អគ្គនាយក ARDB រំលឹកដល់កសិករ ពិចារណាចងក្រងជាក្រុមផលិត និងផ្លាស់ប្តូរទម្លាប់នៃការធ្វើកសិកម្ម ទៅជាអាជីពមួយច្បាស់លាស់ ដើម្បីទទួលបានផលចំណេញ

10-06-2026 14:29

(កំពត)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានរំលឹកដល់ប្រជាកសិករនៅក្រុងបូកគោ ខេត្តកំពតថា កសិករយើងអាចពិចារណាចងក្រងជាក្រុមផលិត នឹងផ្លាស់ប្តូរទម្លាប់នៃការធ្វើកសិកម្មឡើងវិញ ពីលក្ខណៈគ្រួសារទៅជាអាជីពមួយច្បាស់លាស់ ដើម្បីទទួលបានផលចំណេញច្រើន។

ការបញ្ជាក់ដូច្នោះរបស់បណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅក្រុងបូកគោ និងក្រុងកំពត ខេត្តកំពត ប្រមាណ ២០០នាក់។

ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បានបញ្ជាក់ថា ការធ្វើកសិកម្មរបស់បងប្អូនកសិករយើងពិតណាស់ តែងជួបការលំបាកច្រើនជារឿយៗ បញ្ហាធំគឺ រឿងផលិតបានហើយអត់ទីផ្សារលក់ បញ្ហាជីគីមីកសិកម្មឡើងថ្លៃ បញ្ហាបច្ចេកទេស និងបញ្ហាទុនផ្សេងៗ ដែលមានការប្រាក់ខ្ពស់ ប៉ុន្តែចំណុចនេះ គន្លឹះ ដើម្បីដោះស្រាយឱ្យកសិករយើងមានភាពប្រសើរ គឺ ការផ្លាស់ប្តូរទម្លាប់នៃការធ្វើកសិកម្មបែបថ្មី កុំធ្វើកសិកម្មដើម្បីតែចិញ្ចឹមឆ្នាំងបាយ ចេះប្រើបច្ចេកទេសទំនើបៗ ក្នុងការផលិតជីធម្មជាតិក្នុងស្រុកជំនួសវិញ ដែលនឹងកាត់បន្ថយការចំណាយទាំងស្រុងរួចអាចរកឃើញផលចំណេញ។

ត្រង់ចំណុចនេះ លោកបណ្ឌិតប្រតិភូ ស្នើឱ្យកសិករដែលមកពីតាមបណ្តាសង្កាត់ស្ថិតនៅក្នុងក្រុងកំពត និងក្រុងបូកគោ គួរគិតគូរពិចារណាចងក្រងជាក្រុមសម្រាប់ធ្វើរបរកសិកម្ម និងគិតគូរឲ្យបានច្បាស់លាស់ អំពីការធ្វើកសិកម្មបែបទំនើបវិញ ដើម្បីក្លាយជាអាជីព និងបានផលចំណេញច្រើន ជាពិសេសត្រូវចេះគិតគូរអំពីថ្លៃដើមផលិតក្នុង១ឯកតា មិនថាលើដំណាំស្រូវ បន្លែ និងចិញ្ចឹមសត្វនោះទេ ។

ជាចុងក្រោយ ដើម្បីដោះស្រាយលើបញ្ហាប្រឈមខាងលើ លោកបណ្ឌិតបានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយនឹងសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖ (១) ស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ ចម្លងសម្លេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត និង(២) ឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន គៃចំណេញលើកសិករ៕