សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម» ខេត្តពោធិ៍សាត់ ជាសក្ខីភាពនៃចំណងមិត្តភាពដ៏រឹងមាំ
10-06-2026 12:56
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា រួមជាមួយ ឧត្តមសេនីយ៍ឯក ងៀន វ៉ន់ហ្គូវ សមាជិកគណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម» ខេត្តពោធិ៍សាត់។
ពិធីដ៏មហោឡារិកនេះ មានការអញ្ជើញចូលរួមពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា, មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម, ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងខេត្តដុងថាប់ ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ស្តូបមិត្តភាពនេះគឺជាសក្ខីភាពនៃការដឹងគុណ ចំពោះវីរកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតរួមជាមួយកងទ័ពកម្ពុជា ក្នុងការរំដោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ស្តូបនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លើផ្ទៃដី ១៥.០០០ម៉ែត្រការ៉េ ដោយមានកម្ពស់ ២១ម៉ែត្រ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃសមិទ្ធផលនេះ ដែលជាស្តូបចុងក្រោយគេ ក្នុងចំណោមបណ្តាខេត្តនានា ដោយបានរំលឹកពីប្រវត្តិដ៏ជូរចត់ និងវីរភាពនៃការតស៊ូរួមគ្នារវាងកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពកម្ពុជា។ សម្តេចបានសង្កត់ធ្ងន់ថា ទំនាក់ទំនងការទូត កម្ពុជា-វៀតណាម មានរយៈពេល ៥៩ឆ្នាំមកហើយ ហើយឆ្ពោះទៅឆ្នាំ២០២៧ កម្ពុជា-វៀតណាម នឹងប្រារព្ធខួបអនុស្សាវរីយ៍គម្រប់៦០ឆ្នាំ នៃចំណងមិត្តភាពការទូត ដែលជាសញ្ញាណនៃភាពរឹងមាំ និងការយល់ចិត្តគ្នាទៅវិញទៅមក។
ទន្ទឹមនឹងនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ។ សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវយន្តការច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
សម្តេចបានរំលឹកដោយក្តីឈឺចាប់ ចំពោះការឈ្លានពានដែលបង្កឡើងដោយភាគីថៃកន្លងមក ដែលតែងតែមានមហិច្ឆតាចង់បានទឹកដីកម្ពុជា រហូតឈានដល់ការផ្ទុះអាវុធ បណ្តាលឱ្យបាត់បង់អាយុជីវិតកងទ័ព និងប្រជាពលរដ្ឋស្លូតត្រង់ទាំងសងខាង។ សម្តេចបានអំពាវនាវឱ្យគ្រប់ភាគី គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ដើម្បីសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។
នៅកិច្ចបញ្ចប់នៃពិធី សម្តេចកិត្តិសង្គហបណ្ឌិត និងគណៈប្រតិភូ បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្តូបមិត្តភាព កម្ពុជា-វៀតណាម ដោយក្តីសង្ឃឹមយ៉ាងមុតមាំថា សមិទ្ធផលនេះនឹងក្លាយជាទីកន្លែង សម្រាប់បន្តពូនជ្រុំចំណងសាមគ្គីភាព រវាងប្រជាជាតិទាំងពីរ ក៏ដូចជាទីកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ៕









































































