លោក ពេជ សោភ័ន៖ ចុះពង្រឹងសមត្ថភាពគណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន តំបន់៣ ដើម្បីលើកកម្ពស់គុណភាពអប់រំកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព
10-06-2026 12:51
(ពោធិ៍សាត់)៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់ លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានអញ្ជើញជាអធិបតីក្នុងពិធី «ឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធឧត្ដមានុវត្តន៍ សម្រាប់គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន នៅតាមសាលារៀនគោលដៅ គ.វ.អ (តំបន់៣)»។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងគណៈប្រតិភូ និងថ្នាក់ដឹកនាំអប់រំមកពីខេត្តចំនួន ៥ រួមមាន៖ ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តកោះកុង និងខេត្តប៉ៃលិន។
ក្នុងឱកាសនោះ លោក ពេជ សោភ័ន បានគូសបញ្ជាក់យ៉ាងមុតមាំ អំពីសារៈសំខាន់នៃគុណភាពអប់រំ ដោយលោកលោកមានប្រសាសន៍ថា លោកគ្រូអ្នកគ្រូ និងគណៈគ្រប់គ្រងសាលា គឺជា «សសរស្តម្ភ» ដ៏សំខាន់បំផុតក្នុងការកសាងធនធានមនុស្ស។ គុណភាពសិស្ស កើតចេញពីគុណភាពគ្រូ ហើយគុណភាពគ្រូ កើតចេញពីការគ្រប់គ្រងដឹកនាំដ៏ត្រឹមត្រូវ។
លោកបានលើកទឹកចិត្តឱ្យមានការដកស្រង់បទពិសោធល្អៗពីគ្នាទៅវិញទៅមក ដោយមិនត្រូវរក្សាទុកតែម្នាក់ឯងនោះទេ ព្រោះចំណេះដឹងគឺជាកម្លាំងចលករដែលត្រូវតែចែកចាយ ដើម្បីឱ្យការអភិវឌ្ឍវិស័យអប់រំមានភាពស្មើគ្នា។
លោកជំរុញឱ្យសាលារៀនគោលដៅទាំងអស់ ត្រូវចាប់យកបច្ចេកវិទ្យាឌីជីថលមកប្រើប្រាស់ ក្នុងដំណើរកាគ្រប់គ្រង និងការបង្រៀន ដើម្បីឆ្លើយតបទៅនឹងបរិបទសកលភាវូបនីយកម្ម។
លោក ពេជ សោភ័ន បានផ្តល់អនុសាសន៍ ៣ចំណុចសំខាន់ៗដល់សិក្ខាកាម៖
ទី១-សុំឱ្យគណៈគ្រប់គ្រងសាលាទាំងអស់ ត្រូវមានមនសិការវិជ្ជាជីវៈខ្ពស់ ស្រឡាញ់សិស្សដូចកូនចៅ និងមានការទទួលខុសត្រូវលើអនាគតរបស់ក្មេងជំនាន់ក្រោយ។
ទី២-ត្រូវយកចិត្តទុកដាក់លើសោភ័ណភាពសាលារៀន និងបរិស្ថានសិក្សា ដែលមានសុវត្ថិភាព ដើម្បីឱ្យសិស្សមានក្តីសុខក្នុងការមករៀន។
ទី៣-ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាលា និងសហគមន៍ ហើយអាជ្ញាធរមូលដ្ឋានត្រូវបន្តតាមដានគាំទ្រដល់គ្រប់សកម្មភាពអប់រំ ដើម្បីធានាថាគ្មានសិស្សណាម្នាក់ត្រូវបោះបង់ការសិក្សា ដោយគ្មានមូលហេតុឡើយ។
លោក ហេង សុភាណា អភិបាលរងខេត្ត ជួសមុខឱ្យ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីនេះ ដោយបានសន្យាថា នឹងបន្តជំរុញគ្រប់ស្ថាប័នក្នុងខេត្តឱ្យចូលរួមគាំទ្រវិស័យអប់រំ ដើម្បីឱ្យខេត្តពោធិ៍សាត់ក្លាយជាតំបន់គំរូ នៃគុណភាពអប់រំ នៅក្នុងតំបន់៣នេះផងដែរ៕



















































