ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអប់រំខេត្តព្រះវិហារ រៀបចំពិសារអាហារសាមគ្គីមហាគ្រួសារមន្ទីរអប់រំ និងរំលឹកគុណលោក ចេង លឹមហ៊ាន់ ដែលចូលនិវត្តន៍
10-06-2026 16:48
(ព្រះវិហារ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីពិសារអាហារសាមគ្គីមហាគ្រួសារមន្ទីរអប់រំ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ ដើម្បីជួបជុំសំណេះសំណាល និងរំលឹកគុណចំពោះលោក ចេង លឹមហ៊ាន់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ដែលត្រូវចូលនិវត្តន៍។
ក្នុងឱកាសនោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានសម្តែងនូវការគោរព ស្រឡាញ់ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានមន្ទីរ ដែលកន្លងមកបានខិតខំបំពេញភារកិច្ចដឹកនាំការងារវិស័យអប់រំក្នុងខេត្តអស់រយៈពេលជាច្រើនឆ្នាំ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអប់រំ បាននាំគ្នាជូនកន្ត្រកផ្កា និងវត្ថុអនុស្សាវរីយ៍ផ្សេងៗជូនលោក ចេង លឹមហ៊ាន់ ដើម្បីជាការថ្លែងអំណរគុណចំពោះការដឹកនាំប្រកបដោយព្រហ្មវិហារធម៌ ការយកចិត្តទុកដាក់ និងការផ្តល់កម្លាំងចិត្តដល់មន្ត្រីក្រោមឱវាទគ្រប់លំដាប់ថ្នាក់កន្លងមក។
ពិធីបានបង្ហាញពីក្តីស្រឡាញ់ និងការចងចាំចំពោះថ្នាក់ដឹកនាំដែលបានបន្សល់ទុកនូវស្នាដៃ និងគំរូល្អក្នុងការបំពេញការងារ ស្របតាមសុភាសិតបុរាណខ្មែរ ដែលថា៖ «នៅឱ្យគេស្រឡាញ់ ទៅឱ្យគេនឹក»។
ពិធីនេះក៏បានបង្ហាញនូវបរិយាកាសរីករាយ សាមគ្គីភាព និងពោរពេញដោយអារម្មណ៍ក្តុកក្តួល ដែលស្តែងឱ្យឃើញពីទំនាក់ទំនងល្អ និងការគោរពរាប់អានរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ។
យោងតាមដីការបស់រដ្ឋបាលខេត្តព្រះវិហារ ដែលចុះហត្ថលេខាដោយលោក គីម រិទ្ធី អភិបាលខេត្ត នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចប្រគល់ភារកិច្ចជូនលោកស្រី គីម គន្ធារីន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ជាប្រធានស្តីទី មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជំនួសលោក ចេង លីមហ៊ាន់ ដែលចូលនិវត្តន៍។ ការប្រគល់ភារកិច្ចនេះមានគោលបំណងធានានិរន្តរភាពនៃការដឹកនាំ និងការគ្រប់គ្រងការងាររដ្ឋបាលទូទៅរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ រហូតដល់មានអនុក្រឹត្យតែងតាំងប្រធានមន្ទីរថ្មីជាផ្លូវការ៕













