កម្ពុជាមើលឃើញបច្ចេកវិទ្យាចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន

10-06-2026 16:20

(ចិន)៖ ក្នុងឱកាសទស្សនកិច្ចសិក្សានៅក្រុមហ៊ុន SIASUN Robot & Automation នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញទស្សនៈវិជ្ជមានចំពោះសមិទ្ធផលបច្ចេកវិទ្យារបស់ប្រទេសចិន ជាពិសេសក្នុងវិស័យមនុស្សយន្ត បញ្ញាសិប្បនិម្មិត ស្វ័យប្រវត្តិកម្ម និងផលិតកម្មឆ្លាតវៃ។

លោក ប្រាក់ ថាវអមិដា បានមានប្រសាសន៍ថា បច្ចេកវិទ្យាមនុស្សយន្តដែលបានឃើញក្នុងអំឡុងពេលទស្សនកិច្ចនេះ បង្ហាញយ៉ាងច្បាស់ពីការរីកចម្រើនរបស់ប្រទេសចិនក្នុងការផ្លាស់ប្តូរពីផលិតកម្មបែបប្រពៃណី ទៅជាផលិតកម្មឆ្លាតវៃ ដែលមានមូលដ្ឋានលើបច្ចេកវិទ្យា នវានុវត្តន៍ និងប្រព័ន្ធឌីជីថល។

ជាមួយគ្នានេះដែរ លោក ប្រាក់ ថាវអមិដា បានបន្ថែមថា អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺមិនត្រឹមតែរូបរាង ឬសមត្ថភាពរបស់មនុស្សយន្តប៉ុណ្ណោះទេ ប៉ុន្តែគឺការរួមបញ្ចូលគ្នារវាងមនុស្សយន្ត បញ្ញាសិប្បនិម្មិត ឧបករណ៍ចាប់សញ្ញា ទិន្នន័យ និងខ្សែចង្វាក់ផលិតកម្មទាំងមូល។ ការរួមបញ្ចូលនេះអាចជួយបង្កើនប្រសិទ្ធភាព កាត់បន្ថយការងារដដែលៗ លើកកម្ពស់សុវត្ថិភាពការងារ និងពង្រឹងគុណភាពផលិតផល។

លោក ប្រាក់ ថាវអមិដា បានគូសបញ្ជាក់ថា តាមទស្សនៈរបស់កម្ពុជា សមិទ្ធផលបច្ចេកវិទ្យារបស់ចិនមានតម្លៃសំខាន់មិនត្រឹមតែសម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តល់ជាបទពិសោធន៍សម្រាប់បណ្តាប្រទេសអាស៊ាន រួមទាំងកម្ពុជា ក្នុងការជំរុញបរិវត្តកម្មឌីជីថល ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការធ្វើទំនើបកម្មឧស្សាហកម្ម។

លោក ប្រាក់ ថាវអមិដា បានបន្តថា បច្ចេកវិទ្យាមិនមែនជាឧបករណ៍ជំនួសមនុស្សនោះទេ ប៉ុន្តែជាឧបករណ៍ជួយពង្រឹងសមត្ថភាពមនុស្ស បង្កើនផលិតភាព និងបើកឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ចំពោះកម្ពុជា ការសិក្សាពីបទពិសោធន៍របស់ចិនក្នុងវិស័យបច្ចេកវិទ្យា និងផលិតកម្មឆ្លាតវៃ អាចជួយគាំទ្រដល់ចក្ខុវិស័យនៃការអភិវឌ្ឍសង្គមឌីជីថល និងសេដ្ឋកិច្ចឌីជីថលនាពេលអនាគត។

លោក ប្រាក់ ថាវអមិដា ក៏បានលើកឡើងពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា អាស៊ាន និងចិន ក្នុងវិស័យបច្ចេកវិទ្យា ដូចជា ការបណ្តុះបណ្តាលជំនាញឌីជីថល ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកនវានុវត្តន៍ ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យព័ត៌មាន និងទំនាក់ទំនងសាធារណៈ ព្រមទាំងការផ្សព្វផ្សាយចំណេះដឹងបច្ចេកវិទ្យាដល់យុវជន។

ជាចុងក្រោយ លោកបានវាយតម្លៃថា ទស្សនកិច្ចនៅក្រុមហ៊ុន SIASUN មិនត្រឹមតែជាឱកាសសិក្សាពីការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសំខាន់ក្នុងការមើលឃើញទិសដៅថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងអាស៊ាន-ចិន ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ ចីរភាព និងផលប្រយោជន៍រួម៕