អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចំនួន៥ ចុះពិនិត្យលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែ និងការសាងសង់ស្ថានីយបូមទឹក ២ទីតាំង

10-06-2026 14:23

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានី មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌចំនួន៥ ចុះពិនិត្យមើលលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែ និងការសាងសង់ស្ថានីយបូមទឹក ចំនួន ២ទីតាំង ដែលជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យខណ្ឌនីមួយៗអនុវត្តកន្លងមក ដើម្បីធ្វើយ៉ាងណាកុំឱ្យជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនារដូវវស្សា។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការស្ដារប្រឡាយទាំងអស់នេះ គឺឡេីងស្របតាមផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ​ ដែលបានដាក់ឱ្យខណ្ឌនីមួយៗអនុវត្តកន្លងមក ហើយការងារនេះ ទទួលបានការគាំទ្រទាំងកញ្ចប់ថវិកា និងប្រេងឥន្ធនៈពីរដ្ឋបាលរាជធានីភ្នំពេញ រួមមាន ប្រឡាយទួលពង្រ១ ប្រឡាយលូប្រាំ ប្រឡាយហា និងប្រឡាយភូមិម័ល។

ចំណែកលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានថ្លែងថា៖ «នាឱកាសនៃការចុះពិនិត្យមើលឡាយជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយនឹងអាជ្ញាធរខណ្ឌ ធ្វើការជីកស្ដារប្រឡាយតភ្ជាប់ប្រឡាយទួលពង្រ ចាប់ពីផ្លូវតុងហ្គា រហូតដល់ប្រឡាយលូប្រាំ ជាមួយនឹងការដាក់លូខ្នាតធំ ឆ្លងកាត់ផ្លូវចំនួន២កន្លែង ជំនួសលូចាស់ដែលតូចចង្អៀត។

ក្រុមការងារនឹងបន្តស្ដារដៃប្រឡាយយទួលពង្រ និងបុកស៊ីផាយ ២កន្លែង ត្រង់ផ្ទះប្រជាពលរដ្ឋ សិក្សាដូរទីតាំងស្ថានីយបូមទឹក ក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ដើម្បីជៀសវាងផលប៉ះពាល់ ការរស់នៅរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះទៀត លោកអភិបាលរាជធានីភ្នំពពេញ ក៏បានណែនាំឱ្យបន្តស្ដារប្រឡាយភូមិម័ល និងការដាក់ភ្លើងបំភ្លឺសាធារណៈតាមផ្លូវស្របតាមប្រឡាយទួលពង្រ ក្នុងខណ្ឌពោធិ៍សែនជ័យនេះផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រឡាយទួលពង្រមានប្រវែង ៥ ៥៦៦ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ម្ដុំវត្តជម្ពូវ័នរហូតដល់ប្រឡាយលូប្រាំ។ ចំពោះសកម្មភាពស្ដារប្រឡាយទួលពង្រនេះ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានកាយប្រឡាយនេះ បានប្រមាណជាង ៤០០០ម៉ែត្រហើយ នៅសល់ប្រមាណជាង ១០០០ម៉ែត្រប៉ុណ្ណោះ ដែលក្រុមការងារបាននឹងកំពុងធ្វើការកាយដីភក់។ ការងារនេះអាចប្រើពេលប្រមាណជាមួយសប្តាហ៍ទៀតនឹងរួចរាល់ជាស្ថាពរ។

លោកស្រីបានបន្ថែមថា ក្រៅពីការចុះពិនិត្យលទ្ធផលស្តារប្រឡាយទាំងអស់នេះ អភិបាលរាជធានីភ្នំពេញ និងសហការី ក៏បានអញ្ជើញចូលពិនិត្យមេីលស្ថានភាព នៃការសាងសង់ស្ថានីយបូមទឹកលូប្រាំ និងស្ថានីយបូមទឹកបឹងតាម៉ាតផងដែរ។ ក្នុងនោះអភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធខិតខំធ្វេីយ៉ាងឱ្យការងារស្តារប្រឡាយទាំងអស់នេះឱ្យបានរួចរាល់ ដេីម្បីធានាកាត់បន្ថយការជន់លិចលំនៅឋានប្រជាពលរដ្ឋនារដូវវស្សាខាងមុខនេះ៕