ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកណ្ដាល ចែកប្លង់ដីជាង ១ម៉ឺនបណ្ណ ជូនពលរដ្ឋនៅក្រុងអរិយក្សត្រ

10-06-2026 15:40

(កណ្ដាល)៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១៦ ៣៦៥បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ១៣ភូមិ ស្ថិតនៅក្នុងសង្កាត់ចំនួន ០៣ នៃក្រុងអរិយក្សត្រ រួមមាន៖ សង្កាត់ព្រែកលួង សង្កាត់បារុង និងសង្កាត់ព្រែកអំពិល។

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងបរិវេណសាលាក្រុងអរិយក្សត្រ ក្រោមគណៈអធិបតីភាពលោក មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានសម្របសម្រួលដោះស្រាយវិវាទដីធ្លីខេត្តកណ្តាល, លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល។

លោក គួច ចំរើន បានកោតសរសើរមន្រ្តីជំនាញនៃការិយាល័យភូមិបាលក្រុងអរិយក្សត្រ និងមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំ វាស់វែងចុះបញ្ជីដី រហូតបានសម្រេចការចែកបណ្ណកម្មសិទ្ធិបង្ហើយ ជូនប្រជាពលរដ្ឋ នាពេលនេះ។

ជាមួយគ្នានេះ ដើម្បីធ្វើឱ្យសេវាដីធ្លី កាន់តែគៀកជិតប្រជាពលរដ្ឋ កុំឱ្យខាតពេលវេលារបស់ប្រជាពលរដ្ឋក្នុងការមកទទួលបណ្ណកម្មសិទ្ធិ លោក គួច ចំរើន បានណែនាំដល់ការិយាល័យច្រកចេញចូលតែមួយក្រុង ការិយាល័យ ប្រជាពលរដ្ឋក្រុង និងការិយាល័យភូមិបាលក្រុង ត្រូវបន្តខិតខំចាត់ចែងការងារនេះប្រកបដោយការទទួលខុសត្រូវ និងច្នៃប្រឌិត មានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ ដើម្បីប្រគល់ប័ណ្ណកម្មសិទ្ធិទាំងអស់ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។

អភិបាលខេត្ត បានថ្លែងថា ក្រុងអរិយក្សត្របានបញ្ចប់ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធរួចរាល់ហើយ តែការចែកបណ្ណជូនប្រជាពលរដ្ឋមិនទាន់មកយកបានគ្រប់គ្នានៅឡើយទេ ដូច្នេះមន្ត្រីជំនាញ និងអាជ្ញាធរក្រុង ត្រូវបន្តខិតខំរកកវិធីសាស្ត្រ ដើម្បីឱ្យម្ចាស់កម្មសិទ្ធិដីធ្លី រួសរាន់មកទទួលយកបណ្ណកម្មសិទ្ធិដីធ្លីរបស់ខ្លួន សម្រាប់ប្រើប្រាស់ស្របទៅតាមច្បាប់ឱ្យបានគ្រប់ៗគ្នា។

បន្ថែមពីលើនេះ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបានកម្មសិទ្ធិដីធ្លីទាំងអស់ សូមអញ្ជើញមកទទួលយកបណ្ណពីមន្ត្រីសូរិយោដី និងមន្ត្រីច្រកចេញចូលតែមួយ ស្ថិតក្នុងក្រុងអរិយក្សត្រ ជាពិសេស សូមបងប្អូនប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនាថ្ងៃនេះ មេត្តាជួយផ្សព្វផ្សាយ និងផ្ដាំផ្ញើបងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតឱ្យអញ្ជើញមកទទួលបានបណ្ណកម្មសិទ្ធិពីការិយាល័យច្រកចេញតែមួយក្រុងឱ្យបានគ្រប់ៗគ្នាផងដែរ។

ក្នុងឱកាសនោះលោក គួច ចំរើន បានណែនាំចំពោះអាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដាច់ខាតមិនត្រូវចុះហត្ថលេខាបញ្ជាក់ឯកសារផ្សេងៗពាក់ព័ន្ធនិងរឿងដីធ្លីជូនប្រជាពលរដ្ឋ ក្រៅពប័ណ្ណកម្មសិទ្ធិដីធ្លីដែលបានចុះបញ្ជី រួចហើយនោះទេ អាជ្ញាធរត្រូវទទួលស្គាល់តែបណ្ណកម្មសិទ្ធតែមួយគត់ប៉ុណ្ណោះ ជៀសវាងបង្កភាពស្មុគស្មាញ និងបង្កើតបញ្ហាផ្សេងៗ ពាក់ព័ន្ធនិងរឿងដីធ្លីតទៅទៀត បើមន្ត្រីណានៅតែបន្តចុះហត្ថលេខាទៀត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

បន្ថែមពីលើនេះ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ ត្រូវបំពេញភារកិច្ចជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋដ៏ល្អ ត្រូវតែស្មើភាពគ្នាក្នុងការទទួលបានប័ណ្ណ ដាច់ខាតកុំប៉ះពាល់ផលប្រយោជន៍ កុំដាក់លក្ខខណ្ឌដល់ប្រជាពលរដ្ឋ ក្នុងការទទួលបណ្ណកម្មសិទ្ធិ ជាពិសេសមន្ទីរ ដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវធ្វើការបូកសរុបប័ណ្ណដែលនៅសេសសល់ក្នុងមន្ទីរ រួមជាមួយបណ្ណកម្មសិទ្ធិដែលនៅសេសសល់ ដែលមិនទាន់ចុះហត្ថលេខា ត្រូវខិតខំធ្វើយ៉ាងណាចុះហត្ថលេខាបានរួចរាល់ទាន់ពេលវេលា សម្រាប់ចែជូនដល់ប្រជាពលរដ្ឋ នាពេលខាងមុខនេះ ដើម្បីបិទបញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងខេត្តកណ្ដាល៕