ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន !
10-06-2026 13:27
(ភ្នំពេញ)៖ លោក កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ, ប្រធានក្រុមការងារទទួលបន្ទុកឃុំភ្នំបាត ឃុំផ្សារដែក និងឃុំវិហារលួង អមដោយសហការី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បាននាំយកថវិកា គ្រឿងឧបភោគ-បរិភោគ ដែលជាអំណោយរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ងុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងលោកស្រី ផ្តល់ជូនក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ចំនួនគ្រួសារ ១១១គ្រួសារ ដែលកំពុងរស់នៅឃុំភ្នំបាត ឃុំផ្សារដែក និងឃុំវិហារលួង។
ក្នុងឱកាសនោះ លោក កែវ បេងវឌ្ឍន៍ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្តេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពូជសាសន៍ ឬបក្សពួកនិយមអ្វីឡើយ។ សម្តេចតែងតែព្រួយបារម្ភ ពីទុក្ខលំបាករបស់ក្រុមគ្រួសារវិរ:កងទ័ពជួរមុខ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារទឹកដី ពីការឈ្លានពានប្រទេសសៀម។
ដោយឡែក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានគិតគូរយ៉ាងម្មត់ចត់ទៅលើទុក្ខលំបាក និងបាននាំយកអំណោយជូនដល់ក្រុមគ្រួសារវិរ:កងទ័ពជួរមុខនៅពេលនេះ។
ទន្ទឹមនេះលោក កែវ បេងវឌ្ឍន៍ ក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋនៅគ្រប់ទិសទី បន្តសាមគ្គីជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្នេហាជាតិ និងចេះជួយគ្នាក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបទុក្ខលំបាក រួបរួមគ្នាក្នុងស្មារតីខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងផ្តាំផ្ញើចំពោះអាជ្ញាធរមូលដ្ឋាន ដែលសហការគ្នាបានយ៉ាងល្អ ក្នុងការជួយដោះស្រាយក្នុងគ្រាលំបាក ជូនដល់ក្រុមគ្រួសារវិរ:កងទ័ពទាំងអស់បានទាន់ពេលវេលា។
សម្រាប់អំណោយត្រូវចែកជូន១១១ គ្រួសារដែលមកពីឃុំចំនួន៣ គឺ ឃុំភ្នំបាតចំនួន ៤៤ គ្រួសារ, ឃុំផ្សារដែកចំនួន ២៣ គ្រួសារ និងឃុំវិហារលួងចំនួន ៤៤ គ្រួសារ។ ដោយក្នុង ១គ្រួសារយុទ្ធជនជួរមុខទទួលបានថវិកាឧបត្ថម្ភចំនួន ២០០ ០០០ រៀល និងសម្ភារៈគ្រឿងឧបភោគបរិភោគមាន៖ អង្ករចំនួន ៥០ គីឡូក្រាម, ទឹកស៊ីអ៊ីវ ២ យួរ (១២ដប), ត្រីខចំនួន ៣០ កំប៉ុង និងសាច់ក្រកចំនួន ២ គីឡូក្រាម៕















