អធិការនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប ទទួលឧបត្ថម្ភសូឡាពីសប្បុរសជន ដើម្បីដាំបំភ្លឺតាមផ្លូវជាតិលេខ៦ ក្នុងឃុំកណ្តែក
10-06-2026 16:41
(សៀមរាប)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានដឹកនាំមន្រ្តីនគរបាល និងមានការចូលរួមពីអាជ្ញាធរផងនោះ បានយកដើមសូឡា ចំនួន២៥ដើម យកទៅដាំបំភ្លឺតាមផ្លូវជាតិលេខ៦ ចាប់ពីស្ពានរលំ ដល់ស្ពានក្អែក ក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ បានបញ្ជាក់ថា ដើមសូឡាទាំង២៥ដើមនេះ លោកទទួលបានឧបត្ថម្ភពីបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនក្នុងមូលដ្ឋាន ដើម្បីចូលរួមដាក់បំភ្លឺផ្លូវកាត់បន្ថយការប្រព្រឹត្តបទល្មើសនានា និងការធ្វើដំណើរស្រួលរបស់ប្រជាពលរដ្ឋ។
លោកបានលើកឡើងពីការយកចិត្តទុកដាក់របស់ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ ហួត សុធី និងអភិបាលស្រុក ដែលតែងតែចង្អុលបង្ហាញ ចូលរួមសកម្មភាពទាំងឡាយណាដែលរុញឲ្យភូមិឃុំមានសុវត្ថិភាព។
លោកសូមថ្លែងអំណរគុណបងប្អូនសប្បុរសជន ដែលបានបរិច្ចាគថវិកាសម្រាប់ការទិញដើមសូឡា សម្រាប់ការបំភ្លឺតាមដងផ្លូវ ហើយលោកក៏នៅតែអំពាវនាវបន្តទៀត ពីការចូលរួមរបស់បងប្អូន៕




































