លោករដ្ឋមន្ត្រី ឈាង រ៉ា បន្ដចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ត្រីបុគ្គលិក នៅមណ្ឌលសុខភាព បឹងបត់កណ្ដោល ខេត្តពោធិ៍សាត់ (Video inside)
10-06-2026 12:43
(ពោធិ៍សាត់)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្ដដឹកនាំប្រតិភូសុខាភិបាលអញ្ជើញចុះសួរសុខទុក្ខមន្ត្រី-បុគ្គលិក និងពិនិត្យមើលនូវវឌ្ឍនភាពការងារនៅមណ្ឌលសុខភាព បឹងបត់កណ្ដោល ខេត្តពោធិ៍សាត់ បន្ទាត់ពីបានចុះសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាលរបស់មណ្ឌលសុខភាពសំរោង ខេត្ដពោធិ៍សាត់ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
នាឱកាសនោះលោក
សាស្ត្រាចារ្យរដ្ឋមន្ត្រី បានបង្ហាញនូវចំណាប់អារម្មណ៍កោតសរសើរដល់មណ្ឌលសុខភាព បឹងបត់កណ្ដោល ដែលជាមណ្ឌលសុខភាពមួយដែលនៅដាច់ស្រយាល តែការបម្រើសេវាសុខាភិបាលជូន ប្រជាជនបានយ៉ាងល្អ ហើយទទួលបានជំនឿទុកចិត្ដខ្ពស់ពីអ្នកជំងឺ និងគ្រួសារអ្នកជំងឺ ពិសេសមានអនាម័យល្អ និងបរិស្ថានស្អាត។
ការអញ្ជើញចុះទៅកាន់មណ្ឌលសុខភាពបឹងបត់កណ្ដោលនេះផងដែរ ក៏ជាពេលវេលាមួយស្របពេលដែលលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី កំពុងបង្រៀនក្នុងវគ្គបណ្ដុះបណ្ដាល «ភាពជាដឹកនាំ និងនវានុវត្តន៍» ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ដែលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបជាង៣ពាន់នាក់។ វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្ដន៍ លោកសាស្ដ្រាចារ្យបានបង្កើតឱ្យមានឡើង តាំងពីលោកទទួលបានសេចក្ដីទុកចិត្ដពីរាជរដ្ឋាភិបាល ផ្ដល់តួនាទីជារដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងអណត្ដិទី៧នៃរដ្ឋសភា ។ដូច្នេះតាំងពីវត្ដមានរបស់លោកជារដ្ឋមន្ដ្រី គឺលោកបានបណ្ដុះបណ្ដាលបុគ្គលិកខ្លួនរហូតមក ពីភាពជាអ្នកដឹកនាំ និងនវានុវត្ដន៍នេះ ដែលធ្វើឡើងជារៀងរាល់ថ្ងៃអង្គារ វេលាម៉ោង ២រសៀល។ ជាក់ស្ដែងទោះជាពេលវេលាដ៏មមាញឹកដែលលោកត្រូវបំពេញបេសកកម្មការងារចុះមកខេត្ដក៏ដោយ ក៏រដ្ឋមន្ដ្រីរូបនេះមិនបណ្ដែតបណ្ដោយពេលវេលានោះឡើយ គឺឆ្លៀតឱកាសធ្វើដំណើរតាមរថយន្ដបណ្ដើរ ទៅកាន់មណ្ឌលសុខភាពខាងលើនេះ បង្រៀនមន្ដ្រីរបស់ខ្លួនបណ្ដើរ គោលបំណងតែមួយគត់ គឺដើម្បីទាញផលប្រយោជន៍នេះ ទៅបម្រើសេវាសុខាភិបាលជូនប្រជាជនទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព ស័ក្កសិទ្ធភាព និងសមធម៌ ពោរពេញទៅដោយភាពកក់ក្ដៅ និងផ្ដល់ជំនឿទុកចិត្ដខ្ពស់។
ក្នុងឱកាសចុះសួរសុខទុក្ខដល់មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាព បឹងបត់កណ្ដោលនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានគូសរម្លឹកពីចំណុចដែលរៀនរួចកន្លងមក ហើយមកមើលនូវការអនុវត្ដន៍ផ្ទាល់របស់បុគ្គលិកខ្លួន លោកបានឃើញថា ពិតជាបានផ្ដល់ប្រសិទ្ធភាពជូនពួកគាត់ ហើយក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពនេះក៏បង្ហាញភាពសប្បាយរីករាយជាខ្លាំង ដែលមានថ្នាក់ដឹកនាំដ៏រឹងមាំ ពោរពេញទៅដោយសមត្ថភាព និងបេះដូងកក់ក្ដៅ មកបណ្ដុះទាំងទឹកចិត្ដ គំនិត ពង្រឹងស្មារតី ចំណេះជំនាញបន្ថែមជូនបុគ្គលិកគ្រប់ៗរូប ដែលធ្វើឱ្យមណ្ឌលសុខភាពរបស់ខ្លួន ពិតជាទទួលបានភាពល្អប្រសើរជាបន្ដបន្ទាប់ ហើយមានការពេញចិត្ដ ពេញថ្លើម ពីប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន។
បន្ទាប់ពីសំណេះសំណាលជាមួយបុគ្គលិកនៅក្នុងមណ្ឌល ក៏ដូចជាបង្ហាញរូបភាពជាក់ស្ដែងនៃការអនុវត្ដន៍របស់មណ្ឌលនេះ ជូនដល់មន្ដ្រីក្រោមឱវាទជាង ៣ពាន់នាក់តាមរយៈប្រព័ន្ធវីដេអូ សន្និសីទ(Zoom), លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានបន្ដចុះពិនិត្យមើលការងារតាមផ្នែកផ្សេងៗទៀត ពិសេសចុះមើលការរៀបចំជុំវិញបរិវេណមណ្ឌលសុខភាព និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាព។ ជាងនេះទៅទៀតលោកសាស្ដ្រាចារ្យ ក៏អញ្ជើញទៅមើលបន្ទប់ប្រជុំថ្នាក់អប់រំម្ដាយ និងក្លឹបហាត់ប្រាណសហគមន៍ ដែលក្រុមគ្រូពេទ្យកំពុងបង្ហាត់បង្រៀនដល់ប្រជាជន ។ក្នុងនោះក៏មានគូររូបភាពផ្សេងៗផ្អែកទៅលើការអប់រំសុខភាព ផ្លូវកាយ ផ្លូវចិត្ដ ជាមួយគ្នានោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក៏បានចូលរួមរួមគូររូបផាត់ពណ៌ និងសំណេះសំណាលជាមួយប្រជាជនយ៉ាងរីករាយ ប្រៀបដូចជាគ្រួសារមួយដ៏កក់ក្ដៅ ពោរពេញទៅដោយស្នាមញញឹម ក្ដីស្រលាញ់ និងក្ដីសង្ឃឹម។
ក្រោយសួរសុខទុក្ខមន្ដ្រីក្រោមឱវាទថ្នាក់ដឹកនាំដ៏ប្រកបដោយបុរេសកម្ម ដែលធ្វើការដោយប្រើបេះដូង ក៏បានអប់រំណែនាំបន្ថែមដល់កូនចៅរបស់ខ្លួន ឱ្យបន្តខិតខំភាពល្អប្រសើរនេះ ឱ្យបានយូរអង្វែងតទៅ និងត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពជាបន្ដបន្ទាប់ ដើម្បីផ្ដល់ក្ដីរំពឹង និងការទុកចិត្ដខ្ពស់ពីប្រជាជនយើង តាមរយៈបម្រើសេវាសុខាភិបាល ប្រកបដោយសមត្ថភាព សុវត្ថិភាព ស័ក្កសិទ្ធភាព និងសមធម៌។
លើសពីនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍មួយចំនួនបន្ថែមទៀត ដល់ប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យនៅក្នុងមណ្ឌល ដើម្បីទទួលបានភាពជោគជ័យជាបន្ដបន្ទាប់ ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាជន។
ជាការឆ្លើយតបប្រធានមណ្ឌលសុខភាព បឹងបត់កណ្ដោល និងក្រុមគ្រូពេទ្យ បានសម្ដែងនូវការគោរពថ្លែងអំណរគុណចំពោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបេះដូងដ៏កក់ក្តៅជូនមន្ត្រី-បុគ្គលិក ដែលការខិតខំបន្តប្រឹងប្រែងគ្រប់មធ្យោបាយ ក្នុងការពង្រឹង និងពង្រីក គំនិតស្មារតីដល់មន្ត្រីបុគ្គលិកក្រោមឳវាទទាំងអស់ឱ្យមានសមត្ថភាព ដើម្បីផ្តល់សេវាសុខភាពមួយប្រកបដោយទំនុកចិត្តខ្ពស់ដល់ពលរដ្ឋ។ ទន្ទឹមនឹងនោះក៏បានប្ដេជ្ញាចិត្ដចេញយ៉ាងមុតមាំ ឈរលើគោលការចម្បងៗនឹងប្រឹងប្រែងបន្ថែមទាំងដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើសេវាសុខាភិបាលឱ្យកានតែមានភាពល្អប្រសើរ និងកក់ក្ដៅជាទីបំផុតជូនប្រជាជននៅក្នុងមូលដ្ឋាន។
សូមជម្រាបថា បន្ទាប់ពីលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបញ្ចប់នូវកិច្ចសំណេះសំណាលសួរសុខទុក្ខដល់មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាព បឹងបត់កណ្ដោល លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក៏បានបន្ដដំណើរចុះទៅសួរសុខទុក្ខដល់មន្ដ្រីបុគ្គលិក និងអ្នកជំងឺដែលមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់ផងដែរ មុនធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺមិនឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ជាអំណោយរបស់ប្រជាជនសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦៕












































































