សហរដ្ឋអាមេរិកប្រកាសផ្តល់ថវិកា ២៥ម៉ឺនដុល្លារបន្ថែមដល់កម្ពុជា ដើម្បីបន្តការងារការអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង
10-06-2026 16:31
(សៀមរាប)៖ ដើម្បីអបអរសាទរខួបលើកទី២៥០ នៃបុណ្យឯករាជ្យជាតិអាមេរិក និងខួបលើកទី២៥ នៃគម្រោងកម្មវិធីឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) លោកស្រី Katherine Diop អនុប្រធានស្តីទីស្ថានទូអាមេរិកប្រចាំភ្នំពេញ បានបញ្ជាក់ថា អាមេរិកសម្រេចផ្តល់ថវិកាចំនួន ២៥០ ០០០ដុល្លារបន្ថែម ក្រោមគម្រោងពិសេស «សេរីភាព ២៥០» នៃមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ដើម្បីបន្តគាំទ្រលើការងារអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង។
ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រី Katherine Diop នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២ របស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប ដោយមានការចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរជាតិអប្សរា និងភាគីពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។
លោកស្រីបន្តថា នេះគឺជានិមិត្តរូបនៃភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌បានចូលរួមចំណែកការពារទ្រព្យសម្បត្តិវប្បធម៌ដ៏មានតម្លៃ របស់កម្ពុជា តាមរយៈការរួមបញ្ចូលគ្នារវាងការច្នៃប្រឌិតរបស់អាមេរិក និងជំនាញបច្ចេកទេសក្នុងស្រុក យើងនឹងធានាបានថា ទីតាំងប្រវត្តិសាស្ត្រនានា ដូចជា៖ ភ្នំបាខែងនឹងត្រូវបានថែរក្សាគង់វង្សទុកសម្រាប់ អ្នកជំនាន់ក្រោយៗទៀត។
លោកស្រីបានបន្តថា អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ អ្នកជំនាញអាមេរិក បានជួយការពាររតនសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់កម្ពុជា ព្រមទាំងបានបំពាក់បំប៉នអ្នកជំនាញក្នុងស្រុកនូវឧបករណ៍ និងចំណេះដឹងចាំបាច់នានា ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងអភិរក្សទៅថ្ងៃអនាគត។
លោកស្រីបន្ថែមថា សសរស្តម្ភដ៏សំខាន់មួយនៃការគាំទ្រនេះ គឺកម្មវិធីបណ្តុះបណ្តាល និងផ្តល់វិញ្ញាបនបត្រសម្រាប់បុគ្គលិក បច្ចេកទេស និងអ្នកជំនាញអភិរក្សនៅតំបន់អង្គរ។ កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានផ្តួចផ្តើមឡើង ដោយស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ តាមរយៈពីមូលនិធិ AFCP ក្នុងឆ្នាំ២០២៣ ដោយមានការសហការរៀបចំឡើងរវាងអង្គការមូលនិធិប្រាសាទពិភពលោក និងអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើស្តង់ដារកម្មសមត្ថភាពបច្ចេកទេស និងធ្វើឱ្យការគ្រប់គ្រងប្រកបដោយចីរភាព។
លោកស្រីបន្តទៀតថា កម្មវិធីនេះក៏បានពង្រឹងការយល់ដឹងដល់សិក្ខាកាម អំពីឧទ្យានបុរាណវិទ្យាអង្គរ ប្រវត្តិសាស្ត្រមានសារៈសំខាន់ និងតម្លៃជាអន្តរជាតិ ព្រមទាំងជំរុញឱ្យមានការចូលរួមកាន់តែខ្លាំងក្លាក្នុងការគ្រប់គ្រងប្រកបដោយចីរភាព។
លោកស្រី Katherine Diop បញ្ជាក់ថា ស្របពេលដែលសហរដ្ឋអាមេរិកប្រារព្ធខួប ២៥០ ឆ្នាំនៃទិវាឯករាជ្យជាតិ ហើយមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ប្រារព្ធខួបលើកទី២៥ របស់ខ្លួននៅទូទាំងពិភពលោក សមិទ្ធផលទាំងនេះ គឺជាការឆ្លុះបញ្ចាំង ប្រកបដោយមោទនភាពនៃឧត្តមភាពរបស់អាមេរិក និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអភិរក្សនូវរតនសម្បត្តិវប្បធម៌ដ៏អស្ចារ្យបំផុតមួយរបស់មនុស្សជាតិ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា ក្នុងរយៈពេល២៥ឆ្នាំមកនេះ តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌នៅកម្ពុជា សហរដ្ឋអាមេរិក បានផ្តល់មកកម្ពុជានូវថវិកាប្រមាណជា ៥លានដុល្លារ។ ក្នុងនោះ ៤លានដុល្លារ ផ្តោតទៅលើការអភិរក្សប្រាសាទភ្នំបាខែង ដែលជាសំណង់ស្ថាបត្យកម្មរាប់ពាន់ឆ្នាំរបស់ដូនតាខ្មែរ និងត្រូវបានជួសជុលជាបន្តបន្ទាប់ ដើម្បីឱ្យប្រាសាទមានទ្រង់ទ្រាយល្អឡើងវិញ។
លោកជំទាវបណ្ឌិតសភាចារ្យ បញ្ជាក់ថា តាមរយៈមូលនិធិនេះ ក្រៅពីការអភិរក្សប្រាសាទភ្នំបាខែង អាមេរិកក៏បានជួយជួសជុល និងអភិរក្សប្រាសាទនៅតំបន់អង្គរ ដូចជា៖ ប្រាសាទព្រះខ័ន, អង្គរវត្ត និងប្រាសាទតាសោម ព្រមទាំងជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កូនខ្មែរ។
លោកជំទាវបណ្ឌិតសភាចារ្យ បន្ថែមថា ជាពិសេសទៀតនោះ ផ្អែកលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ អាមេរិកក៏មានតួនាទីធំបំផុតជួយគាំទ្រកម្ពុជា ក្នុងការស្វែងរក និងបញ្ជូនវត្ថុបុរាណរបស់ខ្មែរដែលបានបាត់បង់ នៅក្នុងសម័យសង្គ្រាមត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។
សូមជម្រាបថា បច្ចុប្បន្នរាល់ការងារអភិរក្សនៅប្រាសាទភ្នំបាខែង គឺត្រូវបានអនុវត្តដោយកម្លាំងពលកម្មក្នុងស្រុក ដែលទទួលបានការបណ្តុះបណ្តាល និងមានវិញ្ញាបនបត្រត្រឹមត្រូវ ហើយបម្រើការងារនៅអង្គការមូលនិធិប្រាសាទពិភពលោក ដែលនេះជាការលើកកម្ពស់ការងារជំនាញ និងការផ្ទេរចំណេះដឹងរយៈពេលវែង នៅក្នុងវិស័យបេតិកភណ្ឌរបស់កម្ពុជា៕


















