បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន២៥០នាក់នៅ ស្រុកសំពៅលូន ខេត្តបាត់ដំបង
10-06-2026 14:20
(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសំពៅលូន ខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសសេចក្តីសម្រេចបញ្ចូលសមាជិកគណបក្សប្រជាជនចំនួន២៥០នាក់ ក្រោមអធិបតីភាពលោកបណ្ឌិត ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត។
ក្នុងពិធីនោះក៏មានការអញ្ជើញជាអធិបតីពីលោក សួន សារុនប្រធានមន្ទីរគណបក្សខេត្តបាត់ដំបង លោក នី កន អនុប្រធានក្រុមការងារបក្សចុះជួយស្រុកសំពៅលូន ព្រមទាំងថ្នាក់ដឹកនាំ សមាជិក នៃក្រុមការងារចលនាកសាង សមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត, ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តបាត់ដំបង, ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សមូលដ្ឋាន ជាច្រើផងដែរ។
នៅក្នុងឱកាសនោះ លោកបណ្ឌិត ភឺន ផល្លា បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់និងគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរឬសាសនាអ្វីឡើយ។ ចំពោះបងប្អូនសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន២៥០នាក់ ដែលទើបបញ្ចូលថ្មី ដែលសម្រេចចិត្តដ៏ត្រឹមត្រូវសុំចូលជាសមាជិកពេញសិទ្ធិ នៃគណបក្សប្រជាជនកម្ពុជានៅពេលនេះ ត្រូវខិតខំប្រឹងប្រែងបម្រើគណបក្សឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមកសាងប្រទេស ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត។
គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងដឹកនាំប្រកបដោយភាពជឿជាក់ បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញផ្ទៃប្រទេស និងបានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ តែងតែនៅរួមរស់ជាមួយបងប្អូនប្រជាពលរដ្ឋ មិនរត់ចោលប្រជាពលរដ្ឋ និងបានកសាងប្រទេសជាតិ ឱ្យរីកចម្រើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ ទាំងនេះគឺជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោកបណ្ឌិត ភឺន ផល្លា បានសង្កត់ធ្ងន់ទៀតថា សន្តិភាពនៃការបង្រួបបង្រួមជាតិរបស់សម្ដេចតេជោ ហ៊ុន សែន តាមការអនុវត្តគោលនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព ការអភិវឌ្ឍពេញផ្ទៃប្រទេស។ ការចាកចេញពីគណបក្សផ្សេងមករួមរស់ ជាមួយគណបក្សប្រជាជន គឺជាគណបក្សដែលបងប្អូន ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបាន។
លោកថា ពិធីបញ្ចូលសមាជិកគណបក្សថ្មី នាថ្ងៃនេះ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ពី ភ្លូកទឹក ភ្លូកដី ពីប្រជាពលរដ្ឋរបស់យើង។ ទាំងនេះគឺដោយសារការមើល ឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
មុននឹងបញ្ចប់ លោកបណ្ឌិតបានអំពាវនាវសមាជិក សមាជិកាទាំងអស់ ចាប់ផ្តើមបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន និងសូមចងចាំជានិច្ចនូវបណ្តាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺការគោរពវិន័យ ការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងត្រូវមានសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ច៕




















