ក្រសួងបរិស្ថាន និងអង្គការ GGGI ពិភាក្សាការងារ ដើម្បីពិនិត្យកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេល ៣ឆ្នាំខាងមុខ
10-06-2026 11:43
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី Nathalie André តំណាងប្រចាំប្រទេសនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពិនិត្យលើវឌ្ឍនភាព និងទិសដៅកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេល ៣ឆ្នាំខាងមុខ។
ក្នុងជំនួបពិភាក្សានេះ លោកបណ្ឌិតរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ និងតម្រង់ទិសការងារសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេល ៣ឆ្នាំខាងមុខ ជាពិសេសលើការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយអនុលោមយ៉ាងខ្ជាប់ខ្ជួនតាមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្រ្ត ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ជាការឆ្លើយតប លោកស្រី Nathalie André តំណាងប្រចាំប្រទេសនៃអង្គការ GGGI បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោករដ្ឋមន្រ្តី ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ដើម្បីរួមចំណែកដល់ការការពារ និងការអភិរក្សជីវចម្រុះនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕











