អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងជំនាញការវៀតណាម ខេត្តហ្សាឡាយ ចំនួន៨ ត្រូវបានធ្វើមាតុភូមិនិវត្ដ បន្ទាប់ពីបានរុករកឃើញ ក្នុងរដូវប្រាំង ឆ្នាំ២០២៥-២០២៦ ក្នុងភូមិសាស្រ្តខេត្តរតនគិរី
10-06-2026 16:44
(រតនគិរី)៖ ពិធីគោរពវិញ្ញាណក្ខន្ធ និងធ្វើមាតុភូមិនិវត្ដ នៃអដិ្ឋធាតុកងទ័ព និងជំនាញការវៀតណាម ចំនួន៨ ត្រូវបានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្ដរតនគិរី នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រៀបចំធ្វើឡើងនៅបរិវេណស្តូបអនុស្សាវរីយ៍មិត្តភាព កម្ពុជា-វៀតណាម ស្ថិតនៅសង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមមានលោកម៉ា វិចិត្រ អភិបាលរងខេត្ដ និងជាប្រធានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តរតនគិរី និងលោកស្រីង្វៀង ធីថាញ់លីច អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការរុករកអដ្ឋិធាតុខេត្ដហ្សាឡាយ ។
ថ្លែងក្នុងពិធីនេះលោក ម៉ា វិចិត្រ ក្នុងនាមថ្នាក់ដឹកនាំខេត្ដ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ដរតនគិរី សូមសម្តែងនូវការដឹងគុណ និងស្មារតីចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាននូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកងទ័ពស្ម័គ្រចិត្ដ និងជំនាញការវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញ របស់ជាតិ និងប្រជាជនកម្ពុជា។
ព្រមជាមួយនេះ លោកសូមលំឱនកាយ សង្រួមចិត្តគោរពវិញ្ញាណក្ខន្ធដល់កងទ័ពដែលបានបាត់បង់ជីវិត ហើយសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់កងទ័ពស្ម័គ្រចិត្ដ និងជំនាញការវៀតណាម ដែលមានអដ្ឋិធាតុជួបជុំនៅទីនេះ ពេលនេះ សូមបន្ដស្ថិតនៅក្នុងឋានសុគតិភព និងធ្វើមាតុភូមិនិវត្ដន៍ដោយមង្គល ដើម្បីបានជួបជុំគ្រួសារ សាច់ញាតិ បងប្អូនរបស់ខ្លួនកុំបីឃ្លៀងឃ្លាតឡើយ៕





















