ប្រទេសប៊ុលហ្ការី ប្រកាសថានឹងមិនបន្តផ្តល់ជំនួយអាវុធ ដល់អ៊ុយក្រែន (Video inside)

10-06-2026 12:04

(សូហ្វីយ៉ា)៖ រដ្ឋមន្រ្តីការពារជាតិថ្មីនៃប្រទេសប៊ុលហ្ការី លោក Dimitar Stoyanov បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦។

ដោយលើកពីទិសដៅអាទិភាពរបស់ក្រសួងការពារជាតិ លោក Stoyanov ថាសង្រ្គាមមិនអាចដោះស្រាយបានតាមរយៈសមរភូមប្រយុទ្ធបានឡើយ។ ភ្លាមៗនៅមិនទាន់មានការឆ្លើយតបពីសំណាក់ទីក្រុងកៀវ។

ប៊ុលហ្ការី ដែលជាសមាជិកអង្គការណាតូ និងសហភាពអឺរ៉ុប បានបញ្ជូនមីស៉ីលប្រឆាំងរថក្រោះ រថពាសដែក កាំភ្លើងត្បាល់ កាំភ្លើងធំជាច្រើនប្រភេទ ទៅឱ្យអ៊ុយក្រែនក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ឆ្នាំនេះ អ៊ុយក្រែន និងប៊ុលហ្គារី បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខទ្វេភាគី រយៈពេល ១០ឆ្នាំ ដែលរួមមានការផលិតអាវុធរួមគ្នា ចែករំលែកព័ត៌មានស៉ើបការណ៍សម្ងាត់ និងបង្កើតច្រករបៀងថាមពលមួយ ដើម្បីបញ្ជូនឧស្ម័នប្រហែល ១០ពាន់លានម៉ែត្រគូប ជារៀងរាល់ឆ្នាំ ទៅកាន់អ៊ុយក្រែន។

គួរបញ្ជាក់ថា រដ្ឋាភិបាល​ប៊ុលហ្គារី ដឹកនាំដោយអតីតប្រធានាធិបតី លោក Rumen Radev ដែលទើបស្បថចូលកាន់តំណែង កាលពីខែមុន ត្រូវបានគេស្គាល់ថាមានគោលជំហរគាំទ្ររុស្ស៉ី ប៉ុន្តែបានសន្យាថានឹងអនុវត្តតាមគោលនយោបាយ EU៕