្លួនឯង និងសម្រាប់សង្គមជាតិទាំងមូល។

លោកបានបន្តទៀតថា វត្តមានរបស់ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៅថ្ងៃនេះ ពិតជាមានតម្លៃណាស់ ព្រោះការថែរក្សាបរិស្ថានគឺត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់។ លោកបានបន្ថែមថា មន្ទីរបរិស្ថានខេត្តកណ្ដាល ដែលជាដៃគូយុទ្ធសាស្ត្រតាំងពីឆ្នាំ២០២២ ដោយបានចូលរួមដាំដុះកូនឈើក្នុងសហគមន៍បានប្រមាណ ២២ ០០០ដើម ហើយនៅក្នុងឆ្នាំ២០២៦នេះ មូលនិធិនិងបន្តផ្ដល់កូនឈើចំនួន ១០ ០០០ ដើមបន្ថែមទៀត ដល់មន្ទីរបរិស្ថានខេត្តកណ្ដាល៕