អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣
10-06-2026 14:22
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំអភិបាលខេត្តប៉ៃលិន និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិ ខេត្ត ប៉ៃលិន មុនចេញទៅប្រកួតក្រុមភ្លេង កាយ រឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និង ការ អភិវឌ្ឍ» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺកាយរឹទិ្ធជាតិកម្ពុជា បានចូលរួម អនុវត្តយ៉ាងសកម្មដល់ការអនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា ចំពោះការសិក្សាពេញមួយជីវិត និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ សំដៅរួមចំណែកអភិវឌ្ឍកម្មវិធីសម្រាប់កុមារ និងយុវជនកម្ពុជា ឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សរ៍ទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍ ឧស្សាហកម្ម ៤.០ និងបរិវត្ត កម្ម ឌីជីថល។
លោកស្រីបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការដឹកនាំរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា គឺជាប្រធានកាយរឹទិ្ធជាតិកម្ពុជា គឺក្នុងគោលបំណង អភិវឌ្ឍន៍ សមត្ថភាពយុវជនកាយរឹទ្ធិ ឱ្យមានសក្ដានុពល ពេញលេញផ្នែកផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ផ្លូវអារម្មណ៍ ព្រមទាំង ចូលរួមរក្សាក្រុមភ្លេងកាយរឹទ្ធិឱ្យមាន និរន្តរភាព ជាពិសេសលើកទឹកចិត្តដល់យុវជនកាយរឹទ្ធិឱ្យខិតខំប្រឹងប្រែង អភិវឌ្ឍន៍ សមត្ថភាព។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំ និងក្រុមយុវជនកាយរឹទ្ធិទាំងអស់ ត្រូវបន្ត អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនស្របតាមគោលបំណង គោលការណ៍ និងវិធីនៃចលនាកាយរឹទ្ធិ ព្រមទាំង ត្រូវបន្តពង្រឹងការគោរពវិន័យច្បាប់កាយរឹទ្ធិ និងពង្រីកការធ្វើអំពើល្អ សំដៅកសាងជនគំរូ ក្នុងជួរយុវជនឱ្យបាន កាន់តែ ច្រើន ឡើង ដើម្បីឱ្យសមាជិកកាយរឹទ្ធិទាំងអស់ក្លាយជាពលរដ្ឋល្អ និងមានសមត្ថភាពគ្រប់គ្រាន់ មានស្មារតីទទួល ខុស ត្រូវ ខ្ពស់ និងជាអ្នកបន្តវេនដ៏មានប្រសិទ្ធភាពក្នុងកិច្ចការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។
សូមរំលឹកថា កាយរឹទ្ធិជាតិបង្កើតឡើងក្នុងឆ្នាំ២០០០ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេច ហ៊ុន សែន។ ក្រុមកាយរឹទ្ធជាតិកម្ពុជា បានទទួលស្គាល់ជាសមាជិកពេញសិទ្ធិនៃអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ នៅថ្ងៃ១ ខែកក្កដា ឆ្នាំ២០០៨៕














