អភិបាលខេត្តព្រះវិហារ ប្រគល់ភារកិច្ចឱ្យលោកស្រី គីម គន្ធារីន ជាប្រធានស្តីទីមន្ទីរអប់រំ ជំនួសលោក ចេង លឹមហ៊ាន់ ដែលចូលនិវត្តន៍
10-06-2026 14:16
(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចេញដីកាសម្រេចប្រគល់ភារកិច្ចជូនលោកស្រី គីម គន្ធារីន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ជាប្រធានស្តីទី មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជំនួសលោក ចេង លីមហ៊ាន់ ដែលដល់អាយុចូលនិវត្តន៍។
យោងតាមដីការបស់រដ្ឋបាលខេត្តព្រះវិហារ ដែលចុះហត្ថលេខាដោយលោក គីម រិទ្ធី អភិបាលខេត្ត នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ មានខ្លឹមសារថា «ការប្រគល់ភារកិច្ចនេះមានគោលបំណងធានានិរន្តរភាពនៃការដឹកនាំ និងការគ្រប់គ្រងការងាររដ្ឋបាលទូទៅរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ រហូតដល់មានអនុក្រឹត្យតែងតាំងប្រធានមន្ទីរថ្មីជាផ្លូវការ»។
ក្នុងដីកាដដែល បានបញ្ជាក់ថា លោកស្រី គីម គន្ធារីន មានភារកិច្ចដឹកនាំ ចាត់ចែង និងសម្របសម្រួលការងារទាំងអស់របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ រដ្ឋបាលខេត្តបានណែនាំដល់នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរមុខងារសាធារណៈខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញទាំងអស់ ត្រូវសហការអនុវត្តដីកានេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕








